Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រាក់រៀលបានដាក់ជួញដូររូបិយប័ណ្ណជាលើកដំបូង នៅព្រលានយន្តហោះអន្តរជាតិ Haneda ទីក្រុងតូក្យូ

Media LNN | Apr 17, 2024
ប្រាក់រៀលបានដាក់ជួញដូររូបិយប័ណ្ណជាលើកដំបូង នៅព្រលានយន្តហោះអន្តរជាតិ Haneda ទីក្រុងតូក្យូ
Clinic narith

 

ប្រាក់រៀលរបស់កម្ពុជា ត្រូវបានបញ្ចូលនៅក្នុងតារាងជួញដូររូបិយប័ណ្ណជាលើកដំបូង ក្នុង​បញ្ជរ​ប្តូរ​ប្រាក់​មួយ នៅព្រលានយន្តហោះ អន្តរជាតិ Haneda ទីក្រុងតូក្យូ នេះជាសក្ខីភាពបញ្ជាក់ថា ប្រាក់​រៀល​អាច​ជួញដូរជាលក្ខណៈអន្តរជាតិ និងឆ្លុះបញ្ចាំងអំពីជំនឿទុកចិត្ត និងការ​ទទួល​ស្គាល់​ប្រាក់​រៀល​កាន់​តែ​ទូលំទូលាយ។

ឯកឧត្តម គីមទី កោមលី អគ្គនាយកប្រតិបត្តិការធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២៤​ម្សិល​មិញនេះ បាន អញ្ជើញចូលរួមកាត់ខ្សែបូរ សម្ភោធដាក់​បញ្ចូល​ប្រាក់​រៀល​នៅ​ក្នុង​តារាង​ជួញ​ដូររូបិយប័ណ្ណ នៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅព្រលាន​យន្ត​ហោះ​អន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និង​ក្រុម​ហ៊ុន Travelex, ដោយការ​ដាក់​ឱ្យ​មាន​ការ​ជួញ​ដូរ​ប្រាក់​រៀល​ជា​លើក​ដំបូង​នៅ​ប្រទេស​ជប៉ុន​នេះ នឹងសម្រួលជួយទេសចរជប៉ុន ដែលទៅ ទស្សនកិច្ចនៅប្រទេសកម្ពុជា អាចប្ដូរ​យក​ប្រាក់​រៀល​ដោយ​ងាយ​ស្រួល ព្រមទាំងជួយជំរុញភ្ញៀវទេសចរអន្តរជាតិ មកទស្សនាប្រទេស កម្ពុជាកាន់តែ​ច្រើ​ន​ជាងមុន។

ជុំវិញការដាក់បញ្ចូលប្រាក់រៀល នៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ នៅ​ទីក្រុង​តូក្យូ នេះបានបង្ហាញនូវ ការរីកចម្រើនប្រាក់រៀល និងជាសក្ខីភាពបញ្ជាក់ថា ប្រាក់​រៀល​អាច​ជួញ​ដូរជាលក្ខណៈអន្តរជាតិ និងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿ ទុកចិត្ត និង​ការ​ទទួល​ស្គាល់​ប្រាក់​រៀល​កាន់តែទូលំទូលាយ ដែលនេះជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពប្រាក់រៀល នៅក្នុងរយៈពេលពីរទសវត្សរ៍មកនេះ។

គួរបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលក្រុមហ៊ុន Travelex បាន​សហការ​ជា​មួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ នៃការដាក់បញ្ចូលប្រាក់រៀល នៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់​ពី​បានដាក់បញ្ចូលនៅព្រលានយន្តហោះអន្តរជាតិ Changi ប្រទេសសិង្ហបុរី កាលពីឆ្នាំ ២០២៣​, ហើយពេលខាងមុខ ធនាគារជាតិនៃកម្ពុជានឹងបន្តសហការជាមួយក្រុមហ៊ុន Travelex ដើម្បីដាក់ ប្រាក់រៀលនៅលើតារាង​ជួញដូរ​នៅ​មជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​ជា​ច្រើន​ទៀត​នៅ​លើ​ពិភព​លោក៕