Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
Borey Vimean Samnang បុរី វិមានសំណាង
TopContent CheckinMe
TopContent KW SAM SN

ចិនបានថ្កោលទោសសេចក្តីថ្លែងការណ៍រួម របស់មេដឹកនាំក្រុមប្រទេសប្រជាធិបតេយ្យ G7 ដែលព្យាយាមបង្ខូចមុខមាត់ខ្លួន

Sang Kim | Jun 14, 2021
ចិនបានថ្កោលទោសសេចក្តីថ្លែងការណ៍រួម របស់មេដឹកនាំក្រុមប្រទេសប្រជាធិបតេយ្យ G7 ដែលព្យាយាមបង្ខូចមុខមាត់ខ្លួន
TopContent KW SAM SN Middle

(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ ចិនបានថ្កោលទោសសេចក្តីថ្លែងការណ៍រួម របស់មេដឹកនាំក្រុមប្រទេសប្រជាធិបតេយ្យ G7 ដែលបានរិះគន់លើចិន ជុំវិញបញ្ហាជាច្រើន។ ទីក្រុងប៉េកាំងបានចាត់ទុកវាថាជា ការជ្រៀតជ្រែតកិច្ចការផ្ទៃក្នុងប្រទេសចិន ហើយបានទទូចឲ្យពួកគេបញ្ឈប់ការបង្ខូចមុខមាត់ចិនតទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។

មេដឹកនាំក្រុមប្រទេស G7 កាលពីថ្ងៃអាទិត្យកន្លងទៅ បានចេញសេចក្តីថ្លែងការណ៍រិះគន់លើចិន ជុំវិញបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ស៉ីនជាំង និងបានអំពាវនាវឲ្យហុងកុងរក្សាស្វយ័តភាពកម្រិតខ្ពស់ ហើយសង្កត់ធ្ងន់អំពីសារសំខាន់នៃសុខសន្តិភាព និងស្ថិរភាពនៅត្រើយទាំងសងខាងនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ខណៈទាំងអស់នេះសុទ្ធតែជាបញ្ហារសើបៗបំផុត សម្រាប់ទីក្រុងប៉េកាំង។

ជាការឆ្លើយតប ស្ថានទូតចិននៅទីក្រុងឡុងដ៍ បាននិយាយថា ខ្លួនមិនពេញចិត្តជាខ្លាំង និងជំទាស់ដាច់ខាត ចំពោះការលើកឡើងអំពីស៉ីនជាំង ហុងកុង និងតៃវ៉ាន់ ដោយបំភ្លៃការពិត ហើយវាស្តែងឲ្យឃើញពីចេតនាអាក្រក់របស់ប្រទេសមួយចំនួនតូច ដូចជាសហរដ្ឋអាមេរិក ជាដើម។ ស្ថានទូតចិនបានបន្តថា នៅចំពោះមុខវិបត្តិ COVID-19 និងការថយចុះនៃសេដ្ឋកិច្ចសកល សហគមន៍អន្តរជាតិ ត្រូវការសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងអស់ ជាងការការបំផុសឲ្យមានការបែកបាក់មិនចុះសម្រុងគ្នា ពីសំណាក់ប្រទេសខ្លះ។

ជាចុងក្រោយ ស្ថានទូតចិនបានបន្ថែមថា ចិនគឺជាប្រទេសស្រឡាញ់សន្តិភាព ដែលគាំទ្រកិច្ចសហប្រតិបត្តិការ ប៉ុន្តែក៏មានខ្សែបន្ទាត់ក្រហម របស់ខ្លូនផងដែរ គឺកិច្ចការផ្ទៃក្នុងរបស់ចិន មិនត្រូវមានការជ្រៀតជ្រែត, មុខមាត់របស់ចិនក៏មិនត្រូវបង្ខូចបង្អាប់ ហើយផលប្រយោជន៍របស់ចិន នឹងត្រូវរំលោភបំពានដាច់ខាត។ ចិននឹងការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍរបស់ខ្លួន ព្រមទាំងតទល់យ៉ាងស្វាហាប់ ប្រឆាំងនឹងភាពអយុត្តិធម៌ និងការបំពានគ្រប់បែបយ៉ាង ដែលធ្វើឡើងមកលើចិន៕