Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងជប៉ុនមានទំហំទឹកប្រាក់ ធ្លាក់ចុះ ៧.៤២ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន

Sang Kim | Oct 08, 2020
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងជប៉ុនមានទំហំទឹកប្រាក់ ធ្លាក់ចុះ ៧.៤២ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន
Clinic narith

ភ្នំពេញ៖ បើយោងតាមស្ថិតិដែលចេញផ្សាយដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន JETRO បានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងជប៉ុន មានទំហំទឹកប្រាក់ ១ ៣៤៦លានដុល្លារ គិតចាប់ពីខែមករា ដល់ខែសីហាឆ្នាំ ២០២០ គឺធ្លាក់ចុះ ៧,៤២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ 

ក្នុងរយៈពេល ៨ ខែឆ្នាំ ២០២០នេះ ការនាំចេញរបស់កម្ពុជាទៅជប៉ុន មានតម្លៃ ១,០៤៥ ពាន់លានដុល្លារ ធ្លាក់ចុះ ៥,៣ ភាគរយ។ ខណៈការនាំចូលពីជប៉ុនបានធ្លាក់ចុះ ១៤,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។

អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន JETRO បានឱ្យដឹងទៀតថា ប្រទេសជប៉ុនបាននាំចូលទំនិញ និងផលិតផលមកពីជុំវិញពិភពលោក ដែលភាគច្រើនជាវត្ថុធាតុដើមចំណីអាហារ វត្ថុធាតុដើម ឥន្ធនៈ ( LNG, LPG) ផលិតផល (វាយនភ័ណ្ឌ អំបោះនិងក្រណាត់) គ្រឿងម៉ាស៊ីនអគ្គីសនី សម្លៀកបំពាក់ គ្រឿងបន្លាស់ និងរបស់ផ្សេងទៀតជាច្រើន។

បើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងដែរថា ផលិតផលសក្តានុពលសម្រាប់នាំចេញពីកម្ពុជា ទៅជប៉ុន គឺសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅកម្ពុជា បានឱ្យដឹងថា ក្នុងវិបត្តិសេដ្ឋកិច្ចសកលនេះ បានធ្វើឱ្យសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសនានាជួបបញ្ហាប្រឈម។ ក្នុងនោះ កម្ពុជាយើងក៏ទទួលរងផលប៉ះពាល់ផងដែរ តែសម្រាប់កំណើនសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុននៅក្នុងរយៈពេលនេះ ទោះបើធ្លាក់ចុះមែន គឺនៅតែមានភាពល្អប្រសើរ គ្រាន់តែមិនខ្លាំងនោះទេ។

បើយោងតាមអ្នកជំនាញ ផលិតកម្មនានារវាងកម្ពុជា និងជប៉ុន អាចនឹងងើបឡើងកាន់តែខ្លាំងឡើងថែមទៀត បន្ទាប់ពីមានការទប់ស្កាត់ និងគ្រប់គ្រងបាននូវជំងឺ Covid-19 ជាពិសេសក្រោយការដាក់ឱ្យដំណើរការឡើងវិញនូវជើងហោះហើរ រួមជាមួយការបើកច្រកសេដ្ឋកិច្ច ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានការរីកចម្រើនក្រោមកំណើននៃចំនួនវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