Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ICAPP និង ACC ចេញសេចក្តីប្រកាសព័ត៌មានរួម​ស្តីពីលទ្ឋផលនៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាសុីលើកទី២តាមប្រព័ន្ឋអុីនធឺណែត

Admin Alynana | Mar 19, 2021
ICAPP និង ACC ចេញសេចក្តីប្រកាសព័ត៌មានរួម​ស្តីពីលទ្ឋផលនៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាសុីលើកទី២តាមប្រព័ន្ឋអុីនធឺណែត
Clinic narith

សេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC)លើកទី ២តាមរយៈប្រព័ន្ធអ៊ីនធឺណែត ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ មានខ្លឹមសារដូចខាងក្រោម

​ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC)និងសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី(ICAPP)បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ ក្រោមប្រធានបទ​ស្តីពី «ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍សម្រាប់វិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩» តាមប្រព័ន្ធអ៊ីនធឺណែត ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានស្ថាបនិកកិត្តយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី បានផ្ញើរសារលិខិតសារអបអរសាទរចំពោះកិច្ចប្រជុំនេះ ដោយផ្តោតទៅលើការរួមគ្នាដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាអន្តរជាតិលើការអភិវឌ្ឍ និងនវានុវត្តន៍ដោយមានវប្បធម៌ជាចលករ ដើម្បីសម្រេចឱ្យបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ 

ឯកឧត្តម មោហាម៉ាត់ យូសូស កាឡា អតីតអនុប្រធានាធីបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងឯកឧត្តម ខាកាប្រាសាដ សាម៉ា អូលី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋនេប៉ាល់ ក៏បានផ្ញើរលិខិតអបអរសាទរផងដែរ។ស្របពេលជាមួយគ្នានេះ ឯកឧត្តម អង់ដ្រេ ឃ្លីម៉ុស នៃគណបក្សរួបរួមរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី បានបង្ហាញពីចេតនាចែករំលែកវ៉ាក់សាំង Covid-19 ចុងក្រោយរបស់រុស្ស៊ីដល់សមាជិកនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី។

​កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ចូហ្សេ ដឺវេណេស្សា (Hon. Jose de Venecia) ប្រធានស្ថាបនិកអង្គការ ICAPP និងជាសហប្រធានស្ថាបនិក ACC និងលោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អនុប្រធាន ICAPP និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ដោយមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់នៅក្នុងទ្វីបអាស៊ី និងតំណាងគណបក្សនយោបាយសំខាន់ៗក្នុងក្របខណ្ឌ ICAPP រួមជាមួយអ្នកសង្កេតការណ៍មកពី ការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាគម្រោង (UNOPS) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងស្ថាប័នដ៏ទៃទៀត។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សួស យ៉ារ៉ា អគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ីបានរាយការណ៍ជូនអង្គប្រជុំអំពីសមិទ្ធិផលនានានៃក្រុមប្រឹក្សាវប្បធម៌អាស៊ី បន្ទាប់ពីបានរៀបចំកិច្ចប្រជុំលើកទីមួយរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកដីសៀមរាបអង្គរ ប្រកបដោយជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ។ 

​​​អង្គការ​យូណេស្កូ បានទទួលស្គាល់ថា «ក្រុមប្រឹក្សាវប្បធម៌អាស៊ី»ជា​ដៃគូសហប្រតិបត្តិការដ៏ល្អមួយលើកិច្ចការវប្បធម៌ ហើយអង្គការទាំងពីរបានសហការគ្នាស្រាវជ្រាវអំពីគោលនយោបាយវប្បធម៌នៅអាស៊ី ដើម្បីផ្តល់ទិន្នន័យនៃការស្រាវជ្រាវនេះសម្រាប់កិច្ចប្រជុំវេទិការដ្ឋមន្រ្តីវប្បធម៌លើកទី១៩នៅទីក្រុងប៉ារីស កាលពីឆ្នាំ ២០១៩។ អង្គការយូណេស្កូបានទទួលស្គាល់ក្រុមប្រឹក្សាវប្បធម៌អាស៊ីថាជាអង្គការវប្បធម៌​ក្នុងតំបន់ដំបូងគេ ដែលបាននិងកំពុងជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈវប្បធម៌។

