Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោកផ្ទេរដំណែងជូនប្រធានថ្មីដើម្បីដឹកនាំបន្តសម្រាប់អាណត្តិ2023

Media LNN | Mar 11, 2023
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោកផ្ទេរដំណែងជូនប្រធានថ្មីដើម្បីដឹកនាំបន្តសម្រាប់អាណត្តិ2023
Clinic narith

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ អគ្គរាជទូត ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានដឹកនាំកិច្ចប្រជុំលើកទី១ ប្រចាំឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាស្ដីពីពាណិជ្ជកម្មសេវាក្នុងនាមជាប្រធាននៃក្រុមប្រឹក្សា ហើយក៏បានផ្ទេរដំណែងជាប្រធានជូនចំពោះលោកស្រី Tsvetelina Georgieva DIMITROVA នៃប្រទេសប៊ុលហ្ការី ដើម្បីដឹកនាំបន្តសម្រាប់អាណត្តិឆ្នាំ២០២៣។

 

នៅក្នុងតួនាទីជាប្រធាននៃក្រុមប្រឹក្សាស្ដីពីពាណិជ្ជកម្មសេវាដែលចាប់ផ្ដើមពីខែមីនា ឆ្នាំ២០២២ រហូតដល់ខែមីនា ឆ្នាំ២០២៣ កម្ពុជាបានដឹកនាំក្រុមប្រឹក្សាក្នុងកិច្ចពិភាក្សានានាក្រោមការទទួលខុសត្រូវរបស់ក្រុមប្រឹក្សារួមមាន កម្មវិធីការងារស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកលែងចំពោះវិស័យសេវាសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ក៏ដូចជាក្ដីបារម្ភពាណិជ្ជកម្មផ្សេងៗរវាងសមាជិកនិងសមាជិក។ ក្រោយពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១២ នៃអង្គការពាណិជ្ជកម្មពិភពលោក ដែលបានធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាស្ដីពីពាណិជ្ជកម្មសេវា ត្រូវបានផ្ដល់ជូននូវអាណត្តិមួយចំនួនបន្ថែមទៀតដើម្បីដោះស្រាយ និងជំរុញបន្ថែម។ ជាលទ្ធផលនៃកិច្ចពិភាក្សាជាមួយសមាជិកទៅលើការឆ្លើយតបនិងអនុវត្តអាណត្តិដែលបានផ្ដល់ជូនដល់ក្រុមប្រឹក្សា កម្ពុជាបានដឹកនាំឲ្យមានការព្រមព្រៀងដោយសមាជិកទាំងមូលលើប្រធានបទដូចតទៅ៖

រៀបចំកម្មវិធីចែលរំលែកព័ត៌មានក្រៅផ្លូវការស្ដីពីផលប៉ះពាល់របស់ជំងឺកូវីដ-១៩ ទៅលើវិស័យសេវាជារួម និងការប៉ះពាល់ដល់ប្រទេសអភិវឌ្ឍន៍តិចតួច

ពិភាក្សាបន្តលើការជំរុញនិងលើកកម្ពស់ប្រតិបត្តិការពេញលេញនៃការលើកលែងចំពោះវិស័យសេវាសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីពង្រីកការចូលរួមរបស់ប្រទេសអភិវឌ្ឍន៍តិចតួចលើការធ្វើពាណិជ្ជកម្មសេវា និងការកសាងស្ថិតិការនាំចេញសេវាដោយប្រទេសអភិវឌ្ឍន៍តិចតួច

កំណែទម្រង់មួយចំនួនដែលសម្រួលដល់ការរៀបចំកិច្ចប្រជុំ និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រព្រឹត្តទៅនៃកិច្ចប្រជុំ ក៏ដូចជាសម្រួលដល់ការចូលរួមរបស់សមាជិកនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សា

ចងក្រងខ្លឹមសារនៃកិច្ចពិភាក្សាកន្លងមកលើកម្មវិធីការងារស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីបំផុសបំផុលកិច្ចពិភាក្សាបន្តទៀត។

ការធ្វើជាប្រធាននៃក្រុមប្រឹក្សានេះ ជាកិត្តិយសមួយរបស់កម្ពុជា ក្នុងការរួមចំណែកដល់ការងារពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ហើយកម្ពុជានឹងបន្តចូលរួមវិភាគទានដល់ដំណើរការនេះ នៅក្នុងគ្រប់សកម្មភាពនិងការងារនៅអង្គការពាណិជ្ជកម្មពិភពលោក៕