Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

នៅក្នុងសង្រ្គាមប្រឆាំងរុស្ស៉ី​ NATO សន្យាបន្តគាំទ្រអ៊ុយក្រែន រយៈពេលច្រើនឆ្នាំទៅមុខទៀត

Admin Alynana | Apr 29, 2022
នៅក្នុងសង្រ្គាមប្រឆាំងរុស្ស៉ី​ NATO សន្យាបន្តគាំទ្រអ៊ុយក្រែន រយៈពេលច្រើនឆ្នាំទៅមុខទៀត
Clinic narith

(ព្រុចសែល)៖ ប្រមុខអង្គការ NATO លោក ជែន ស្ដូលធិនប៊ឺគ (Jens Stoltenberg) បាននិយាយថាបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ បានត្រៀមរួចជាស្រេចក្នុងការបន្តរក្សាការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន នៅក្នុងសង្រ្គាមប្រឆាំងរុស្ស៉ីសម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត ក្នុងនោះរួមមានទាំងការជួយបំពាក់អាវុធដល់ទីក្រុងកៀវ ជាមួយអាវុធទំនើបៗរបស់លោកខាងលិច ជំនួសឱ្យអាវុធសល់ពីសម័យសហភាពសូវៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២។

លោក Jens Stoltenberg ធ្វើការកត់សម្គាល់បែបនេះនៅឯកិច្ចប្រជុំកំពូលមួយ ក្នុងទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងបន្ទាប់ពីរុស្ស៉ី បានព្រមានលោកខាងលិចជាថ្មី ជុំវិញការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ក្នុងនោះរួមមានទាំងអាវុធធុនធ្ងន់ដែលមូស្គូហៅថាជាការគំរាមកំហែងដល់សន្តិសុខ អឺរ៉ុប និងបង្កអស្ថិរភាព។ ប្រមុខ NATO រូបនេះបានបញ្ជាក់ដូច្នេះថា «យើងចាំបាច់ត្រូវតែត្រៀមខ្លួនសម្រាប់រយៈពេលវែង...ព្រោះថាវាមានលទ្ធភាព ច្រើនណាស់ថាសង្រ្គាមនេះនឹងអូសបន្លាយរយៈពេលជាច្រើនខែ ឬអាចច្រើនឆ្នាំទៅមុខទៀត»។

គួរបញ្ជាក់ថា បើតាមលោក Jens Stoltenberg, លោកខាងលិចនឹងបន្តដាក់សម្ពាធជាអតិបរមាលើប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បី បញ្ចប់ការឈ្លានពាននៅអ៊ុយក្រែន ដែលលោក ពូទីនចាត់ទុកថាជាប្រតិបត្តិការយោធាពិសេស តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច រួមទាំងការបន្តផ្ដល់ ជំនួយយោធាដល់ទីក្រុងកៀវ៕