Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ព្រះមហាក្សត្រនឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា រយៈពេល៣ថ្ងៃ

Media LNN | May 27, 2023
ព្រះមហាក្សត្រនឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា រយៈពេល៣ថ្ងៃ
Clinic narith

រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ខណៈប្រជាជាតិទាំងពីរកំពុងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត...។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះរាជទស្សនកិច្ចផ្លូវរដ្ឋធ្វើឡើងតបតាមការសូមយាងរបស់លោកជំទាវ ដ្រូប៉ាឌី មួរមូ (Droupadi Murmu) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា។ ក្នុងអំឡុងពេលនៃព្រះរាជទស្សនកិច្ចនេះ លោកជំទាវ ដ្រូប៉ាឌី មួរមូ  និងឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា នឹងទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលក្នុងឱកាសនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនឹងត្រូវលើកយកមកពិភាក្សា។ ទន្ទឹមនឹងនោះ ព្រះមហាក្សត្រសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតជូនឯកឧត្ដម ចាក់ឌីប ដាន់ខា (Jagdeep Dhankhar) អនុប្រធានាធិបតី និងឯកឧត្តមបណ្ឌិត ស៊ូ ប្រាម៉ាន់យ៉ាំ ចៃហ្សាន (Subrahmanyam - Jaishankar) រដ្ឋមន្ត្រីការបរទេសចូលក្រាបបង្គំគាល់ និងសវនាការផងដែរ។

យ៉ាងណាមិញ ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅមណ្ឌប Mahatma Gandhi។ បន្ទាប់មក លោកជំទាវ ដ្រូប៉ាឌី មួរមូ នឹងរៀបចំព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋថ្វាយព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ គូសបញ្ជាក់ផងដែរថា ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រនៅសាធារណរដ្ឋឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយក្នុងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងបេតិកភណ្ឌវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ៕