Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឯកអគ្គរាជទូត​កម្ពុជា​នៅ​អង់គ្លេស​បំពាក់​មេដាយ​កិត្តិយស​ជូន​លោក​ Lou McGrath ​សម្រាប់​ការងារ​មនុស្សធម៌

Admin Alynana | Apr 18, 2022
ឯកអគ្គរាជទូត​កម្ពុជា​នៅ​អង់គ្លេស​បំពាក់​មេដាយ​កិត្តិយស​ជូន​លោក​ Lou McGrath ​សម្រាប់​ការងារ​មនុស្សធម៌
Clinic narith

ភ្នំពេញៈ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ចក្រភព​អង់គ្លេស​លោក​ កាន់ ផារិទ្ធ បាន​បំពាក់​មេដាយ​កិត្តិយស​សហមេត្រី​របស់​រាជរដ្ឋាភិបាល ជូន​លោក​ Lou McGrath នាយក​ប្រតិបត្តិ​មូលនិធិ Sir Bobby Charlton Foundation សម្រាប់​ការងារ​មនុស្សធម៌ ដែល​បានជួយ​ដល់​ជនរងគ្រោះ​ដោយសារ​សង្គ្រាម​នៅ​កម្ពុជា​។

លោក​ លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​ ១ ​អាជ្ញាធរ​មីន​ថ្លែងថា អាជ្ញាធរ​មីន​បាន​សម្របសម្រួល និង​ធ្វើការ​ជាមួយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ចក្រភព​អង់គ្លេស​រួចហើយ​ក្នុង​ការបំពាក់​មេដាយ​ជូន​លោក​ Lou McGrath កាលពី​ថ្ងៃទី​ ១៤​ មេសា​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​មីន​ដែល​ភ្នំពេញ​ប៉ុស្តិ៍​បានទទួល​នា​ថ្ងៃទី​ ១៥ ខែមេសា​។

លោក​ថ្លែងថា ចាប់តាំងពី​ការបង្កើតឡើង​កាលពី​ ១១ ​ឆ្នាំមុន មូលនិធិ Sir Bobby Charlton ក្រោម​ការដឹកនាំ​របស់​លោក Lou McGrath បាន​គាំទ្រ​ការ​បោសសម្អាត​មីន និង​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ដ៏សំខាន់​នៅក្នុង​តំបន់ ក៏ដូចជា​ការបង្កើត​កម្មវិធី​អប់រំ​ពី​ហានិភ័យ​ដោយសារ មីន និង​កម្មវិធី​បណ្តុះបណ្តាល​អវយវៈ សិប្បនិម្មិត និង​ផ្តល់​មូលនិធិ​ដល់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​ជន​មាន​ពិការភាព​ក្នុង​ខេត្តពោធិ៍សាត់​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល មូលនិធិ Sir Bobby Charlton តាមរយៈ អាជ្ញាធរ​មីន​បាន​ចូលរួម​ជួយ​សម្រាល​បន្ទុក​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​គ្រួសារ​រង​ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន បញ្ជាក់ថា​៖ «​ដោយសារ​ជំងឺ​កូវីដ​ ១៩ ពិធី​បំពាក់​មេដាយ​បានធ្វើ​ឡើង​នៅ​ចក្រភព​អង់គ្លេស​សាល Booths, Knutsford និង​មានការ​ចូលរួម ដោយ​អភិបាលក្រុង Knutsford លោក Cllr Stewart Gardner​។

 

