Alynana Media Cambodia
Icon Collap
clinic narit

លោក នេត សាវឿន៖ ពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតជាង៨៤ភាគរយ

Admin Alynana | Sep 05, 2023
លោក នេត សាវឿន៖ ពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតជាង៨៤ភាគរយ
Clinic narith

(កណ្តាល)៖ លោកសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនឡើងបានយល់ដឹងពីកាន់តែច្បាស់ពីលទ្ធិប្រជាធិបតេយ្យ តាមរយៈការចេញទៅបោះឆ្នោតជាង​៨៤ភាគរយ ក្នុងនោះមានសន្លឹកឆ្នោតជាង ៨២ភាគរយ បានបោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្ដដឹកនាំរាជរដ្ឋាភិបាលថ្មី។

ការថ្លែងបែបនេះរបស់លោកសន្តិបណ្ឌិត នេត សាវឿន បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកបានអញ្ជើញជាតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រារព្ធខួបអនុស្សាវរីយ៍គម្រប់ ៣៣ឆ្នាំ ថ្ងៃបំពេញបេសកកម្មជាប្រវត្តិសាស្រ្តរបស់វរសេនាតូចលេខ២៤៦ អតីតយោធាក្រុងភ្នំពេញ និងខួបអនុស្សាវរីយ៍លើកទី១៤ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស។

នាឱកាសនោះដែរ លោកសន្តិបណ្ឌិត នេត សាវឿន បានបន្តថា ជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅចុងអាណត្តិទី៦ គឺការរៀបចំព្រឹត្តិការណ៍បោះឆ្នោតចំនួន២រួមមាន៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ហើយចាត់ទុកថាជាការបោះឆ្នោតដ៏ល្អគ្មានអំពើហិង្សា ប្រជាពលរដ្ឋសប្បាយរីករាយ ចូលរួមបោះឆ្នោត។

លោកសន្តិបណ្ឌិត នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា៖ «អ្នកវិភាគ អ្នកវាយតម្លៃ ចង់ថាម៉េច គឺស្រេចនឹងគាត់ ក៏ប៉ុន្តែ មិនងាយប្រទេសណាបោះឆ្នោតហើយ ប្រជាពលរដ្ឋទាំងអស់មានការរីករាយសប្បាយចិត្ត […] យើងខ្ញុំកត់សម្គាល់ថា ជោគជ័យនេះបញ្ជាក់ឱ្យឃើញថាការយល់ដឹងពីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាហាក់ដូចជាមានការជឿនលឿ ប្រជាពលរដ្ឋគាត់បានយល់ដឹងពីករណីកិច្ច កាតព្វកិច្ច ចង់អមិត្ត ចង់បំផ្លាញក៏ដោយក៏ត្រូវបានបរាជ័យ»។

ជុំវិញស្ថានភាពបោះឆ្នោតនៅកម្ពុជាថ្មីៗនេះ, លោកសន្តិបណ្ឌិត នេត សាវឿន បានញែកអ្នកអត្ថាធិប្បាយ និងអ្នកវិភាគជា២ប្រភេទ, ប្រភេទទី១៖ ជាប្រភេទអ្នកនិយាយដោយខ្វះព័ត៌មានគ្រប់ជ្រុងជ្រោយ ឬនិយាយតាមអារម្មណ៍ និងប្រភេទទី២៖ អ្នកវិភាគនោះ ចងកំហឹងជាមួយកម្ពុជា ដោយសារអ្នកទាំងអស់នោះភាគច្រើនរត់គេចពីសំណាញច្បាប់ ដូច្នេះការវាយតម្លៃពីកម្ពុជា មិនដែលល្អនោះទេ។

លោកសន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា បើទោះបីជាមានបុគ្គលមួយចំនួនវិភាគវាប្រហារមកលើស្ថានភាពរបស់កម្ពុជា ខុសពីការពិតយ៉ាងណា ប៉ុន្តែទឹកចិត្តស្រឡាញ់សម្តេចតេជោ ហ៊ុន សែន ស្រឡាញ់គណបក្ស ប្រជាជនកម្ពុជា គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈការចេញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងភ្លុកទឹកភ្លុកដី ដើម្បីដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។

ជាមួយនឹងការចាប់បដិសន្ធិរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី, លោកសន្តិបណ្ឌិត នេត សាវឿន ក៏បានស្នើដល់កម្លាំងប្រដាប់អាវុធទាំងអស់ ទាំងកងយោធពលខេមរភូមិន្ទ ទាំងកងកម្លាំងនគរបាលជាតិ គប្បីលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូរ ហើយជាពិសេសត្រូវគោរពឱ្យខានតែបាននូវវិន័យ និងសីលធម៌របស់កងកម្លាំងប្រដាប់អាវុធ។

បន្ថែមពីនេះដែរ សន្តិបណ្ឌិត នេត សាវឿន ក៏បានជំរុញកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមឱ្យបានសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា ឱ្យទទួលបានជោគជ័យ។

នាយករដ្ឋមន្រ្តីស្ដីទី បានចាត់ទុកថា កងកម្លាំងប្រដាប់អាវុធ ជាឆ្អឹងខ្នងដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីធានាដល់ការថែរក្សា ការពារនូវសន្តិភាព ស្ថិរភាព និងសន្តិសុខជាតិ ដែលនឹងបង្កលក្ខណៈងាយស្រួលឱ្យរាជរដ្ឋាភិបាល មានលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឈានឆ្ពោះដល់រកភាពរីកចម្រើនថែមទៀត៕