Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សញ្ញា៥ យ៉ាងដែលចាត់ទុកថាអ្មកមានសុភាពហិរញ្ញវត្ថុល្អ តើ​អ្នក​ដែល​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ឬ​អត់​?

Admin Alynana | Jan 13, 2021
សញ្ញា៥ យ៉ាងដែលចាត់ទុកថាអ្មកមានសុភាពហិរញ្ញវត្ថុល្អ តើ​អ្នក​ដែល​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ឬ​អត់​?
Clinic narith

តើ​អ្នក​ដែល​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ឬ​អត់​? ដូច​នឹង​សុខភាព​រាង​កាយនិងសុខភាព​ផ្លូវ​ចិត្ត​ដែរ សុខភាព​ហិរញ្ញវត្ថុ​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ជីវិត​យើង។ សុខភាព​ហិរញ្ញវត្ថុ (Financial Health) សំដៅ​លើ​ការ​យល់​ដឹង​ ការ​ស្គាល់​នូវ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​មាន​ប្រសិទ្ធិភាព​ដើម្បី​ទទួល​បាន​ភាព​រឹង​មាំ​និង​អាច​ឈាន​ទៅសម្រេច​គោលដៅ​សុវត្ថិភាព​ហិរញ្ញវត្ថុ​នា​ពេល​អនាគត។ មាន​វិធីសាស្រ្ត​ជា​ច្រើនដែល​អាច​ប្រើប្រាស់​សម្រាប់​ពិនិត្យ​សុខភាព​នេះ​បាន ឧទាហរណ៏​ដូចជា​ការ​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ផ្លូវកាដោយផ្ដោត​លើ​ពិន្ទុ​ក្រឌីត​តាម​រយៈ​CBC ជាដើម ប៉ុន្តែ​ថ្ងៃ​នេះ យើង​នឹង​លើក​យក​តែ ​៥ ចំនុច​ដែល​ងាយៗ​ហើយ​អ្នក​អាច​សាក​វិភាគ​ដោយ​ខ្លួន​ឯង​បាន។ សញ្ញា​ទាំង​៥​រួម​មាន៖ 

1.   អ្នក​មាន​ប្រាក់​សន្សំ

ការ​មាន​ប្រាក់​សន្សំ​អាច​និយាយ​បាន​ថា​ជា​ការ​មាន​សុវត្ថិភាព​មួយ ដោយ​អ្នក​ពុំ​សូវ​ភ័យ​ព្រួយ​លើ​កង្វះ​ខាត​ប្រាក់​កាស ជា​ពិសេស​ក្នុង​ពេល​មាន​អាសន្ន​អន់​ក្រ​ដែល​អាច​កើត​មាន​គ្រប់​ពេល​វេលា។ ការ​សន្សំ​ប្រាក់ អាច​ជា​សញ្ញា​បង្ហាញ​ថា​អ្នក​យល់​ច្បាស់​អំពី​គោលដៅ​ និង​ធ្វើ​ឲ្យ​មាន​ទំនុកចិត្ត​លើ​ដំណើរ​បំពេញ​គោលដៅ​ហិរញ្ញវត្ថុ​រយៈ​ពេល​វែង​របស់​ពួក​គេ។

2.   អ្នក​មាន​ចំណូល​គ្រប់​គ្រាន់​សម្រាប់​បំពេញ​ចំណាយ​ចាំបាច់

មាន​ចំណូល​ជា​រឿង​សំខាន់ ហើយ​អ្វី​ដែល​កាន់​តែ​សំខាន់​ជាង​នោះ​ទៀត​គឺ​ចំណូល​គួរ​តែ​គ្រប់​គ្រាន់​សម្រាប់​បំពេញ​នូវ​កាតព្វកិច្ច​ហិរញ្ញវត្ថុ​សំខាន់​ទាំង​ឡាយ​ដូច​ជា ថ្លៃ​ផ្ទះ ថ្លៃ​ការ​សិក្សា ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ល។ បើ​សិន​ជា​ក្នុង​ករណី​ដែល​ចំណូល​មាន​គ្រប់​សម្រាប់​ចំណាយ​ចាំ​បាច់ ក៏​ប៉ុន្តែ​អ្វី​ដែល​នៅ​សេសសល់​គឺ​ស្ដួច​ស្ដើង​ពេក​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​បែង​ចែក​សម្រាប់​សន្សំ​ឬ​ចំនាយ​តាម​ត្រូវ​ការ​នោះ​ទេ​ ក៏​នៅ​តែ​ជា​បញ្ហា​ដែរ។ ដូច​នេះ​ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​យើង​ត្រូវ​ព្យាយាម​ស្វែង​រក​ចំណូល​បន្ថែម​ដើម្បី​មក​បង្រ្គប់​នូវ​តម្រូវ​ការ​ទាំង​នេះ។

3.   អ្នកមានចំណាយតិចជាងចំណូល

ចំណាយ​មិន​អាច​រត់​លឿន​ជាង​ចំណូល​ទេ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​មាន​ល្បឿន​ស្មើ​គ្នា​ដែរ។ 

