Alynana Media Cambodia
Icon Collap
clinic narit

ដំណឹងល្អ! កម្ពុជានឹងមិនខ្វះអគ្គិសនីប្រើប្រាស់នោះទេនៅក្នុងឆ្នាំ២០២០នេះ

Sang Kim | Apr 23, 2020
ដំណឹងល្អ! កម្ពុជានឹងមិនខ្វះអគ្គិសនីប្រើប្រាស់នោះទេនៅក្នុងឆ្នាំ២០២០នេះ
Clinic narith

 

ភ្នំពេញ​៖ ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំនេះ កម្ពុជា​មិន​ប្រឈម​នឹង​ការខ្វះ​ថាមពល​អគ្គិសនី​ប្រើប្រាស់​នៅក្នុង​រដូវប្រាំង​ដូច​ឆ្នាំមុន​នោះទេ ខណៈដែល​ក្រសួង​ក៏​នឹង​បន្ត​ជំរុញ​ការតភ្ជាប់​បណ្តាញអគ្គីសនី​ចូល​ភូមិ​ឲ្យ​បាន ​១០០​ ភាគរយ និង​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​យ៉ាងហោចណាស់ ៧៨​ភាគរយ នៅ​ឆ្នាំ​នេះដែរ​។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក វិចទ័រ ហ្សូ​នា បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី វឌ្ឍនៈភាព​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​អង្គា​រថា ថាមពល​អគ្គិសនី​នៅ​ឆ្នាំនេះ មាន​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដោយ​ពុំមាន​ការរអាក់រអួល​ក្នុងការ​ផ្គត់ផ្គង់​នៅ​រដូវប្រាំង​ដូច​ឆ្នាំមុន​នោះទេ​។

​លោក​ថា​៖ «​ឆ្នាំនេះ យើង​អត់​មានការ​ខ្វះខាត​ថាមពល​ទេ ហើយ​វា​រី​អគ្គិសនី​របស់​យើង​ក៏មាន​ទឹក​ក្នុង​បរិមាណ​ប្រមាណ ៧០​ ភាគរយ សម្រាប់​ការផ្គត់ផ្គង់ ហើយ​បើតាម​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម យើង​អាច​នឹងមាន​ភ្លៀង​ឆាប់​ជាង​ឆ្នាំកន្លងមក​»​។ 7D0E1886-B7DF-456B-BA70-83CCCB772BF7

 

​លោក​បាន​ឲ្យ​ដឹង​ដែរ​ថា កាលពី​ឆ្នាំមុន រាជរដ្ឋាភិបាល បាន​ចរចា​ជាមួយ​ប្រទេស​ទួ​គី ក្នុង​ការទិញ​នាវា​ដាក់​ម៉ាស៊ីនភ្លើង​កម្លាំង ២០០​ម៉េ​ហ្គា​វ៉ា​ត់ ប៉ុន្តែ​ការចរចា​នោះបាន​បរាជ័យ ដូច្នេះ​រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​នូវ​វិធានការ​ផ្សេងទៀត ដោយ​ទិញ​ម៉ាស៊ីនភ្លើង​កម្លាំង ២០០​ម៉េ​ហ្គា​វ៉ា​ត់ ពី​ប្រទេស​អាល្លឺម៉ង់ និង​២០០ ​ម៉េ​ហ្គា​វ៉ា​ត់​ទៀត ពី​ប្រទេស​ហ្វា​ង​ឡង់​ជំនួស​វិញ​។ លោក​បន្តថា រោងចក្រ​ផលិត​អគ្គិសនី​កម្លាំង ៤០០ ​ម៉េ​ហ្គា​វ៉ា​ត់ ដែល​ប្រើប្រាស់​ម៉ាស៊ីនភ្លើង​ទាំងពីរ​នេះ ត្រូវបាន​សាងសង់​នៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល ដែល​គិត​មកដល់​បច្ចុប្បន្ន ការសាងសង់​សម្រេចបាន​៨០​ភាគរយ​ហើយ​។

​ជាមួយគ្នានេះដែរ លោក វិចទ័រ ហ្សូ​នា បាន​ឲ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​ចុងឆ្នាំ​២០១៩​នេះ ការអភិវឌ្ឍ​បណ្តាញ​ចែកចាយ​អគ្គិសនី​បាន​គ្របដណ្តប់​លើ​ភូមិ​ចំនួន ១៣១៣១ ​ភូមិ ស្មើនឹង​ជាង ៩២​ភាគរយ ខណៈ​ការភ្ជាប់​ចរន្តអគ្គិសនី​ទៅដល់​លំនៅឋាន​ប្រជាពលរដ្ឋ​បាន​ចំនួន ២,៦៨​ លាន ខ្នង​ផ្ទះ ស្មើនឹង​ជាង​ ៧៤​ ភាគរយ ក្នុងចំណោម​ផ្ទះ​សរុប​ប្រមាណ ៣,៥៧ ​លាន​ខ្នង​ផ្ទះ​។

