Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

យន្ដហោះផលិតដោយចិន C919 កំពុងត្រៀមខ្លួនប្រជែងដណ្ដើមទីផ្សារពីក្រុមហ៊ុន Boeing របស់អាម៉េរិក

Media LNN | May 06, 2024
យន្ដហោះផលិតដោយចិន C919 កំពុងត្រៀមខ្លួនប្រជែងដណ្ដើមទីផ្សារពីក្រុមហ៊ុន Boeing របស់អាម៉េរិក
Clinic narith

ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន C919 ថ្មីៗនេះបានសាកល្បងយន្តហោះដឹកអ្នកដំណើរខ្នាតតូចលើកដំបូងរបស់ខ្លួន ដើម្បីត្រួតពិនិត្យមើលកម្រិតសុវត្ថិភាពរបស់វា។ ការផលិតបានយន្តហោះថ្មីនេះ គឺជំហានមួយដែលគេរំពឹងថា នឹងជួយឱ្យយន្តហោះ C919 ស្វែងរកទីផ្សារក្រៅប្រទេស ដើម្បីដណ្ដើមទីផ្សាររបស់ក្រុមហ៊ុន Boeing។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន បាននិយាយនៅថ្ងៃអង្គារ ទី៣០ ខែមេសាថា ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines Technology ជាផ្នែកមួយនៃក្រុមហ៊ុនគ្រប់គ្រងប្រតិបត្តិករយន្តហោះ C919 បានបញ្ចប់ការធ្វើតេស្តកម្រិតអេ (A-inspection) ទៅលើយន្តហោះ B-919A ខ្នាតតូចអស់រយៈពេល៤ថ្ងៃ នៅក្នុងទីក្រុងស៊ាងហៃ កាលពីថ្ងៃចន្ទ ទី២៩ ខែមេសា។

យន្តហោះនេះតម្រូវឱ្យឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពជាបន្តបន្ទាប់នៅរៀងរាល់៤ខែម្ដង ដើម្បីពិនិត្យទៅលើម៉ាស៊ីនយន្តហោះ ចាប់ពីការហោះឡើងរហូតដល់ការត្រៀមចុះចត ដោយមានអ្នកចាំពិនិត្យមើលចំនួន៦០នាក់។

លោក អាឡិកសានឌឺ វូវីង (Alexander Vuving) សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលសិក្សាសន្តិសុខអាស៊ីប៉ាស៊ីហ្វិកនៅរដ្ឋហាវ៉ៃ សហរដ្ឋអាម៉េរិក បាននិយាយថា ក្រុមហ៊ុនផលិតយន្តហោះចិន មានឱកាសប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Boeing។

លោកបានបន្ថែមថា ក្រុមហ៊ុនចិននេះនឹងដាក់តម្លៃលក់កាន់តែប្រសើរ ហើយជាការពិតណាស់ ពួកគេនឹងផ្សាយពាណិជ្ជកម្មយន្តហោះរបស់ខ្លួន ដែលមានគុណភាពប្រហាក់ប្រហែលនឹងយន្តហោះរបស់ក្រុមហ៊ុន Boeing និងទាញយកប្រយោជន៍ពីរឿងអាស្រូវទាំងអស់ដែលក្រុមហ៊ុន Boeing បានឆ្លងកាត់ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។

លោក អាឡិកសានឌឺ បានបន្ថែមថា មន្ត្រីចិន ក៏នឹងបញ្ចុះបញ្ចូលអ្នកមានអំណាចនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីឱ្យទិញយន្តហោះនេះផងដែរ ព្រោះរដ្ឋាភិបាលជាច្រើននៅតំបន់អាហ្វ្រិក អាម៉េ​រិកឡាទីន និងអាស៊ីអាគ្នេយ៍ មានទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសចិន៕