Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការប្រើប្រាស់ប្រេងឥន្ធនៈនៅកម្ពុជា កើនដល់ប្រមាណ១៩ម៉ឺនលីត្រ ក្នុងមួយខែ

Admin Alynana | Mar 18, 2023
ការប្រើប្រាស់ប្រេងឥន្ធនៈនៅកម្ពុជា កើនដល់ប្រមាណ១៩ម៉ឺនលីត្រ ក្នុងមួយខែ
Clinic narith

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ការប្រើប្រាស់ប្រេងឥន្ធនៈជាទូទៅនៅក្នុងប្រទេសកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ មានចំនួនប្រហាក់ប្រហែល ១៩ម៉ឺនលីត្រ នៅក្នុងមួយខែៗ។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមាន​ប្រសាសន៍​ថា ទោះបីមានតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈកើនឡើងក្តី កម្ពុជាមិនប្រឈមខ្វះខាតដែរ ដោយសារតែកិច្ចសហការដ៏ល្អ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជន​ដែលនាំចូលប្រេង សុទ្ធតែ​បានរួមសហការគ្នាទៅវិញទៅមក​ ធ្វើយ៉ាងណាធានាឲ្យបរិមាណប្រេងគ្រប់គ្រាន់សម្រាប់លក់ និងតម្លៃសមរម្យអាចទទទួលយកបានទាំងសងខាង រវាងអ្នកលក់ ​និងទិញយកទៅប្រើប្រាស់។

ឯកឧត្តម ​បានបន្តថា ក្នុងពេលតម្លៃប្រេងកំពុងមានការប្រែប្រួល ​រាជរដ្ឋាភិបាលបាន​ឧបត្ថម្ភ​ធន ៦,៥សេនដុល្លារក្នុងមួយលីត្រ ​ដែលកាលពីមុនត្រឹមតែ ៤សែនប៉ុណ្ណោះ។

ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ក្នុងពេលកន្លងមក ​ពួកគាត់ធ្លាប់មានការព្រួយបារម្ភខ្លះដែរអំពីការខ្វះខាតប្រេង ដោយសារតែការប្រើប្រាស់មានច្រើនជាងមុន ។ ពួកគាត់ ឲ្យដឹងទៀតថា បើនិយាយ​ដល់តម្លៃ​លក់រាយប្រេងឥន្ធនៈក្នុងពេលនេះ ​គឺអាចទទួលយកបាន ខណៈពីមុន​ប្រេងឥន្ធនៈធ្លាប់ឡើង​ថ្លៃដល់ជាង ​៥ ០០០រៀល ក្នុង១លីត្រ ហើយ​បច្ចុប្បន្ននេះ​សម្រាប់ប្រេងសាំងធម្មតាតម្លៃ ៤ ៣០០រៀល ​និងប្រេងម៉ាស៊ូត ៤ ២៥០រៀល ក្នុង១លីត្រ។

សូមបញ្ជាក់ថា ​កាលពីថ្ងៃទី១៦ ខែមីនាកន្លងទៅនេះ ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំ​ឲ្យ​ក្រសួងពាក់ព័ន្ធ ​ពិភាក្សាជាមួយក្រុមហ៊ុនឯកជន ​ដើម្បីគ្រប់គ្រងថ្លៃលក់រាយប្រេងឥន្ធនៈ និង​រៀបចំស្តុកប្រេងឥន្ធនៈ ​ខណៈសភាពការណ៍ប្រេងលើទីផ្សារអន្តរជាតិមានការប្រែប្រួល និង​តម្រូវការប្រើប្រាស់ច្រើនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ​នាពេលខាងមុខនេះ។

បើតាមឯកឧត្តមអនុរដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា បច្ចុប្បន្នប្រេង​ឥន្ធនៈដែល​កម្ពុជាប្រើប្រាស់ ត្រូវបាន​នាំចូលពីប្រទេសសិង្ហបុរី វៀតណម និងថៃជាដើម៕