លោក Lou McGrath បាន​ប្រាប់​លោក​ លី ធុជ តាមរយៈ​បណ្តាញ​ទំនាក់ទំនង WhatsApp ថា វា​ជា​កិត្តិយស​សម្រាប់​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ Sir Bobby Charlton ដែល​បានទទួល​នូវ​មេដាយ​កិត្តិយស​នេះ​។ លោក​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​អាជ្ញាធរ​មីន​។ លោក​ថ្លែងថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដែល​លោក​បាន​ចូលរួម​ជាមួយ​សកម្មភាព​មីន​នៅ​កម្ពុជា ហើយ​បាន​បង្កើត​មិត្ត​យ៉ាងច្រើន​នៅ​កម្ពុជា​។ លោក​ «​សូម​» ​ចែករំលែក​កិត្តិយស​នេះ​ជូន​ដល់​មិត្តភក្ដិ​កម្ពុជា ដែល​បាន​ចូលរួម​ជាមួយ​លោក​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ផលប៉ះពាល់ ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​លោក Lou McGrath បាន​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​មីន ចំពោះ​ការប្តេជ្ញា​ចិត្ត និង​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​សម្រេចបាន​នូវ​គោលបំណង និង​គោលដៅ​នៃ​សន្ធិសញ្ញា ហាមប្រាម​គ្រាប់មីន​ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​»​។

មូលនិធិ Sir Bobby Charlton Foundation បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន នា​ថ្ងៃទី​ ១១ ខែមេសា ថា មូលនិធិ​បាននិង​កំពុង​ធ្វើការ​ឆ្ពោះទៅរក​ការចាប់ផ្តើម​គំនិត​ផ្តួចផ្តើម​ដែល​ហៅ​កម្មវិធី​លេង​មាន​សុវត្ថិភាព សម្រាប់​កុមារ​ (Safe Play) ​ដែល​នឹង​ផ្តល់នូវ​តំបន់​គ្មាន​មីន សម្រាប់​ក្មេងៗ​អាច​លេង​កម្សាន្ត ដោយ​គ្មាន​ហានិភ័យ​នៃ​ការរង​របួស​ពី​សំណល់​ជាតិ​ផ្ទុះ​នៃ​សង្គ្រាម​ (ERW)​។

លោក Lou McGrath ចំណាយពេល​ ៣៥ ​ឆ្នាំ​ចុងក្រោយ​នេះ ដោយបាន​ធ្វើការ​ជាមួយ​សហគមន៍​ជុំវិញ​ពិភពលោក ដែល​ជីវិត​មនុស្ស​រង​ផលប៉ះពាល់​ដោយសារ​សង្គ្រាម និង​ជម្លោះ​។ លោក​បានទទួល​ពានរ​ង្វាន់​ណូបែល​សន្តិភាព​នៅ​ឆ្នាំ​ ១៩៩៧​។

លោក​ថ្លែង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ថា​៖ «​យើង​ពិត​ជាមាន​កិត្តិយស​ណាស់ ដែល​ទទួលបាន​មេដាយ​កិត្តិយស សហ​មេត្រី​ដ៏គួរ​ជាទី​មោទនៈ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​។ ខ្ញុំ​សូម​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​ចំពោះ​អ្នកផ្តល់​ [​ទំនុកចិត្ត​] និង​អ្នកផ្តល់​ការគាំទ្រ​ដ៏​មានតម្លៃ​របស់​យើង​»​។

បើតាម​របាយការណ៍​របស់​អាជ្ញាធរ​មីន​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​ ១៩៧៩ ដល់​ខែកុម្ភៈ ឆ្នាំ​ ២០២២ គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បង្ក​ឱ្យ​មនុស្ស​ ១៩ ៨១៣ ​នាក់​ស្លាប់ របួស​ចំនួន​ ៣៦ ០៩៧ ​នាក់ និង​ពិការ​ ៩ ០៧២ ​នាក់​។ ចាប់ពី​ឆ្នាំ​ ១៩៩២ ដល់​ខែ​កម្ភៈ ឆ្នាំ​ ២០២២ អាជ្ញាធរ​មីន​បាន​រំដោះ​តំបន់​ដែលមាន​គ្រាប់មីន​ជាង​ ២,៣ ​ពាន់​លាន​ម៉ែត្រក្រឡា​៕