Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជា​នឹង​រៀបចំ​​ការ​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ជា​លើក​ដំបូង​ទៅ​កាន់​​ប្រទេស​ចិន

Admin Alynana | May 04, 2021
កម្ពុជា​នឹង​រៀបចំ​​ការ​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ជា​លើក​ដំបូង​ទៅ​កាន់​​ប្រទេស​ចិន
Clinic narith

ភ្នំពេញ៖ កម្ពុជា​នឹង​រៀបចំ​កម្មវិធី​សម្ពោធ​ជា​ផ្លូវ​ការ​នៃ​ការ​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ជា​លើក​ដំបូង​ដោយ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន នៅ​ថ្ងៃទី ៧ ខែ​ឧសភា ឆ្នាំ​នេះ បន្ទាប់​ពី​អគ្គ​រដ្ឋបាល​គយ​ចិន​អនុម័ត​ឲ្យ​ក្រុមហ៊ុន និង​ចម្ការ​ស្វាយ​ចំនួន ៤២ កាល​ពី​សប្តាហ៍​មុន។

កាល​ពី​ថ្ងៃទី ២៦ ខែ​មេសា​ ឆ្នាំ​នេះ រដ្ឋបាល​គយ​ចិន​បាន​អនុម័ត​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​បញ្ជី​ឈ្មោះ​ចម្ការ​ស្វាយ​ចំនួន ៣៧ និង​រោងចក្រ​វេច​ខ្ចប់​ចំនួន ៥ អាច​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ទៅ​កាន់​ប្រទេស​ចិន។

កាល​ពី​នៅ​ថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២០ កម្ពុជា​ និង​ចិន​បាន​ចុះ​ហត្ថលេខា​លើ​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន អះអាង​ថា ក្រុម​ការងារ​របស់​ក្រសួង​កសិកម្ម កំពុង​រៀបចំ​ពិធី​សម្ពោធ​នៅ​ក្នុង​ក្រុមហ៊ុន Al Jazeelan Food Pte., Ltd អគារ​លេខ ៧២២ ផ្លូ​លំ ភូមិ​សំរោងទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

លោក​រដ្ឋមន្ត្រី​ប៉ាន់​ប្រមាណ​ថា កម្ពុជា​អាច​ផ្គត់ផ្គង់​ផ្លែ​ស្វាយស្រស់​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន ប្រមាណ ១០ ម៉ឺន​តោន​ក្នុង ១ ឆ្នាំ ប៉ុន្តែ​លោក​មាន​ជំនឿ​ថា បរិមាណ​នេះ​នឹង​បន្ត​កើន​ឡើង​ពី ១ ឆ្នាំ​ទៅ ១ ឆ្នាំ។

 

 

លោក​ថ្លែង​ថា៖ «ក្រុមហ៊ុន​ធំៗ​ជាច្រើន​ទៀត​នឹង​ដំឡើង​រោងចក្រ​វេច​ខ្ចប់​ស្វាយ​នឹង​មាន​ការ​ទទួល​ស្គាល់​រដ្ឋបាល​គយ​ចិន​បន្ថែម​ទៀត ដែល​នឹង​ធ្វើ​ឲ្យ​ចំនួន​រោងចក្រ​កើន​ឡើង​ហើយ​បរិមាណ​ក៏​កើន​ឡើង​ផង​ដែរ»។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក ដែល​ជា​វិនិយោគ​លើ​ចម្ការ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​សប្តាហ៍​មុន​ថា ការ​ទទួល​បាន​ទីផ្សារ​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​កម្ពុជា​ដោយ​ផ្ទាល់​ទៅ​ចិន​នឹង​ជំរុញ​ឲ្យ​ម្ចាស់​ចម្ការ និង​អ្នក​នាំចេញ​បន្ត​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ចម្ការ​របស់​ខ្លួន​ពី​លក្ខណៈ​គ្រួសារ​ទៅ​ជា​លក្ខណៈ​ពាណិជ្ជកម្ម។

 

លោក​មាន​ប្រសាសន៍​ថា៖ «នេះ​មាន​ន័យ​ថា ផ្លែ​ស្វាយ​នឹង​មាន​គុណភាព​ស្តង់ដា​ស្រប​តាម​ការ​នាំចេញ​តម្រូវ នៅ​ពេល​កម្ពុជា​យើង​ទទួល​បាន​ការ​នាំចេញ​ផ្លូវ​ការ​ដូច​នេះ ម្ចាស់​ចម្ការ​ស្វាយ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​នឹង​មាន​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ផ្លែ​ស្វាយ​ត្រូវ​តាម​ស្តង់ដា​របស់​អគ្គរដ្ឋបាល​គយ​ចិន។
លោក​ឲ្យ​ដឹង​ទៀត​ថា៖ «រដូវ​ស្វាយ​យើង​អាច​ប្រមូល​ផល​បាន​មួយ​លើក​ទៀត​ក្នុង​ខែ​ឧសភា​នេះ ដែល​អាច​នាំចេញ​បាន​មួយ​ចំនួន​ទៅ​ទីផ្សារ​ចិន»។

បច្ចុប្បន្ន​កម្ពុជា​មាន​ផ្ទៃដី​ដាំស្វាយ ១២៤ ៣១៩ ហិកតា ផ្តល់​ផល​ជា​មធ្យម ១៥,៥ តោន ក្នុង ១ ហិកតា សម្រាប់ ១ រដូវកាល ខណៈ ១ ឆ្នាំ​គេ​អាច​ប្រមូល​ផល​បាន ២ ដង៕