លើសពីនេះ ក្រុមប្រឹក្សាវប្បធម៌អាស៊ីបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួនពីរជាមួយនឹងរដ្ឋបាលខេត្តឃ្យុងសាងប៊ុគដូ និងអង្គការទីក្រុងបេតិកភណ្ឌពិភពលោកស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌។ ក្រុមប្រឹក្សាវប្បធម៌អាស៊ីបាននិងកំពុងអនុវត្តន៍គម្រោងភូមិតេជោគំរូ១០០ដើម្បីលើកកម្ពស់វប្បធម៌សន្តិភាព ការអភិវឌ្ឍ​ប្រកបដោយចីរភាព ការតភ្ជាប់មនុស្សជាតិ និងនវានុវត្តន៍។ គម្រោងនេះត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល់ហិរញ្ញប្បទាន ដើម្បីអនុវត្តជំហ៊ានសាកល្បងនៅក្នុងភូមិចំនួនពីរនៅកម្ពុជាក្នុងរយៈពេល ៤ ឆ្នាំចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ។

​ក្រោយពីមានការពិភាក្សាយ៉ាងក្បោះក្បាយទៅលើប្រធានបទវប្បធម៌ និងនវានុវត្តន៍សម្រាប់វិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩ ដោយមានការធ្វើបទបង្ហាញពីអ្នកជំនាញ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌លើកទី ២ បានអនុម័តជាឯកច្ឆន្ទនូវសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលបានសង្កត់ធ្ងន់ទៅលើចំណុចសំខាន់ៗដូចជា៖ 

1. ការប្តេជ្ញារបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ីក្នុងការកៀរគរធនធានដើម្បីបង្កើនភាពសម្បូរបែបនៃវប្បធម៌ធ្វើជាចលករ ដើម្បីកសាងសេដ្ឋកិច្ចឡើងវិញឱ្យកាន់តែរឹងមាំ ក្រោយការរីករាលដាលនៃជំងឺកូវីដ១៩។
2. ការទទួលស្គាល់នូវភាពចាំបាច់ដើម្បីជំរុញការវិនិយោគបន្ថែមទៀតទៅលើការច្នៃប្រឌិត និងការអភិវឌ្ឍដែលជំរុញដោយវប្បធម៌រួមទាំងកិច្ចសហការអន្តរជាតិដើម្បីជម្រុញវិស័យច្នៃប្រឌិតវប្បធម៌ដើម្បីភាពរុងរឿងរួមគ្នា។
3. កិច្ចសហប្រតិបត្តិការក្នុងការប្រារព្ធព្រឹត្តិការណ៍វប្បធម៌ជាសាធារណៈ​ តាមរយៈប្រព័ន្ធអ៊ីនធឺណែត ឬការជួបគ្នាដោយផ្ទាល់ ដោយផ្តោតលើគំនិតផ្តួចផ្តើមវប្បធម៌ រួមមានការរត់ម៉ារ៉ាតុងវប្បធម៌     គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ គម្រោងផ្លូវសូត្ររបស់អង្គការយូណេស្កូ និងគម្រោងដទៃទៀតក្នុងចំណោមប្រទេសជាសមាជិក ដើម្បីលើកកម្ពស់សន្តិភាពយូរអង្វែង ភាពសុខដុម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

​ជាចុងបញ្ចប់ កិច្ចប្រជុំបានបានសម្តែងនូវការកោតសរសើរចំពោះលេខាធិការដ្ឋាន ICAPP និងACC ដែលបានរៀបចំកិច្ចប្រជុំ ACC លើកទី២ ប្រកបដោយជោគជ័យ។ កិច្ចប្រជុំបានលើកទឹកចិត្តឱ្យ​ក្រុមប្រឹក្សាវប្បធម៌អាស៊ី ធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយលេខាធិការដ្ឋាន ICAPP សមាជិក ICAPP ក្រុមបញ្ញាវ័ន្ត អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល សាជីវកម្មឯកជន ដើម្បីអនុវត្តនូវការប្តេជ្ញាចិត្តដែលបានរៀបរាប់ខាងលើនិងស្វែងរកគម្រោងប្រកបដោយនវានុវត្តន៍ នានាដូចជាគម្រោង ភូមិតេជោគំរូ១០០ដើម្បីសម្រេចបាននូវកំណើនបៃតង ការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងវិបុលភាពរួមគ្នាសម្រាប់មនុស្សជាតិ៕