Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្នើឱ្យរៀបចំព្យាបាលនៅតាមផ្ទះ ក្នុងករណីអ្នកជំងឺកូវីដ-១៩ មានចំនួនច្រើន និងអ្នកជំងឺកម្រិតស្រាល

Admin Alynana | Apr 06, 2021
សម្តេចតេជោ ហ៊ុន សែន ប្រកាសស្នើឱ្យរៀបចំព្យាបាលនៅតាមផ្ទះ ក្នុងករណីអ្នកជំងឺកូវីដ-១៩ មានចំនួនច្រើន និងអ្នកជំងឺកម្រិតស្រាល
Clinic narith

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្នើឱ្យរៀបចំដាក់អ្នកជំងឺកូវីដ-១៩ឱ្យសម្រាកព្យាបាលនៅតាមផ្ទះ ក្នុងករណីអ្នកជំងឺមានចំនួនច្រើន ហើយមន្ទីរពេទ្យមិនមានកន្លែងទទួលព្យាបាលបាន ។

តាមរយៈសារសម្លេងពិសេស នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ឥឡូវនេះយើងត្រូវព្យាករណ៍សភាពការណ៍ជាមុនអំពីសមត្ថភាពទ្រទ្រង់បាននៃមន្ទីរពេទ្យរបស់យើង ។ បើសិនជំងឺមិនថមថយទេនោះ គឺមន្ទីរពេទ្យរបស់យើងនឹងពេញហៀរជោរជន់ទៅដោយអ្នកជំងឺទាំងស្រាល ទាំងធ្ងន់ ។ ដូច្នេះយើងត្រូវតែមានការរៀបចំមួយដោយ យកវិធីសាស្ត្រតាមបណ្តាប្រទេសដែលមានអ្នកជំងឺច្រើនរាប់ទាំងនៅអាមេរិក នៅបារាំង នៅអឺរ៉ុប និងប្រទេសមួយចំនួនទៀត ដែលមានអ្នកជំងឺលើសពីចំនួនពេទ្យដែលអាចទទួលបាន»។

សម្តេចតេជោបន្តថា «ខ្ញុំស្នើឱ្យក្រុមការងាររបស់យើងរៀបចំនូវក្រមប្រតិបត្តិព្យាបាលនៅតាមផ្ទះឱ្យហើយស្រេច ហើយដល់ពេលណាមួយយើងត្រូវពិនិត្យអំពីលទ្ធភាព ក្នុងការទទួលយកមកព្យាបាលនៅមន្ទីរពេទ្យ និងទុកសម្រាប់ព្យាបាលនៅតាមផ្ទះ ។ យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន ។ ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏មិនគ្រប់ដែរ អ៊ីចឹងវិធីដោះស្រាយមានតែទុកអ្នកមានវិជ្ជមានកូវីដ១៩ ប៉ុន្តែស្រាលទុកព្យាបាលនៅតាមផ្ទះទៅវិញ ប៉ុន្តែត្រូវមានការវិនិច្ឆ័យឱ្យបានច្បាស់» ។

បន្ថែមពីនេះសម្តេចតេជោ ក៏បានណែនាំឱ្យគិតគូរពីការគ្រប់គ្រងអ្នកជំងឺ ពីការទៅព្យាបាលរបស់គ្រូពេទ្យ ព្រមទាំងការឧបត្ថម្ភជាថវិកា និងចំណីអាហារផ្សេងផងដែរ តាមរបៀបដូចការធ្វើចត្តាឡីស័ក ក្នុងមួយថ្ងៃគឺជូនពីរម៉ឺនរៀលសម្រាប់ការហូបចុកនានា ដើម្បីបំប៉នការព្យាបាល ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ម្សិលមិញ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុប ២,៧៥២នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ មានចំនួន ២,២២២នាក់ ។ អ្នកជាសះស្បើយចំនួន ១,៧៤៧នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៩៧៩នាក់ និងអ្នកស្លាប់ចំនួន ២១នាក់ ៕