​ជា​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំនេះ លោក​ថា ក្រសួង​នឹង​ជំរុញ​ការតភ្ជាប់​បណ្តាញ​អគ្គិសនី​ពី​ប្រភព​ចែកចាយ​នានា ឲ្យ​បាន​គ្រប់​ភូមិ​នៅ​ទូទាំងប្រទេស និង​ត​ភ្ជាប់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ឲ្យ​បាន ៧៨% ប៉ុន្តែ​ដោយយោង​លើ​ឧបសគ្គ​មួយចំនួន គោលដៅ​នេះ​អាច​នឹងមិន​សម្រេចបាន​១០០​ភាគរយ​នោះទេ​។44ACAC8F-98B4-4E25-AB23-1700CB5B2FB3

លោក​ថា​៖ «​កម្ពុជា មាន​ភូមិ​សរុប​ចំនួន ១៤១៦៨ ​ភូមិ ក្នុងនោះ​ភូមិ​ចំនួន ១៣១៣១ មាន​អគ្គិសនី​ប្រើប្រាស់ ហើយ​នៅសល់ ១០៣៧​ ភូមិ​ទៀត ដែល​យើង​​ត្រូវ​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​ឲ្យ​បាន​ក្នុងឆ្នាំនេះ ប៉ុន្តែ​យើង​មាន​ឧបសគ្គ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​យើង​មិនអាច​សម្រេចបាន​តាម​ផែនការ​កំណត់ នោះ​គឺមាន​ភូមិ​ចំនួន ២៤២ ​ភូមិ ជា​ភូមិ​ឆ្ងាយ​ដាច់ស្រយាល ភូមិ​កោះ ភូមិ​បណ្តែត​ទឹក និង​ភូមិ​លិច​ទឹក​នៅ​រដូវវស្សា ដែល​យើង​ពិបាក​នឹងធ្វើ​ការតភ្ជាប់​បណ្តាញ​អគ្គិសនី ប៉ុ​ន្ត​តែ​យើង​សង្ឃឹមថា​អាច​នឹង​សម្រេច​ផែនការ​ឲ្យ​បាន​ជាង ​៩៨ ​ភាគរយ​»​។​

លោក បួន សុខន ជា​ម្ចាស់​ហាង​បោក​អ៊ុត​មួយ​នៅ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ឆ្នាំនេះ មាន​ភាពរលូន​ល្អ​ជាង​ឆ្នាំមុន ដែល​ធ្វើ​ឲ្យ​គ្រួសារ​របស់លោក​មិន​ប្រឈម​នឹង​បាត់បង់​ប្រាក់ចំណូល​ដោយសារ​បញ្ហា​អគ្គិសនី​នេះ​។

 លោក​ថា​៖ «​កាលពី​រដូវក្តៅ​ឆ្នាំមុន ចរន្តអគ្គិសនី​ឧស្សាហ៍​ដាច់​ណាស់ ក្នុង​មួយថ្ងៃៗ​ដាច់​ជាច្រើន​ម៉ោង ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​រកស៊ី ព្រោះ​ហាង​បោក​អ៊ុត​យើង​ប្រើ​ម៉ាស៊ីន​បោក​អ៊ុត និង​ឆ្នាំ​អ៊ុត​អគ្គិសនី ដូច្នេះ​បើ​ដាច់​ចរន្តអគ្គិសនី​ច្រើន យើង​មិនអាច​បម្រើសេវា​ជូន​ភ្ញៀវ​បាន​ទាន់ពេលវេលា​ឡើយ ប៉ុន្តែ​ឆ្នាំនេះ​ឃើញថា​មាន​ភាពល្អប្រសើរ​ជាង​មុន​ច្រើន​»​។​

បើតាម​របាយការណ៍រ​បស់​ក្រសួង​រ៉ែ និង​ថាមពល ប្រភព​ថាមពល​អគ្គិសនី​ដែល​ត្រូវបាន​ផ្គត់ផ្គង់​និង​ចែកចាយ​នោះ រួមមាន វា​រី​អគ្គិសនី ចំនួន ៣៣,៥៣ ​ភាគរយ ស្ថានីយ៍​អគ្គិសនី​ដុត​ធ្យូងថ្ម ៣២,៦២​ ភាគរយ ថាមពល​នាំចូល​ពី​ប្រទេសជិតខាង ២៤,២០ ​ភាគរយ ប្រេង​ខ្មៅ​និង​ម៉ា​ស៊ូ​ត ៧,៣៣​ ភាគរយ និង​ថាមពល​កកើត​ឡើងវិញ ១,៣១ ​ភាគរយ​៕