Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ADB ព្យាករណ៍សេដ្ឋកិច្ចកម្ពុជាថា នឹង​មានការកើនឡើង ៤,០% នៅ​ឆ្នាំនេះ និង ៥,៥% ក្នុង​ឆ្នាំ ២០២២

Sang Kim | Apr 28, 2021
ADB ព្យាករណ៍សេដ្ឋកិច្ចកម្ពុជាថា នឹង​មានការកើនឡើង ៤,០% នៅ​ឆ្នាំនេះ និង ៥,៥% ក្នុង​ឆ្នាំ ២០២២
Clinic narith

ភ្នំពេញៈ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើនឡើង ៤,០% នៅ​ឆ្នាំនេះ និង ៥,៥% ក្នុង​ឆ្នាំ ២០២២ ដោយសារ​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ ដែល​ជួយ​ជំរុញ​តម្រូវការ សម្រាប់​ការនាំចេញ​របស់​ប្រទេស​កម្ពុជា នេះ​បើ​យោងតាម​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ចេញផ្សាយ​នៅ​ថ្ងៃទី ២៨ មេសា​នេះ។

នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ ADB លោកស្រី SunniyaDurrani-Jamal បាន​មានប្រសាសន៍ ថា “សេដ្ឋកិច្ច​កម្ពុជា​បាន​ធ្លាក់ចុះ ៣,១% ក្នុង​ឆ្នាំ ២០២០ ដោយសារ​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ ១៩។ រាជរដ្ឋាភិបាល​បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស ចំពោះ​ករណី​ថ្មីៗ​ដែល​បាន​កើតឡើង ហើយ​យើង​រំពឹង ថា​សេដ្ឋកិច្ច​នឹង​វិលត្រឡប់​មករក​កំណើន​វិញ​ក្នុង​ឆ្នាំ ២០២១។ កំណើន​នេះ​នឹង​ជួយ​បង្កើន​ប្រាក់ចំណូល គ្រួសារ ប៉ុន្តែ​មិនមែន​គ្រប់​វិស័យ​ និង​តំបន់​ទាំងអស់​នឹង​ទទួលបាន​ប្រយោជន៍​នេះ​ស្មើគ្នា​នោះទេ ដូច្នេះ​វា​ចាំបាច់​ណាស់​ក្នុង​ការតាមដាន​មើល​ជីវភាព​គ្រួសារ​ទាំងឡាយ ក៏ដូចជា​តម្រូវ​ការគាំទ្រ​បន្ថែម ឱ្យបាន​ដិតដល់"។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា​សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ងើប​ឡើងវិញ​ នៅពេល​ដែល​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​បាន​លឿន និង​ច្រើន។

លោក​ថ្លែងថា៖ «យើង​អាច​ប៉ាន់ស្មាន​ពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ទៅបាន​ទាល់តែ​យើង​បាន​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ចំនួន ៧៥ ភាគរយ​ឡើង​ទៅ​ទើប​យើង​អាច​រក្សា​លំនឹង​សេដ្ឋកិច្ច ក៏ដូចជា ស្ថិរភាព​សុខុមាលភាព​សេដ្ឋកិច្ច​កម្ពុជា។ យើង​ឃើញ​ហើយ​ថា សព្វថ្ងៃ​រោងចក្រ​មួយចំនួន​ត្រូវ​បិទ​ខ្ទប់​ដោយ​ការរាតត្បាត​ជំងឺ​កូវីដ១៩​ចូល​ដល់​ក្នុង​រោងចក្រ​ដែល​នាំឲ្យ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​ធ្លាក់​ទៀត ប៉ុន្តែ​ប្រសិនបើ រាជរដ្ឋាភិបាល​អាច​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ១៩​ក្នុង​រយៈពេល ១ ឬ ២ ខែ​ទៀត ចប់​សព្វគ្រប់ ទើប​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នេះ​នឹង​ស្ថិតក្នុង​រង្វង់​ការព្យាករណ៍​នេះ ផ្ទុយទៅវិញ​បើ​យើង​មិនអាច​ទប់ស្កាត់បាន ហើយ​ជំងឺ​កូវីដ ១៩ បន្ត​រីក​រាលដាល​បន្តទៀត ការព្យាករណ៍​នេះ​នឹងមិន​សមស្រប​នោះទេ»។