 បើ​អ្នក​ស្គាល់​ច្បាស់​ពី​លំហូរ​ចូល​និង​ចេញ មាន​កម្រិត​ថវិកា​ចំណាយ​ត្រឹម​ត្រូវ​ដើម្បី​រារាំង​ទំនោរ​ចាយ​លើស​ចំណូល តែង​តែ​សល់​ប្រាក់​ជានិច្ច​នា​ពេល​ចុង​ខែ  ព្រម​ទាំង​ពុំ​មាន​ទម្លាប់​ដែល «លុយ​ប្រាក់​ខែ​បើក​មក​ប៉ុន្មាន​ត្រូវ​តែ​ចាយ​អស់​ប៉ុន្នឹង​ដែរ» អាច​បញ្ជាក់​បាន​ថា អ្នក​កំពុង​មាន​ស្ថានភាព​ល្អ​ដែល​ត្រូវ​បន្ត​រក្សា​និង​ពង្រឹង​បន្ថែមទៀត។ 

4.   អ្នកមិនមានបំណុលអាក្រក់

ចំនុច​នេះ​ផ្ដោត​លើ​បំណុល​អាក្រក់ ជំនួស​ឲ្យ​ការ​និយាយ​ថា«បំណុល» ពីព្រោះ​បំណុល​អាច​មាន​ល្អ​និង​អាក្រក់។ បើ​សិន​ជា​អ្នក​ជំពាក់​បំណុល​អាក្រក់​ឬ​អាច​និយាយ​ម៉្យាង​ទៀត​ថា​បំណុល​ដែល​ពុំ​ផ្ដល់​នូវ​ជា​ផល​ត្រលប់​មក​វិញ​នោះទេ នោះ​ចំណូល​ដែល​អ្នក​ខំ​រក​មក​ប្រៀប​ដូចជា​កាត់​កង​សម្រាប់​តែ​បំណុល​អត់​ប្រយោជន៍​ដែល​ពិត​ជា​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​ទិដ្ឋភាព​ផ្សេង​ៗ​ទៀត​នៃ​ហិរញ្ញវត្ថុ។ 

5.   អ្នក​កំពុង​ធ្វើ​ដំណើរ​ទៅ​សម្រេច​គោលដៅហិរញ្ញវត្ថុ

សុខភាព​ហិរញ្ញវត្ថុ​ល្អ​ជា​ស្ពាន​សម្រាប់ឆ្លង​ចាប់​យក​ឱកាស​លំនឹង​និង​សុវត្ថិភាព​ខាង​ប្រាក់​កាស​នា​ពេល​អនាគត។​ការ​មាន​ផែន​ការ​គោល​ដៅ​ហិរញ្ញវត្ថុ​ច្បាស់លាស់​ដែល​ផ្ដល់​នូវ ផ្លែផ្កា​នា​ពេល​អនាគត អាច​បង្ហាញ​ថា​អ្នក​កំពុង​មាន​សុខភាព​ហិរញ្ញវត្ថុ​ល្អ។ ក្នុង​គោលដៅ​នោះ​អាច​មាន​ជា​ការ​វិនិយោគ​ទុន ការ​មាន​ធានា​រ៉ាប់រង ការ​សន្សំ​សម្រាប់​ចូលនិវត្តន៍  -ល-។ សញ្ញា​នេះ​ស​បញ្ជាក់​ថា​អ្នក​បាន​គិតគូរ​ជា​ពិសេស​ក្នុង​ទិដ្ឋភាព​ហិរញ្ញវត្ថុ​អនាគត​សម្រាប់​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ។

 ទន្ទឹម​នឹង​មើល​ថែ​រក្សា​សុខភាព​រាងកាយ​និង​ផ្លូវចិត្ត ការ​មើល​ថែ​សុខភាព​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​ក៏​ជា​កាតព្វកិច្ច​សំខាន់​ផង​ដែរ។ បើ​សិន​ជា​អ្នក​មាន​ការ​គ្រប់​គ្រង​បាន​យ៉ាង​ល្អ​ទៅ​លើ​ប្រាក់​សន្សំ ការ​គ្រប់​គ្រង​ចំណូល​ចំណាយ​ ដោយ​ពុំ​ពាក់ព័ន្ធ​នឹង​បំណុល​មិន​ល្អ ជា​ពិសេស​គឺ​មាន​គោលដៅ​ហិរញ្ញវត្ថុ​ច្បាស់​លាស់​មួយ នោះ​អ្នក​កំពុង​តែ​ដើរ​ត្រូវ​ផ្លូវ​ហើយ។តើ​អ្នក​គិត​ថា​សុខភាព​ហិរញ្ញវត្ថុ​របស់​អ្នក​ដូចម្ដេច​ដែរ​នា​ពេល​បច្ចុប្បន្ន​នេះ? រឹង​មាំ​ហើយ? ត្រូវ​ការ​សង្រ្គោះ​បន្ទាន់​? មក​ចែក​រំលែក​ជាមួយ​យើង​ក្នុង​ប្រអប់​ខមិន​ខាង​ក្រោម​នេះ។

ប្រភព: CamboFinance