Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋាភិបាល​​ដាក់ផែនការ​ចំណាយ​ថវិកា​​ជិត​ ១៣ ពាន់​លាន​ដុល្លារ ​សម្រាប់​ការ​វិនិ​យោគ​​សាធារណៈ​ក្នុង​រយៈពេល ​៣ ឆ្នាំខាងមុខ

Sang Kim | Oct 12, 2020
រដ្ឋាភិបាល​​ដាក់ផែនការ​ចំណាយ​ថវិកា​​ជិត​ ១៣ ពាន់​លាន​ដុល្លារ ​សម្រាប់​ការ​វិនិ​យោគ​​សាធារណៈ​ក្នុង​រយៈពេល ​៣ ឆ្នាំខាងមុខ
Clinic narith

ភ្នំពេញ៖ រដ្ឋាភិបាល​​មាន​ផែនការ​ចំណាយ​ថវិកា​​ប្រហែល​ ១២,៧៩៦ ពាន់​លាន​ដុល្លារ ​សម្រាប់​ការ​វិនិ​យោគ​​សាធារណៈ​ក្នុង​រយៈពេល ​៣ ឆ្នាំ​​ ​(​២០២១​-​​២០២៣)​ ដោយ​រាប់​ទាំង​គម្រោង​​ដែល​កំពុង​អនុវត្ត​ ​និង​គម្រោង​វិនិយោគ​សាធារណៈ​​ថ្មី​​​ជាង ​៤០០ ​គម្រោង ​​ដែល​មាន​មហិច្ឆតា​​​សម្រាប់​កសាង​គ្រឹះ​​សេដ្ឋកិច្ច​​ដ៏​រឹងមាំ​ដោយ​ផ្តោត​លើ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​​ក្នុង​ភាគរយ​ខ្ពស់​បំផុត​​។ នេះ​​​បើ​តាម​ព័ត៌មាន​ពី​​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ​។ 

លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បង្ហាញ​ថា​ រដ្ឋាភិបាល​​ត្រូវ​ការ​ទុន​វិនិយោគ​សាធារណៈ​​សរុប​ ១២,៧៩៦ ពាន់​លាន​ដុល្លារ ​សម្រាប់​​គម្រោង​សរុប​ចំនួន​ ៦២៩ ដោយ​ក្នុង​នោះ​ទុន​វិនិយោគ​ ៨,៣៩៧ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ចំនួន​​ ២០៣ ដែល​កំពុង​ដំណើរការ​ និង​ទុន​វិនិយោគ ​៤,៣៩៩ ពាន់​លាន​ដុល្លារ ​សម្រាប់​គម្រោង​ថ្មី​ចំនួន​ ​៤២៦ ដែល​ជា​គម្រោង​សម្រាប់​អនុវត្ត​​ក្នុង​ផែនការ​​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៩-២០២៣ ឬ​គម្រោង​ថ្មីៗ​។

ការ​វិភាជ ​(ការ​បែងចែក) ទុន​វិនិយោគ​​ដល់​គម្រោង​ទាំង​នេះ​នឹង​ត្រូវ​បែងចែក​ទៅ​តាម​វិស័យ​​ធំៗ​ចំនួន​ ​៤​គឺ វិស័យ​​សង្គមកិច្ច វិស័យ​​សេដ្ឋកិច្ច វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ និង​វិស័យ​សេវាកម្ម​ និង​​កម្មវិធី​អន្តរ​វិស័យ​។

ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ឱ្យ​ដឹង​ថា វិស័យ​នីមួយៗ​​នឹង​ទទួល​បាន​កម្រិត​ថវិកា​​ដូច​ខាង​ក្រោម​នេះ គឺ​គម្រោង​ក្នុង​​វិស័យ​សង្គម​កិច្ច​ទទួល​បាន​ទឹក​ប្រាក់​ប្រហែល ៨,៩ ភាគរយ​ វិស័យ​សេដ្ឋកិច្ច​​ នឹង​ទទួល​បាន​ទុន​ ៣៤,​២ ​ភាគរយ គម្រោង​ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន នឹង​ទទួល​បាន​ទុន​វិនិយោគ​ ៥០,១ ភាគរយ​ និង​គម្រោង​ក្នុង​វិស័យ​សេវាកម្ម​ និង​​កម្មវិធី​អន្តរ​វិស័យ​នឹង​ទទួល​បាន​ទុន​​ ៦,៨​ ភាគរយ​​ នៃ​ថវិកា​គម្រោង​សរុប​។​

លោក ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា សេចក្តី​ព្រាង​កម្មវិធី​វិនិយោគ​សាធារណៈ​ ៣ ឆ្នាំ​​រំកិល ​២០២១-២០២៣ មាន​គោល​បំណង​បង្ហាញ​ពី​ទិន្នន័យ​គម្រោង​​វិនិយោគ​ដែល​មាន​អាទិភាព​ខ្ពស់​របស់​​ក្រសួង​ស្ថាប័ន​ ដែល​ជា​គោល​នយោបាយ​​ដែល​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​​ដំណាក់​​ទី៤ របស់​រដ្ឋាភិបាល និង​ជា​ផែន​ទី​ចង្អុល​ផ្លូវ​សម្រាប់​ការ​អនុវត្ត​គោល​​នយោបាយ​ដែល​មាន​ចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ២០១៩​-​២០២៣។​