យោងតាម​របាយការណ៍​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី (ADO) ២០២១ ផលិតកម្ម​ឧស្សាហកម្ម​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង ៧,១% ក្នុង​ឆ្នាំ ២០២១ និង ៧,០% នៅ​ឆ្នាំ ២០២២ ដោយសារ​ការងើប​ឡើងវិញ​នៃ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​សម្រាប់​ការធ្វើដំណើរ ក៏ដូចជា​កំណើន នៃ ឧស្សហកម្ម​ធន​ស្រាល​ផ្សេងទៀត ដូចជា​ផលិតផល​អេឡិចត្រូនិក និង​កង់។ វិស័យ​កសិកម្ម​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង ១,៣% ក្នុង​ឆ្នាំ ២០២១ និង ១,២% ក្នុង​ឆ្នាំ ២០២២ ដោយ​មាន​ការកើនឡើង​នៃ​ផលិតកម្ម​កសិផល បន្ទាប់ពី​រង​ការខូចខាត ដោយ​ទឹកជំនន់​កាលពី​ឆ្នាំមុន ការបន្ត​មាន​កំណើន​នៃ​វារីវប្បកម្ម និង​ការហក់​ឡើង​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

 

ជាមួយ​គ្នា​នេះដែរ​យោងតាម​របាយការណ៍​ទស្សនវិស័យ​នេះ វិស័យ​សេវាកម្ម​នឹង​ស្ទុះ​ងើប​ឡើងវិញ​ក្នុង​ល្បឿនយឺតៗ ពោល​គឺ​ប្រមាណ ៣,៣% ក្នុង​ឆ្នាំ ២០២១ ទៅ ៦,២% ក្នុង​ឆ្នាំ ២០២២។ កិច្ចប្រឹងប្រែង​ក្នុង​ការគ្រប់គ្រង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ នៅក្នុង​ស្រុក ដែល​បានចាប់ផ្តើម​ក្នុង​ខែកុម្ភៈ​ឆ្នាំ ២០២១ កំពុង​ធ្វើឲ្យ​សកម្មភាព​វិស័យ​សេវាកម្ម​ធ្លាក់ចុះ។ ការរឹត​បន្តឹង​ការធ្វើដំណើរ​ត្រូវ​បាន​រំពឹងថា​នឹង​នៅ​បន្ត​ស្ទើរតែ​ពេញ​មួយឆ្នាំ​ក្នុង​ឆ្នាំ ២០២១ ដែល​មានន័យថា វិស័យ​ទេសចរណ៍ មិន​ត្រូវបាន​រំពឹង​ថា​អាចជួយ​ជំរុញ​កំណើន​ផ្នែក​សេវាកម្ម​នៅ​ឆ្នាំនេះ​ទេ។ វិស័យ​អចលនទ្រព្យ​ត្រូវបាន​ព្យាករ​ថា​នឹង​ងើប​ឡើងវិញ​ពី​ការធ្លាក់ចុះ​កាលពី​ឆ្នាំមុន ដោយមាន​និន្នាការ​ស្រដៀង​គ្នា​ទៅ​នឹង​ឧស្សាហកម្ម​សំណង់។

“ល្បឿន​មិន​ស្មើគ្នា​នៃ​ការ​ងើប​ឡើងវិញ​នៃ​វិស័យ​នានា​នឹង​បន្ត​ជា​សម្ពាធ​លើ​គ្រួសារ និង​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ឆ្នាំនេះ ដែល​នឹង​ធ្វើឱ្យ​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ជារួម មាន​ការយឺតយ៉ាវ។ ហានិភ័យ ចម្បងៗ​សម្រាប់​ចក្ខុវិស័យ​សេដ្ឋកិច្ច​នេះ រួមមាន ការរីក​រាលដាល​នៃ​ការផ្ទុះ​ឡើង​នៃ​កូវីដ១៩ នៅតាម​សហគមន៍ កំណើន​សេដ្ឋកិច្ច​យឺត​ជាង​ការរំពឹងទុក​នៃ​ដៃគូ​ធុរកិច្ច​សំខាន់ៗ​របស់​កម្ពុជា ដូចជា​អាមេរិក និង​អឺរ៉ុប ការបន្ត​នៃ​ភាពទន់ខ្សោយ​នៃ​តម្រូវការ​ក្នុងស្រុក និង​បញ្ហា​ប្រឈម​របស់​សេវាកម្ម​ហិរញ្ញវត្ថុ និង ធនាគារ។

លោកស្រី​ SunniyaDurrani មានប្រសាសន៍​បន្ថែមថា រាជរដ្ឋាភិបាល​ចាំបាច់ ត្រូវ​រក្សា​ជំហរ​គោលនយោបាយ​សារពើពន្ធ​ដែល​គាំទ្រ​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ ៕