
ភ្នំពេញ ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការអំពាវនាវទៅដល់ពលករនៅកូរ៉េ កុំអាលមកលេងស្រុកខ្មែរ បើមកត្រូវដាក់ដោយឡែក១៤ថ្ងៃ ហើយពេលទៅវិញ ត្រូវដាក់១៤ថ្ងៃទៀត ជាពិសេសនោះ គេអាចនឹងលុបទិដ្ឋាការចោលទៀត។
លោក ហេង សួរ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ថា «សូមបងប្អូនពលករនៅកូរ៉េ កុំអាលមកលេងខ្មែរ បើមកត្រូវដាក់ដោយឡែក ១៤ថ្ងៃ ពេលទៅវិញគេឃាត់១៤ថ្ងៃ ហើយអាចគេលុបទិដ្ឋាការចោលទៀត។ អត់ធ្មត់សិនទៅបងប្អូន! ដំណាក់កាលការរីករាលដាល នៃជំងឺកូវីដ-១៩ នេះសូមប្រយ័ត្នប្រយ៉ែង»។
លោកបន្ដថា ពលករទាំងអស់ ត្រូវខំថែរក្សាការងារ ដែលមានក្នុងដៃឲ្យបានគង់ ក្នុងដំណាក់កាលនេះ និយោជកខ្លះគាត់ក៏លំបាក ហើយចង់តែកាត់បុគ្គលិកចោលទេ។ ដូច្នេះ ពលករ កុំផ្តល់លេសស្របច្បាប់ឲ្យទៅគេ ព្រោះអនាគតវានៅលើការសម្រេចចិត្ត របស់ពួកគេ បើសម្រេចចិត្តខុស សូមកុំបន្ទោសគេ៕