Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជាចម្រាញ់រ៉ែមាសបាន ៥,៣ តោន ដែលផ្ដល់ចំណូលសួយសារ និងចំណូលពន្ធដារចូលរដ្ឋសរុបប្រមាណជាង ១៥លានដុល្លារអាមេរិក

Admin Alynana | Jan 28, 2023
កម្ពុជាចម្រាញ់រ៉ែមាសបាន ៥,៣ តោន ដែលផ្ដល់ចំណូលសួយសារ និងចំណូលពន្ធដារចូលរដ្ឋសរុបប្រមាណជាង ១៥លានដុល្លារអាមេរិក
Clinic narith

គិតចាប់តាំងពីបានចាប់ផ្ដើមឧស្សាហកម្មរ៉ែមាសលើកដំបូងកាលពីខែមិថុនា ឆ្នាំ២០២១ រហូតដល់ដំណាច់ឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជាចម្រាញ់រ៉ែមាសបាន ៥,៣ តោន ដែលផ្ដល់ចំណូលសួយសារ និងចំណូលពន្ធដារចូលរដ្ឋសរុបប្រមាណជាង ១៥លានដុល្លារអាមេរិក។ នេះបើតាមការអះអាងរបស់ មន្រ្តីនៃអគ្គនាយកដ្ឋានរ៉ែ និងថាមពល នៅក្នុងវេទិកាសាធារណៈ «ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ។

នៅក្នុងវេទិកាសាធារណៈ «ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៣» តាមការចង្អុលបង្ហាញរបស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ម​ន្រ្តីមួយរូបនៃអគ្គនាយកដ្ឋានរ៉ែ និងថាមពល បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២២ កម្ពុជា​ចម្រាញ់រ៉ែមាសបានប្រមាណ ៥,៣ តោន ដោយទទួលបានថវិកា​ចូលរដ្ឋ​ជាសួយសារអាករ​ជាង ៨លានដុល្លារ។ ជាមួយគ្នានេះ តំណាងមន្រ្តីនៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានលើក​ឡើងដែរថា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូល​ពី​វិស័យរ៉ែមាស​នេះ បានចំនួន ៦,៥លានដុល្លារបន្ថែមទៀតផងដែរ។ ដូច្នេះ សរុបជារួម រដ្ឋទទួលបានចំណូល​ប្រមាណ ១៥លានដុល្លារ ពីការចម្រាញ់មាសបាន ៥,៣តោនគិតត្រឹមចុងឆ្នាំ២០២២កន្លងទៅនេះ។ យ៉ាងណាមិញ ឯកឧត្តម វង្សី វិស្សុត បញ្ជាក់ថា ចំណូលរបស់វិស័យរ៉ែមាសនេះ នៅដំណាក់កាលដំបូងៗគឺមានចំនួនតិចតួចមែន ក៏ប៉ុន្តែ ឯកឧត្តមមានក្តីរំពឹងថា ចំណូលវិស័យរ៉ែមាសកម្ពុជានឹងមានការកើនឡើងបន្តបន្ទាប់ទៀតនាពេលអនាគត។

ពាក់ព័ន្ធនឹងការអភិវឌ្ឍមូលដ្ឋាន ម​ន្រ្តីនៃអគ្គនាយកដ្ឋានរ៉ែ និងថាមពល ក៏បានគូសបញ្ជាក់ដែរថា ដោយសារតែបច្ចុប្បន្ន ក្រសួងរ៉ែ និងថាមពល មានមូលនិធិអភិវឌ្ឍន៍សហគមន៍ ដោយគ្រប់ម្ចាស់អាជ្ញាប័ណ្ណទាំងអស់ មានកាតព្វកិច្ចត្រូវបង់ថវិកាទៅកាន់ក្រសួងរ៉ែ និងថាមពលជាអ្នកគ្រប់គ្រង ដូចនេះ ចំណូលខ្លះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយត្រឡប់ទៅវិញ ទៅលើការអភិវឌ្ឍនៅតាមមូលដ្ឋានដែលធ្វើអាជីវកម្មរ៉ែមាសទាំងនោះ។

បើតាមការបញ្ជាក់ របស់មន្រ្តីនៃអគ្គនាយកដ្ឋានរ៉ែ និងថាមពល បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៧ ដែលទទួលបាន​ អាជ្ញាប័ណ្ណធ្វើ​អាជីវកម្មឧស្សាហកម្មរ៉ែមាស នៅក្នុងខេត្តចំនួន ៤ រួមមាន ខេត្តមណ្ឌលគិរី រតនគិរី បាត់ដំបង និង ព្រះវិហារ។ ក៏ប៉ុន្តែក្រុម​ហ៊ុន ដែល​ធ្វើអាជីវ​កម្មដើរដោយរលូន និងទទួលបានផលិតផលច្រើនជាងគេនោះគឺក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត របស់ប្រទេសអូស្ត្រាលី ដែលមានទីតាំងនៅខេត្តមណ្ឌលគិរី ដោយឡែកក្រុមហ៊ុនដទៃទៀត ដែលកំពុងធ្វើអាជីវកម្មដែរ តែទទួល​បានសមិទ្ធផលតិចតួចប៉ុណ្ណោះ។​

គួររំលឹកថា រដ្ឋាភិបាលកម្ពុជា​បានប្រកាស​ដាក់​ឲ្យដំណើរការ​រោង​ចក្រ​ចម្រាញ់​រ៉ែមាស​លក្ខណៈ​ឧស្សាហកម្មជាលើក​ដំបូងនៅកម្ពុជា គឺរោងចក្រ​ដែល​ប្រតិបត្តិការ​ដោយក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត របស់ប្រទេសអូស្ត្រាលី ដោយ​រំពឹងថាក្រុមហ៊ុនមួយនេះ ​អាច​ផលិត​មាស​សុទ្ធ​បាន​ប្រមាណ​ ៣​តោន​ក្នុង​១​ឆ្នាំ និង​រំពឹង​​អាច​ផ្តល់​ចំណូល​ដុល​ជា​មធ្យម ​១៨៥​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ផងដែរ៕