Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ មានចំណេះវិជ្ជា តែខ្វះឆន្ទៈខ្ពស់មិនអាចបម្រើសង្គមជាតិបានល្អនោះឡើយ

Sang Kim | Jan 12, 2021
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ មានចំណេះវិជ្ជា តែខ្វះឆន្ទៈខ្ពស់មិនអាចបម្រើសង្គមជាតិបានល្អនោះឡើយ
Clinic narith

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹកទៅកាន់មន្ត្រីរបស់លោកថា ការបម្រើសង្គមជាតិបើមានតែមធ្យោបាយ និងចំណេះវិជ្ជា តែខ្វះឆន្ទៈខ្ពស់មិនអាចបម្រើសង្គមជាតិបានល្អនោះឡើយ។

ក្នុងពិធីចុះហត្ថលេខានៃកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីបណ្តុះបណ្តាលលើជំនាញសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា លោកអាចផ្តល់សម្ភារៈ និងស្វះស្វែងក្នុងការផ្តល់ចំណេះជូនដល់មន្ត្រីរបស់លោក តែលោកមិនអាចផ្តល់ឆន្ទៈជូនពួកគេក្នុងការបម្រើជាតិមាតុភូមិនោះឡើយ។

លោក ស៊ុន ចាន់ថុល បានលើកឡើងថា ឆន្ទៈជាធាតុដ៏សំខាន់ក្នុងការបម្រើសង្គមជាតិឱ្យបានល្អប្រសើរ។ ក្នុងន័យនេះទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីដែលកំពុងមានភាពលិចធ្លោលើការបម្រើជាតិ ក្នុងតួនាទីជាអ្នកគ្រប់គ្រង និងដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់មន្ត្រីរបស់លោក ត្រូវមានឆន្ទៈខ្ពស់ក្នុងការបម្រើជាតិមាតុភូមិ ដើម្បីធ្វើឱ្យជាតិរីកចម្រើន និងរុងរឿង។

លោក ស៊ុន ចាន់ថុល បានថ្លែងទៅកាន់មន្ត្រីរបស់លោកយ៉ាងដូច្នេះថា «យើងខ្ញុំមិនអាចផ្តល់បាននូវឆន្ទៈទេ មានតែសំណូមពរ ណែនាំឱ្យយើងទាំងអស់គ្នាមានឆន្ទៈខ្ពស់ ដើម្បីបម្រើជាតិមាតុភូមិរបស់យើង។ ឆន្ទៈសំខាន់ណាស់ មានទាំងចំណេះវិជ្ជា មានទាំងមធ្យោបាយ ប៉ុន្តែបើយើងគ្មានឆន្ទៈខ្ពស់ក្នុងការកសាងប្រទេសជាតិ យើងមិនអាចធ្វើបានទេ។ អ៊ីចឹងយើងត្រូវមានឆន្ទៈឱ្យបានខ្ពស់បំផុតក្នុងការធ្វើការបម្រើជាតិមាតុភូមិរបស់យើង»។

ជាមួយនឹងការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលលើជំនាញសាធារណការ និងដឹកជញ្ជូនលើកដំបូងនៅកម្ពុជានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទូចសុំឱ្យវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សហការគ្នាជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បណ្តុះបណ្តាលឱ្យបានល្អប្រសើរដល់និស្សិតកម្ពុជា៕