លោក​បន្ថែម​ថា តាម​​ការ​​វាយ​តម្លៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ​ ២០១៤-២០១៨​ ដែល​មាន​នៅ​ក្នុង​ជំពូក​ទី​២ នៃ​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៩​-​២០២៣​ បាន​បង្ហាញ​យ៉ាង​ច្បាស់​លាស់​អំពី​វឌ្ឍនភាព​សម្រេច​​បាន​ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​​​។

 

លោក​ថ្លែង​ថា​៖ «ការងារ​ដោះ​ស្រាយ​​បញ្ហា​ប្រឈម​ទាំង​នោះ​ទាមទារ​ឱ្យ​មាន​​ការ​ប្រឹងប្រែង​អនុវត្ត​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ថែម​ទៀត ​ដើម្បី​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​​ក្នុង​​រង្វង់ ​៧ ភាគរយ​​ ក្នុង​ ​១ ឆ្នាំ​ និង​ទិសដៅ​អាទិភាព​នានា​ដែល​គាំទ្រ​ប្រជាជន​ក្រីក្រ​នៅ​ទី​ជនបទ​ ព្រម​ទាំង​ការ​​អភិវឌ្ឍ​កសិកម្ម​ និង​ជនបទ​តាមរយៈ​ការ​លើក​កម្ពស់​ផលិតភាព​ និង​ពិពិធកម្ម​កសិកម្ម ដូ​ច​ដែល​បាន​កំណត់​នៅ​ក្នុង​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាល​ទី​៤ ​និង​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ​ ២០១៩-២០២៣»​។ 

លោក​បន្ត​ថា៖ «ការងារ​ទាំង​នេះ ​គឺ​ជា​អាទិភាព​តែ ​១ គត់​ដែល​អាច​ផ្តល់​នូវ​ផល​ប្រយោជន៍​ចំពោះ​មុខ​ និង​យូរ​អង្វែង​ ក៏​ដូច​ជា​ផ្តល់​នូវ​បណ្ដាញ​សុវត្ថិភាព​​សង្គម​ដ៏​ឆាប់​រហ័ស​សម្រាប់​ប្រជាជន​ក្រីក្រ​ដែល​ភាគ​ច្រើន​រស់​នៅ​តំបន់​ជនបទ​ ព្រម​ទាំង​អាច​បង្កើន​នូវ​អំណាច​ទិញ ​និង​សុខុមាលភាព​របស់​ពួក​គាត់​ ធានា​នូវ​ចីរភាព​កំណើន​សេដ្ឋកិច្ច​ និង​ជំរុញ​ការ​ធ្វើ​ពិពិធកម្ម​ និង​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច​ឱ្យ​បាន​ទូលាយ​ជា​មុន​»។

លោក លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ថវិកា​សម្រាប់​អភិវឌ្ឍ​វិស័យ​​សាធារណៈ​របស់​​រដ្ឋាភិបាល ​១ ​ផ្នែក​ទទួល​បាន​ពី​ដៃ​គូ​អភិវឌ្ឍន៍​អន្តរជាតិ​នានា​។​ ការ​បញ្ចេញ​ថវិកា​ច្រើន​លើ​ការ​អភិវឌ្ឍ​​ហេដ្ឋា​រចនា​​សម្ព័ន្ធ​​​នឹង​ជួយ​គាំទ្រ​ដល់​វិស័យ​កសិកម្ម​ និង​ទេសចរណ៍​ក្នុង​ស្រុក​ឱ្យ​មាន​​ភាព​​រីក​ចម្រើន​ថែម​មួយ​កម្រិត​​ទៀត​។ ​

លោក​ថ្លែង​ថា៖ «​យើង​ត្រូវ​​មាន​ផែនការ​អភិវឌ្ឍន៍​ច្បាស់លាស់​ ព្រោះ​ម្ចាស់​ជំនួយ​របស់​យើង​ក៏​​គេ​ចង់​ដឹង​ពី​ផែនការ​ទាំង​នេះ​ដែរ​ក្នុង​ការ​បន្ត​ផ្តល់​ជំនួយ​​បន្ថែម​​ដល់​ប្រទេស​របស់​យើង​ ហើយ​យើង​ជា​វិស័យ​ឯកជន​ពិត​ជា​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​បង្កើន​​ទំហំ​វិនិយោគ​សាធារណៈ​លើ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​វា​ជា​រឿង​ល្អ​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ និង​វិស័យ​ឯកជន​»។​

 

 

សេចក្តី​ព្រាង​កម្មវិធីវិ​និយោគ​សាធារណៈ ​៣ ឆ្នាំ ​រំកិល ​២០២១-២០២៣​ ត្រូវ​បាន​​រៀបចំ​ឡើង​មាន ​៤ ជំពូក​ និង​បញ្ជី​តារាង​​ចំនួន ១១ ហើយ​ត្រូវ​បាន​​អនុម័ត​​​ដោយ​​អង្គ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ​ថា ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ ​១៩​ ប្រទេស​កម្ពុជា ​នៅ​រក្សា​​បាន​ចំពោះ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ​ ដោយ​រដ្ឋាភិបាល​មាន​​​លទ្ធភាព​គ្រប់គ្រាន់ ​ដើម្បី​បញ្ចេញ​ថវិកា​សម្រាប់​គាំទ្រ​ដល់​កម្មវិធី​អភិវឌ្ឍន៍​​សាធារណៈ​ ដូចជា​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ផ្លូវ​ថ្នល់​ ប្រឡាយ​ទឹក​ និង​គម្រោង​ខ្នាត​តូច​នៅ​តាម​មូលដ្ឋាន​ជា​ដើម​៕