Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

​ក្នុង​ការ​ប្រកួត​រ៉ូបូត​ថ្នាក់​ជាតិ​លើក​ទី​៧ NPIC បន្ត​គ្រង​ដំណែង​លេខ​១​ក្នុង​រយៈ​​ពេល​៦ឆ្នាំ​ជាប់​គ្នា

Sang Kim | Oct 03, 2020
​ក្នុង​ការ​ប្រកួត​រ៉ូបូត​ថ្នាក់​ជាតិ​លើក​ទី​៧ NPIC បន្ត​គ្រង​ដំណែង​លេខ​១​ក្នុង​រយៈ​​ពេល​៦ឆ្នាំ​ជាប់​គ្នា
Clinic narith

កម្ពុជា​បាន​រៀបចំ​ការ​ប្រកួត​ប្រជែង​រ៉ូបូត​ថ្នាក់​ជាតិ​លើក​ទី៧​នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​មាន​ការ​ចូល​រួម​ពី​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ចំនួន៦ ដែល​មាន​បេក្ខជន​សរុប​៨២នាក់ បែង​ចែក​ជា​១០​ក្រុម។ ជា​ការ​កត់​សម្គាល់ វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​កម្ពុជា​ហៅ​កាត់​ថា(NPIC)​នៅ​តែ​រក្សា​តំណែង​លេខ១ ក្នុង​រយៈ​ពេល​៦ឆ្នាំជាប់ៗ​គ្នា​រាប់​ចាប់​តាំង​ពី​ការ​ប្រកួត​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៣។ តំណាង​វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា​បាន​អះអាង​ថា កម្លាំង​សាមគ្គី​ជា​ចំណែក​មួយ​ដ៏​សំខាន់​ធ្វើ​ឲ្យ NPIC នៅ​តែ​រក្សាតំណែង​លេខ១ យ៉ាង​ដូ​ច្នេះ។ 

«យើង​បាន​ស្វែងរក​ឃើញ​ហើយ ក្រុម​ដែល​ក្លាយ​ជា​ជើង​ឯក​លេខ​១ រ៉ូបូត​បាល់​ឱប នៅ​ឆ្នាំ​២០២០​នេះ បាន​ទៅ​លើ​ក្រុម NPIC 02»នេះ​ជា​សំឡេង​ជ័យឃោស​ស្រែក​ឭ​កង​រំពង​ពេញ​សាល​ដំបូល​ទូក នៃសកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ទី​ដែល​រៀបចំ​ការ​ប្រកួត​ប្រជែង​រ៉ូបូត​ថ្នាក់​ជាតិ​លើក​ទី៧។ នៅ​ទី​នេះ​មានការ​ចូល​រួម​ពី​មនុស្ស​ម្នា អ្នក​មុខ​អ្នក​ការ​មិន​ក្រោម​៥០០​នាក់​ឡើយ។  

អ្វី​ជា​ការ​កត់​សម្គាល់ លក្ខណៈ​ទំនើប​នៃ​រ៉ូបូត​បាល់​ឱប​នីមួយៗ មាន​ភាព​រហ័ស​រហួន​ដោយ​មាន​ការ​ជ្រោម​ជ្រែង​ពី​មនុស្ស​មាន​គ្នា​៣​នាក់​ក្នុង​មួយ​ក្រុម។ ហើយ​របូត​ទាំង​១០​ក្រុម​មាន​សមត្ថភាព​ដូច​គ្នា បោះ​បាល់ ចាប់​បាល់ ទាត់​បាល់ និង​ស៊ុត​បញ្ចូល​ទី តាមរយៈ​ចុច​បញ្ជា​របស់​ក្រុម​នីមួយៗ តំណាង​ដោយ​អាវ​ព័ណ៌​ក្រ​ហម​និង​ខៀវ។ តែ​ដោយ​ហេតុ​ថា រ៉ូបូត​បាល់​ឱប​របស់ NPIC មាន​ភាព​រហ័ស​ជាង​គេ​និង​ស៊ុត​បញ្ចូល​ទីបាន​លឿន​នៅ​ទឹក​ចុង​ក្រោយ ទើប​ទទួល​បាន​តំណែង​លេខ១។

លោក មួង ផាស៊ី នាយក​រង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេក​ទេស​កម្ពុជា (NPIC) លើក​ឡើង​ថា ជ័យ​ជំនះ​ផ្ទួនៗ​៦​ឆ្នាំ​ជាប់​គ្នា​របស់​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេក​ទេស​កម្ពុជា កើត​មាន​ឡើង​ដោយ​សារ​កិច្ច​សហការ​រួម​គ្នារវាង​គ្រូប​ង្គោល​និង​បេក្ខជន។ ​អ្វី​ដែល​សំខាន់​នោះ​គឺ​បេក្ខជន​បាន​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ស្រាវ​ជ្រាវ​លើរូបមន្ត​និង​ធាតុ​ផ្សំ​ដើម្បី​ធ្វើ​ការ​បង្គុំ​រ៉ូបូត​បាល់​ឱប​នេះ​ឡើង។  បើតាមលោក មួង ផាស៊ី ដើម្បី​បង្គុំ​រ៉ូបូត​បាល់ឱប​មួយ​បាន បេក្ខជន​ត្រូវ​ពូកែ​លើ​មុខ​គណិតវិទ្យា រៀន​សូត្រ​ពី​បច្ចេក​វិទ្យា​ថ្មីៗ និង​ចេះ​សសេរ​កម្ម​វិធី​អាយធី​ជា​ដើម។

ត្បិត​តែ​ឈ្នះ​គូ​ប្រកួត​ក្នុង​ស្រុក​នