Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF រំពឹងថា ស្រីលង្កានឹងឆ្លងផុតដំណាក់កាលត្រួតពិនិត្យថវិកាសង្គ្រោះលើកដំបូង

Media LNN | Jul 22, 2023
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF រំពឹងថា ស្រីលង្កានឹងឆ្លងផុតដំណាក់កាលត្រួតពិនិត្យថវិកាសង្គ្រោះលើកដំបូង
Clinic narith

(កូឡំបូ)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ប្រទេសស្រីលង្កាមានឱកាសដ៏រឹងមាំក្នុងការជាប់ដំណាក់កាលត្រួតពិនិត្យលើកដំបូងនៃថវិកាសង្គ្រោះចំនួន ៣ពាន់លានដុល្លាររបស់ខ្លួនដោយសារការធ្លាក់ចុះអត្រាការប្រាក់និងការកើនឡើងប្រាក់បម្រុងរូបិយប័ណ្ណបរទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Krishnamurthy Subramanian អ្នកតំណាងរបស់មូលនិធិ IMF ទទួលបន្ទុកប្រទេសស្រីលង្កា ឥណ្ឌា បង់ក្លាដែស និងប៉ូតង់ថា កិច្ចប្រឹងប្រែងរបស់ប្រទេសស្រីលង្កាក្នុងការសម្រេចបាននិរន្តរភាពបំណុលស្របតាមការកំណត់របស់ IMF ក៏កំពុងដំណើរការយ៉ាងរលូនផងដែរ។ លោក Subramanian ដែលក៏ជានាយកប្រតិបត្តិម្នាក់ក្នុងចំណោម ២៤នាក់នៅក្នុងក្រុមប្រឹក្សាភិបាលនៃមូលនិធិ IMF ផងដែរនោះបានបន្ថែមថា មន្ត្រី IMF នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសស្រីលង្កាក្នុងខែកញ្ញា «ដើម្បីវាយតម្លៃស្ថានភាព»។

ការសម្រេចចិត្តលើការបញ្ចេញប្រាក់កម្ចីដូចជាប្រាក់កម្ចីដែលផ្តល់ជូនប្រទេសស្រីលង្កានាពេលខាងមុខនេះតម្រូវឱ្យមានការបោះឆ្នោតមតិភាគច្រើនរបស់ក្រុមប្រឹក្សាភិបាល ដែលជាស្ថាប័នគ្រប់គ្រងសម្រាប់មូលនិធិ IMF។ លោក Subramanian បានបញ្ជាក់យ៉ាងច្បាស់ថា ទស្សនៈដែលគាត់បានលើកឡើងនេះគឺជាទស្សនាផ្ទាល់ខ្លួនរបស់គាត់ និងថា គាត់មិនអាចនិយាយពីទិដ្ឋភាពទូទៅនៃក្រុមប្រឹក្សាភិបាលបានទេ។

លោក Subramanian បានថ្លែងក្នុងបទសម្ភាសមួយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារថារូបិយប័ណ្ណកាន់តែរឹងមាំនិងការកើនឡើងប្រាក់បម្រុងរូបិយប័ណ្ណបរទេស «គឺពិតជាសញ្ញាលើកទឹកចិត្តខ្លាំងដែលបង្ហាញថា ការពិនិត្យមើលនាពេលខាងមុខគួរតែជាប់» ។ លោកបានបន្ថែមថា៖ «ស្រីលង្កាកំពុងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនតាមមាគ៌ាដែលត្រូវបានដាក់ចេញសម្រាប់កម្មវិធីនេះ»។

ធនាគារកណ្តាលប្រទេសស្រីលង្កាកាលពីដើមខែនេះ បានកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួនក្នុងកិច្ចប្រជុំពីរលើកជាប់ៗគ្នា ដោយសារការធ្លាក់ចុះអត្រាអតិផរណាលឿនជាងមុនបានផ្តល់ឱ្យអ្នកបង្កើតគោលនយោបាយនូវលំហរដើម្បីផ្តោតលើការស្ទុះងើបសេដ្ឋកិច្ចឡើងវិញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងរយៈពេលប្រាំពីរទសវត្សរ៍។

ប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសស្រីលង្កាក៏បានកើនឡើងផងដែរដល់ ៣,៥ពាន់លានដុល្លារពីកម្រិតទាបប្រហែល ១,៧ពាន់លានដុល្លារកាលពីឆ្នាំមុន ក្នុងគ្រាដែលទទួលបានប្រាក់ដុល្លារពីវិស័យទេសចរណ៍និងប្រាក់បញ្ញើពីក្រៅប្រទេស និងលំហូរចូលសាច់ប្រាក់ដែលត្រូវបានជំរុញដោយកម្មវិធីរបស់មូលនិធិ IMF។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