Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឥណ្ឌា ថ្កោលទោសការសម្លាប់រង្គាលជនស៊ីវិលក្នុងទីក្រុង Bucha របស់អ៊ុយក្រែន, តែមិននិយាយចំឈ្មោះរុស្ស៊ី

Admin Alynana | Apr 06, 2022
ឥណ្ឌា ថ្កោលទោសការសម្លាប់រង្គាលជនស៊ីវិលក្នុងទីក្រុង Bucha របស់អ៊ុយក្រែន, តែមិននិយាយចំឈ្មោះរុស្ស៊ី
Clinic narith

(ញូដេលី)៖ ប្រទេសឥណ្ឌា នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចូលរួមថ្កោលទោសលើការសម្លាប់រង្គាលជនស៊ីវិល នៅក្នុងទីក្រុង ប៊ូចា (Bucha) នៃប្រទេសអ៊ុយក្រែន និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតជាលក្ខណៈឯករាជ្យមួយ ប៉ុន្តែមិនបានរិះគន់ចំៗលើរុស្ស៊ីដែលជាសម្ព័ន្ធមិត្តយូរអង្វែង មួយរបស់ខ្លួន ជុំវិញសង្រ្គាមឈ្លានពាននៅអ៊ុយក្រែននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។

លោក ធីអេស ធៀមូទី (TS Tirumurti) អ្នកតំណាងអចិន្ត្រៃយ៍ឥណ្ឌាប្រចាំអង្គការសហប្រជាជាតិ (UN) បានបញ្ជាក់ប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ដូច្នេះថា «របាយការណ៍ថ្មីៗពីការសម្លាប់រង្គាលជនស៊ីវិល នៅក្នុងទីក្រុង Bucha គឺជារឿងដ៏រំជើបរំជួល។ យើងសូមចូលរួមថ្កោលទោស យ៉ាងដាច់អហង្ការលើការសម្លាប់រង្គាលនេះ និងគាំទ្រការអំពាវនាវឱ្យមានការស៊ើបអង្កេតជាលក្ខណៈឯករាជ្យមួយដើម្បីរកអ្នកទទួលខុសត្រូវ»។

ការថ្លែងសុន្ទរកថារបស់លោក TS Tirumurti បានកើតឡើងភ្លាមៗ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បានសន្ទនាតាមរយៈទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ានីយ៉ាម ចៃសានកា (Subrahmanyam Jaishankar)។ សហរដ្ឋអាមេរិក បានទទូចម្តងហើយម្តងទៀតឱ្យឥណ្ឌាចូលរួមថ្កោលទោសលើការឈ្លានពានរបស់រុស្ស៉ី ចាប់តាំងពីការឈ្លានពានថ្ងៃទី២៤ ខែកុម្ភៈ ប៉ុន្តែឥណ្ឌា បានបដិសេធ ក្នុងគោលបំណងធ្វើឱ្យមានតុល្យភាពទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៉ី និងបណ្ដាប្រទេសលោកខាងលិច។

គួរបញ្ជាក់ថា អ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានចោទប្រកាន់ថា កងទ័ពរុស្ស៊ីបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ក្នុងទីក្រុង Bucha បន្ទាប់ពីសាកសពជនស៊ីវិលជាង ៤០០នាក់ ត្រូវបានគេប្រទះឃើញនៅតាមទីក្រុងជាច្រើន ក្បែរទីក្រុង Kyiv ក្នុងនោះមានសាកសពជនស៉ីវិល ចំនួន ១៤០នាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើប្រល័យពូជសាសន៍។ ប៉ុន្តែរុស្ស៉ីបានច្រានចោលការចោទប្រកាន់នេះ ដោយហៅរូបភាពនៃសាកសពនៅក្នុងទីក្រុង Bucha ដែលបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនោះថាជា «រូបភាពក្លែងបន្លំ» ដែលរៀបចំឡើងដោយ បណ្ដាប្រទេសលោកខាងលិច និងអ៊ុយក្រែន ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន៕