Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងការងារ និងស្រុកហ្វាឆន់នៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នាពង្រីកកិច្ចសហការលើវិស័យការងារ

Media LNN | Mar 16, 2024
ក្រសួងការងារ និងស្រុកហ្វាឆន់នៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នាពង្រីកកិច្ចសហការលើវិស័យការងារ
Clinic narith

 

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយលោក ឆ្វេ មូនស៊ូន (Choi Moon Soon) អភិបាលស្រុកហ្វាឆន់ ខេត្តកាំងវ៉ុនដូនៃសាធារណរដ្ឋកូរ៉េដើម្បីផ្តល់ឱកាសដល់ពលរដ្ឋកម្ពុជាដែលមានបំណងទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្លែងក្នុងជំនួបទ្វេភាគីមុនពិធីចុះហត្ថលេខា ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកអភិបាល ស្រុកហ្វាឆន់ចំពោះការទទួលយកពលករពីកម្ពុជានាពេលនេះ និងតាមរយៈការជ្រើសរើសពលកររដូវកាលទៅធ្វើការនៅក្នុងស្រុកហ្វាឆន់ នឹងធ្វើឱ្យរដ្ឋបាលក្រុង ស្រុកផ្សេងទៀតនៃខេត្តកាំងវ៉ុនដូចាប់អារម្មណ៍ទទួលយកពលករពីកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានស្នើឱ្យលោក ឆ្វេ មូនស៊ូន (Choi Moon Soon) អភិបាលស្រុកហ្វាឆន់ ខេត្តកាំងវ៉ុនដូនៃសាធារណរដ្ឋកូរ៉េ គិតគូរ និងមើលថែពីសុខទុក្ខរបស់ពលរដ្ឋខ្មែរដែលនឹងត្រូវធ្វើការនៅក្នុងស្រុកហ្វាឆន់ នៃសាធារណរដ្ឋកូរ៉េខាងមុខ ក្រោយការចុះអនុស្សរណៈដ៏សំខាន់នាពេលនេះ។

ទន្ទឹមនឹងនោះ លោកអភិបាលស្រុក បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីសម្រាប់កិច្ចសហការប្រកបដោយទំនុកចិត្តរបស់ក្រសួងនាពេលនេះ និងបានគូសបញ្ជាក់ថា ពលករកម្ពុជាមានភាពស្មោះត្រង់ និងខិតខំប្រឹងប្រែងធ្វើការ ដែលធ្វើឱ្យនិយោជកកូរ៉េមានការពេញចិត្តយ៉ាងខ្លាំង ខណៈដែលក្រសួងធ្លាប់មានបទពិសោធន៍គ្រប់គ្រាន់លើការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ(EPS) រួមទាំងការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបញ្ជូនពលកររដូវកាលជាមួយក្រុងនិងស្រុករបស់សាធារណរដ្ឋកូរ៉េជាច្រើនមកហើយ។

សូមបញ្ជាក់ថា រាល់ការបញ្ជូនពលករកម្ពុជាទៅក្រៅប្រទេសទាំងអស់ រួមទាំងកម្មវិធីពលកររដូវកាលទៅសាធារណរដ្ឋកូរ៉េ គឺត្រូវឆ្លងកាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាពីប្រសិទ្ធភាព និងការគាំពារសិទ្ធិរបស់ពលករ៕