Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការប្រមូល​ចំណូល​ពន្ធដារ​នៅក្នុង​ខែមករា ធ្លាក់ចុះ​ជាង ៨ ​ភាគរយ

Sang Kim | Feb 17, 2021
ការប្រមូល​ចំណូល​ពន្ធដារ​នៅក្នុង​ខែមករា ធ្លាក់ចុះ​ជាង ៨ ​ភាគរយ
Clinic narith

ភ្នំពេញៈ ទោះបី​ការប្រមូល​ពន្ធ​ពី​ប្រភព​ចំណូល​សំខាន់ ៣ បាន​កើនឡើង​ក៏​ប្រាក់ចំណូល​សរុប​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន​ក្នុង​ខែមករា ឆ្នាំ​ ២០២១ នេះ​មិន​បង្ហាញ​សញ្ញា​វិជ្ជមាន​នោះទេ ដោយ​ធ្លាក់ចុះ​ជាង ៨ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ខណៈ​បញ្ហា​នេះ​អ្នកសេដ្ឋកិច្ច​អះអាងថា មាន​ជាប់ទាក់ទង​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការអនុគ្រោះ​ពន្ធចំពោះ​វិស័យ​មួយចំនួន​ដែល​បន្ត​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​កូវីដ​១៩​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែមករា ឆ្នាំ​ ២០២១ ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កាលពី​ថ្ងៃទី​ ១៦ ខែកុម្ភៈ ឱ្យដឹងថា ក្នុង​ខែមករា អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធអាករ បាន​សរុប​ប្រមាណ ២១៧,២ លាន​ដុល្លារ ស្មើនឹង ៩,៦៨ ​ភាគរយ​នៃ​ផែនការ​ប្រចាំ​ឆ្នាំ ហើយ​បើ​ធៀប​នឹង​ចំណូល​ពន្ធអាករ​ខែមករា ឆ្នាំ​ ២០២០ ថយចុះ​ប្រមាណ ១៩,០៣ ​លាន​ដុល្លារ​ស្មើ ៨,០៦ ​ភាគរយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យដឹងទៀតថា ទោះជា​ការប្រមូល​ចំណូល​សរុប​ធ្លាក់ចុះ ប៉ុន្តែ​សម្រាប់​ចំណូល​ពី​ប្រភេទ​ពន្ធ​ចំនួន​ ៣ នៅ​រក្សា​កំណើន​គួរឱ្យកត់សម្គាល់ ក្នុងនោះ​ពន្ធ​លើ​ប្រាក់ចំណូល​មាន​ប្រមាណ ៤២,៩១ ​លាន​ដុល្លារ​ធៀប​នឹង​ខែមករា ឆ្នាំ​ ២០២០ កើនឡើង ៧,២៦ ​ភាគរយ អាករ​ពិសេស​ចំនួន ១៩,០៣ ​លាន​ដុល្លារ កើនឡើង ៥,៥៣ ​ភាគរយ និង​ពន្ធ​លើ​ប្រាក់បៀវត្សរ៍ មាន ២២,៥៤ ​លាន​ដុល្លារ កើន​ប្រមាណ ១០,០៧ ​ភាគរយ​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) ​បាន​ប្រាប់​បណ្ដាញសារព័ត៌មាន កាលពី​ថ្ងៃទី​ ១៦ ខែកុម្ភៈ​ថា ការធ្លាក់ចុះ​ប្រាក់ចំណូល​ពន្ធ​ក្នុង​ខែ​ដំបូង​ឆ្នាំ​ ២០២១ គឺ​មិនមែន​ដោយសារ​មាន​ក្រុមហ៊ុន​មួយចំនួន​ផ្អាក​សកម្មភាព ឬ​បិទ​អាជីវកម្ម​ទេ ប៉ុន្តែ​វា​បណ្តាល​មកពី​ការដាក់​ចេញ​នូវ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​ផ្តល់​ភាពអនុគ្រោះ​ពន្ធដារ​សម្រាប់​វិស័យ​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​កូវីដ​១៩​។ ការធ្លាក់​ចំណូល​ពន្ធ​ក្នុង​កម្រិត​នេះ​នឹង​មិន​បង្ក​ផលប៉ះពាល់​អ្វី​ជា​ដុំកំភួន​ទេ ព្រោះ​ស្ថានភាព​នេះ​ត្រូវបាន​គេ​ដឹង​មុន​រួចទៅហើយ​។

