Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អ៊ុយក្រែនថា កងទ័ពរុស្ស៉ីព្យាយាមវាយសម្រុកចូលរោងចក្រ Azovstal

Admin Alynana | Apr 25, 2022
អ៊ុយក្រែនថា កងទ័ពរុស្ស៉ីព្យាយាមវាយសម្រុកចូលរោងចក្រ Azovstal
Clinic narith
(កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ បាននិយាយថា កងកម្លាំងរុស្ស៊ីបានព្យាយាមវាយសម្រុកចូលរោងចក្រដែកថែប អាហ្សូវស្តល់ (Azovstal) ស្ថិតនៅក្នុងទីក្រុង ម៉ារីយូប៉ូល (Mariupol) ទោះបីជាប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឱ្យលុបចោល ផែនការវាយលុកចូលរោងចក្រនេះក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។

ទីបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានសរសេរសារបង្ហោះនៅលើគណនីបណ្ដាញសង្គម Facebook ថា កងកម្លាំងរុស្ស៊ីកំពុងបាញ់ប្រហារ និងអនុវត្ត «ប្រតិបត្តិការវាយលុក» នៅក្នុងតំបន់រោងចក្រ Azovstal ក៏ដូចជាធ្វើការវាយប្រហារតាមអាកាសទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផងដែរ។

លោក ស៊ែរហ៉ី វ៉ូលីណា (Serhiy Volyna) មេបញ្ជាការនៃកងពលម៉ារីនទី៣៦ របស់អ៊ុយក្រែន បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយសមាជិកសភា បក្សប្រឆាំង និងដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម YouTube ថារុស្ស៊ីកំពុងវាយលុកនៅក្នុងតំបន់នេះ ដោយការទម្លាក់គ្រាប់បែកតាមអាកាស និងការបាញ់កាំភ្លើងធំ។ លោកបានបន្ថែមដូច្នេះថា «ស្ថានភាពគឺធ្ងន់ធ្ងរណាស់... យើងមានអ្នករបួសជាច្រើននាក់ ហើយអ្នកខ្លះកំពុងដេកស្លាប់។ វាជា ស្ថានភាពដ៏លំបាកណាស់ដោយខ្វះកាំភ្លើង គ្រាប់រំសេវ, អាហារ និងថ្នាំពេទ្យ ខណៈស្ថានភាពកាន់តែអាក្រក់ទៅៗ ហើយ»។

គួរបញ្ជាក់ថា រោងចក្រដែកថែប Azovstal គឺជាបន្ទាយដ៏រឹងមាំចុងក្រោយរបស់អ៊ុយក្រែនដែលនៅសេសសល់ក្នុងទីក្រុង Mariupol ជាទីក្រុងដែល ស្ថិតនៅក្រោមការឡោមព័ទ្ធ និងរងការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ៕