Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានប្រកាសការលើកលែងការបង់ការប្រាក់ និងការផាកពិន័យ ចំនួន១ខែ

Sang Kim | Apr 07, 2021
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានប្រកាសការលើកលែងការបង់ការប្រាក់ និងការផាកពិន័យ ចំនួន១ខែ
Clinic narith

(ភ្នំពេញ)៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានប្រកាសការលើកលែងការបង់ការប្រាក់ និងការផាកពិន័យ ចំនួន១ខែ ចំពោះអតិថិជនដែលបានឆ្លងជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួម របស់សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានៅថ្ងៃទី០៧ ខែមេសានេះ។

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានបញ្ជាក់ថា «សម្រាប់អតិថិជន ដែលឆ្លងជំងឺកូវីដ១៩ នឹងត្រូវបានលើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេល៣ខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ១៩ នឹងត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច»។

ជាមួយគ្នានេះ សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក នឹងផ្តល់ការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេលមួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។ បន្តធ្វើការផ្តល់ ជូនការរៀបចំឥណទានឡើងវិញ ឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួល សម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។

ជាមួយគ្នានេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏បានប្រកាស បញ្ចេញឥណទានសង្រ្គោះបន្ទាន់ ឬបន្ថែមដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយ អត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ ព្រមទាំអធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយ សម្រាប់រស់នៅ (First Home Owner)។

ដោយឡែក សម្រាប់អតិថជនដែលទទួលមរណភាព ដោយជំងឺកូវីដ-១៩ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងផ្តល់នូវការអនុគ្រោះ តាមលទ្ធភាពជាក់ស្តែង របស់គ្រឹះស្ថាននីមួយៗ។

សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២១នេះ មានអតិថិជនប្រមាណ៣៤ម៉ឺននាក់ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំឥណទានប្រមាណ៤ប៊ីលានដុល្លារអាមេរិក។ ចំពោះយន្តការនៃការរៀបចំ ឥណទានឡើងវិញភាគច្រើន នៃអតិថិជនទាំងនោះ បានជ្រើសយកជម្រើសបង់តែការប្រាក់ ក្នុងរយៈពេល៣ទៅ៦ខែ ពន្យាររយៈពេលសងកម្ចី ឬផ្អាកបង់ទាំងការប្រាក់ និងប្រាក់ដើមរយៈពេល៣ទៅ៦ខែ ក្នុងករណីដែលអតិថិជនរងផលប៉ះពាល់ខ្លាំង។

ការរៀបចំឥណទានឡើងវិញ ត្រូវធ្វើឡើងអាស្រ័យតាមស្ថានភាព ជាក់ស្តែងរបស់អតិថិជន ហើយនឹងត្រូវធ្វើបន្តទៅទៀត ក្នុងអំឡុងពេលដែលវិបត្តិនេះ មិនទាន់បញ្ចប់នៅឡើយ៕

fn-2021-04-07-15-32-27-0fn-2021-04-07-15-32-27-1fn-2021-04-07-15-32-28-2