លោក​ថ្លែងថា​៖ «​ការបាត់​ចំណូល​ពេលនេះ គឺ​ជាប់ទាក់ទង​នឹង​គោលនយោបាយ​សម្រួល​ផ្នែក​ពន្ធ​របស់​រដ្ឋាភិបាល​។ ខ្ញុំ​គិតថា នេះ​មិនមែន​ជា​បញ្ហា​ដែល​ត្រូវ​បារម្ភ​ទេ​»​។

លោក​បាន​បន្ថែមថា អ្វីដែល​សំខាន់​ពេលនេះ គឺ​កម្រិត​នៃ​ការប្រមូល​ចំណូល​ពី​ប្រភព​ពន្ធ​សំខាន់ៗ​ចំនួន​ ៣ កើនឡើង​ដែល​វា​បញ្ជាក់ថា តម្រូវការ​នៃ​ការប្រើប្រាស់​ក្នុងស្រុក និង​ស្ថានភាព​នៃ​អត្រា​មាន​ការងារ​ធ្វើ​មាន​ភាពល្អប្រសើរ​។

លោក​លើកឡើង​ថា​៖ «​តាមរយៈ​ស្ថានភាព​បច្ចុប្បន្ន និង​ការដាក់ចេញ​គោលនយោបាយ​របស់​រដ្ឋាភិបាល ខ្ញុំ​គិតថា ការប្រមូល​ចំណូល​ឆ្នាំនេះ​នឹងមិន​មាន​គម្លាត​ឆ្ងាយ​ពី​ឆ្នាំ​ ២០២០ ទេ​»​។ លោក​បន្តថា​៖ «​ទោះជា​យ៉ាងណា បើ​រដ្ឋាភិបាល​អាច​ធ្វើការ​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​ទៅលើ​ការប្រមូល​ពន្ធ​ទៅលើ​វិស័យ​សំខាន់​មួយចំនួន​ (​សំណង់ និង​អចលនទ្រព្យ​) នោះ​ការប្រមូល​ចំណូល​ឆ្នាំ​ ២០២១ នេះ​អាច​នឹង​កើនឡើង​តិចតួច​បើ​ធៀប​ឆ្នាំមុន​»​។

សម្រាប់​ឆ្នាំ​ ២០២១ ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ មាន​ផែនការ​ប្រមូល​ចំណូល​ឱ្យបាន ៩ ០៨៤,៤២ ​ប៊ីលាន​រៀល (២ ២៤៣,០៧ ​លាន​ដុល្លារ​)​។

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក Fresh News ថា សម្រាប់​ចំណូល​ពន្ធ​ខែមករា ឆ្នាំ​ ២០២១ ឃើញថា​ធ្លាក់ចុះ​មែន ប៉ុន្តែ​បើ​ប្រៀបធៀប​នឹង​ខែធ្នូ ឆ្នាំ​ ២០២០ ចំណូល​នេះ​មិនបាន​ធ្លាក់ចុះ​ទេ ហើយ​បើតាម​ផែនការ​នៃ​ការប្រមូល​ចំណូល​ពន្ធ​ក្នុង​ឆ្នាំ​នេះ​លើស​បន្តិច​ផង​។ លោក​អះអាង​ថា​៖ «​ការថយចុះ​នៃ​ចំណូល​ពន្ធ​ខែ​ដំបូង​នេះ ដោយសារតែ​បញ្ហា​ជំងឺ​កូវីដ​១៩ ក៏ដូចជា​បញ្ហា​សេដ្ឋកិច្ច​ជារួម​»​។

ក្នុង​ឆ្នាំ​ ២០២០ ចំណូល​ពន្ធអាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន ២ ៨៨៩,០២ ​លាន​ដុល្លារ កើនឡើង ៣,៧៣ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​៕