Alynana Media Cambodia
Icon Collap
clinic narit

ទឹកប្រាក់​ដែល​កម្ពុជា​នាំ​ទំនិញ​ទៅ​ប្រទេស​ឥណ្ឌា ​កើន​ជិត ៥០%

Media LNN | Jul 26, 2023
ទឹកប្រាក់​ដែល​កម្ពុជា​នាំ​ទំនិញ​ទៅ​ប្រទេស​ឥណ្ឌា ​កើន​ជិត ៥០%
Clinic narith

ភ្នំពេញៈ ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌា​បាន​បន្ត​សញ្ញា​វិជ្ជមាន​ជា​បន្តបន្ទាប់ ជាក់ស្តែង​ក្នុង​ឆមាស​ទី១ ឆ្នាំ ​២០២៣ ចំនួន​ទឹកប្រាក់​ទទួលបាន​គឺ​ជាង ១២៣​ លាន​ដុល្លារ កើនឡើង​ជិត ៥០ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូច​​គ្នា​ឆ្នាំ​ ២០២២ ខណៈ​ពាណិជ្ជកម្ម​ទ្វេ​​ភាគី​សម្រេចបាន​ជាង ២៣២ ​លាន​ដុ​ល្លារ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។​

​ទិន្នន័យ​កត់ត្រា​ដោយ GDCE បាន​បង្ហាញថា ពី​ខែមករា​ដល់​ខែមិថុនា ឆ្នាំ​ ២០២៣ ទំនិញ​កម្ពុជា​នាំទៅ​ប្រទេស​​ឥណ្ឌា មាន​ចំនួន ១២៣,៥៧​ លាន​ដុ​ល្លារ កើន ៤៧,៨​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ដែលមាន ៨៣,៥៩ ​លាន​ដុល្លារ​។ ចំណែក​ទំនិញ​នាំចូល​ពី​ឥណ្ឌា មាន​ចំនួន ១០៩,០២ លាន​ដុល្លារ ធ្លាក់ចុះ ២២,៧​ ភាគរយ​ពី​ចំនួន ១៤១,០២​ លាន​ដុល្លារ​។​

​យោងតាម GDCE សម្រាប់​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ ២ គឺ ២៣២,៥៩​ លាន​ដុល្លារ កើន ៣,៦ ​ភាគរយ​ពី​ចំនួន ២២៤,៦១​ លាន​ដុ​​ល្លារ​។ ឥណ្ឌា គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​១៩ របស់​កម្ពុជា ហើយ​បើ​ផ្អែក​តាម​តួលេខ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព ១៤,៥៥​ លាន​ដុល្លារ​។​

​ដោយឡែក​សម្រាប់​ខែមិថុនា ឆ្នាំ​ ២០២៣ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​រវាង​ប្រទេស​ទាំង​ ២ មាន​ចំនួន ៣១,៩១ ​លាន​ដុល្លារ ធ្លាក់ចុះ ២៥,៩៨ ភាគរយ ដោយ​ការនាំចេញ​របស់​កម្ពុជា​ចំនួន ១៤,៣៩ ​លាន​ដុល្លារ កើនឡើង ១,៨ ​ភាគរយ និង​ទំនិញ​នាំ​ពី​ឥណ្ឌា មាន​ចំនួន ១៧,៥២ ​លាន​ដុល្លារ ធ្លាក់ចុះ ៣៩,៥ ​ភាគរយ​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៥ កក្កដា ថា តាម​ការសង្កេត​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង ​២ បាន​កើន​ឡើងជា​បន្ត​បន្ទាប់ ពិសេស​ការនាំ​ចេញពី​កម្ពុជា​។ ឥណ្ឌា គឺជា​ប្រទេស​ធំ មាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក និង​មាន​សកម្មភាព​សេដ្ឋកិច្ច​ខ្លាំង ដូច្នេះ​បើ​​សិន​កម្ពុជា​អាចមាន​ទំនិញ​សក្តានុពល​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ឥណ្ឌា គឺ​ពិតជា​ពិសេស​។ លោក​បន្តថា ឱកាស​នាំ​ទំនិញ​ទៅ​ទីផ្សារ​ធំ គឺជា​អ្វីដែល​គ្រប់​ប្រទេស​ចង់បាន ខណៈ​ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា​-​ឥណ្ឌា នៅពេលនេះ​ធៀប​នឹង​ប្រទេស​ដទៃទៀត​គឺ​នៅមានកម្រិត​តិចតួច​នៅឡើយ​។​

 

​លោក​បាន​ថ្លែងថា​៖ «​ការពង្រឹង និង​ពង្រីក​ផ្នែក​ការទូត និង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​នានា​ពិត​ជាមាន​ភាពចាំបាច់ ពិសេស​ជាមួយ​ទីផ្សារ​ប្រទេស​ធំៗ​។ ខ្ញុំ​គិតថា ឥណ្ឌា​នឹង​ក្លាយជា​ដៃគូ​ពា​ណិ​​ជ្ជ​កម្ម​ដ៏​សំខាន់​របស់​កម្ពុជា​នៅពេល​អនាគត​»​។​

