យោធាអ៊ីស្រាអែល បានឲ្យដឹងថា ខ្លួនបានដាក់ពង្រាយនាវាចម្បាំងតូចៗ ក្នុងសមុទ្រក្រហម នៅថ្ងៃពុធ (ទី១ ខែវិច្ឆិកា) ដែលជាការពង្រឹងកម្លាំង នៅមួយថ្ងៃបន្ទាប់ពីក្រុមឧទ្ទាម Houthi ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បាននិយាយថា ពួកគេបានបាញ់មីស៊ីល និងបើកការវាយប្រហារដោយយានដ្រូនលើអ៊ីស្រាអែល ហើយបានប្តេជ្ញាថា នឹងធ្វើបែបនេះបន្ថែមទៀត។
រូបភាពវីដេអូ ដែលត្រូវបានផ្សព្វផ្សាយដោយយោធាអ៊ីស្រាអែល បានបង្ហាញថា នាវាចម្បាំង Saar-class កំពុងល្បាតនៅជិតកំពង់ផែ Eilat ក្នុងសមុទ្រក្រហម ដែលអ៊ីស្រាអែលមើលឃើញថា ជាសមរភូមិថ្មី ខណៈដែលសង្រ្គាមរបស់ខ្លួន នៅតំបន់ហ្គាហ្សា នាំឲ្យមានការសងសឹកពីកងកម្លាំងគាំទ្រក្រុមហាម៉ាស ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ នៅកន្លែងផ្សេងទៀត ក្នុងតំបន់។
ក្រុមឧទ្ទាម Houthi បានប្រាប់ កាលពីថ្ងៃអង្គារ (ទី៣១ តុលា) ថា ពួកគេបានបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលចំនួន ៣លើក ឆ្ពោះទៅអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមហាម៉ាស និងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ជាមួយនឹងការវាយប្រហារដ៏គួរឲ្យស្លុតចិត្តរបស់ក្រុមហាម៉ាស។ ហើយក្រុមនេះ បានប្តេជ្ញាថា នឹងមានការវាយប្រហារបែបនេះបន្ថែមទៀត «ដើម្បីជួយឲ្យប៉ាឡេស្ទីនទទួលបានជ័យជម្នះ»។
តែនៅក្នុងអ្វីដែលហាក់ដូចជាការវាយប្រហារថ្មីពេញមួយយប់នេះ យោធាអ៊ីស្រាអែល បានប្រាប់ថា ប្រព័ន្ធការពាររបស់ខ្លួន បានស្ទាក់ចាប់ «ការគំរាមកំហែងពីអាកាស» នៅលើសមុទ្រក្រហម៕