​លោក​លើកឡើង​ទៀតថា ដោយសារ​កម្ពុជា​-​ឥណ្ឌា មាន​រឿងរ៉ាវ​ប្រវត្តិ​សា​​ស្ត្រ និង​ទំនាក់ទំនង​វប្បធម៌​ប្រពៃណី និង​សាសនា​ជាមួយគ្នា ដូច្នេះ​ប្រទេស​ទាំង​ ២​ ក៏មាន​ឱកាស​ច្រើន​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ប្រទេស​រៀងៗ​ខ្លួន​ផងដែរ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ថ្មីៗ​នេះ​និយាយថា កម្ពុជា​-​ឥណ្ឌា មាន​ទំនាក់ទំនង​ផ្នែក​វប្បធម៌​ប្រពៃណី និង​ប្រវត្តិសាស្ត្រ​ជា​មួយ​គ្នា​ជា​យូរ​មកហើយ​។ ឥណ្ឌា​ជា​ប្រទេស​ធំ និង​មាន​ប្រជាជន​ច្រើន​ដូច្នេះ​បើ​កម្ពុជា​អាចមាន​ទំនិញ​នាំទៅ​កាន់​ឥណ្ឌា​កាន់តែច្រើន គឺជា​រឿង​ល្អ​ណាស់​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ លោក​បាន​បន្ថែមថា បន្ទាប់ពី​ថមថយ​មួយរយៈ​ក្នុងអំឡុងពេល​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ ​១៩ ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ កំពុងមាន​សម្ទុះ​ឡើង​គួរឱ្យកត់សម្គាល់ ពិសេស​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌា​។​

​លោក​ថ្លែងថា​៖ «​ទោះបី​ទឹកប្រាក់​នាំ​ទំនិញ​ចេញ​-​ចូល​របស់​ប្រទេស​ទាំង​ ២ នៅ​មិនទាន់​ច្រើន ប៉ុន្តែ​តាមរយៈ​ទំនាក់​ទំនង​កាន់តែ​ល្អ​រវាង​រដ្ឋាភិបាល​រប​ស់​ប្រទេស​ទាំង​ ២ ខ្ញុំ​សង្ឃឹមថា ទំហំ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី នឹង​កើនឡើង​ច្រើន​ថែមទៀត​ក្នុងពេល​ឆាប់ៗ​នេះ​»​។​

​យោងតាម​លោក លឹម ហេង ទំនិញ​សក្តានុពល​ដែល​កម្ពុជា​នាំទៅ​ឥណ្ឌា រួមមាន ផលិតផល​វាយ​ន​ភណ្ឌ និង​កសិកម្ម ចំណែក​ទំនិញ​នាំ​ពី​ឥណ្ឌា​មកវិញ គឺជា​ផលិតផល​បច្ចេកវិទ្យា សម្ភារ​វេជ្ជសាស្ត្រ និង​ឱសថ ជាដើម​។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេ​សាទ កន្លងមក​បានឱ្យដឹង​ថា កម្ពុជា​បាន​នាំ​កសិផល​មួយចំនួន​ទៅ​ប្រទេស​ឥណ្ឌា មានដូចជា ម្សៅដំឡូង​មី​, ដូង​ប្រេង​, ម្រេច​, និង​គ្រាប់ស្វាយចន្ទី​។​

​បណ្តាញ​សង្គម​ផ្លូវការ​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌា បានឱ្យដឹងថា កាលពី​ថ្ងៃទី ​១៨ ខែកក្កដា ឯក​​អគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌា លោក កុយ គួ​ង បាន​ពិភាក្សា​ជាមួយ​លោក BC Datta តំណាង​ក្រុមហ៊ុន OLA Electric របស់​ឥណ្ឌា ដើម្បី​ពិភាក្សា​អំពី​គោលបំណង​ស្វែង​​រក​ឱកាស និង​ទីផ្សារ​លក់​ទោចក្រយាន​យន្ដ​អគ្គិសនី​នៅ​កម្ពុជា​។ ក្នុងឱកាស​នោះ លោក កុយ គួ​ង បាន​សម្តែង​ការស្វាគមន៍​ចំពោះ​បំណង​របស់លោក BC Datta និង​បាន​ណែនាំ​ទៅ​លោក​អំពី​តម្រូវការ និង​នីតិវិធី​ផ្លូវច្បាប់​ដើម្បី​បាន​នាំយក​ផលិតផល​ទៅ​លក់​នៅក្នុង​ទីផ្សារ​កម្ពុជា​។​

​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​ សីហមុនី កាលពី​ថ្ងៃទី ២៩ ដល់​ថ្ងៃទី​ ៣១ ខែឧសភា ឆ្នាំ​ ២០២៣ កន្លងមក​បាន​សព្វព្រះរាជហឫទ័យ​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​សា​ធា​​រណ​រដ្ឋ​ឥណ្ឌា ចំពេល​ប្រទេស​ទាំង ២​ កំពុង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​។ ដំណើរ​ទស្សនកិច្ច​រប​ស់​ព្រះមហាក្សត្រ​នេះ​ធ្វើឡើង​តាម​ការយាង​របស់លោក​ស្រី ប្រធានាធិបតី​ឥណ្ឌា​។​

​ក្នុង​ឆ្នាំ ​២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​កម្ពុជា​-​ឥណ្ឌា មាន​ទឹកប្រាក់​សរុប ៤៤០ ​លាន​ដុល្លារ កើន ៤១,៣៧ ​ភាគរយ ពី​ចំនួន ៣១១,២៤ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២១ ដោយ​កម្ពុជា​នាំ​ទំនិញ​ទៅ​ឥណ្ឌា ១៩៦,៦៣ ​លាន​ដុល្លារ កើន ៥៦​ ភាគរយ និង​ឥណ្ឌា​នាំ​ទំនិញ​មកវិញ ២៤៣,៣៧ លាន​ដុល្លារ កើន ៣១,៤ ​ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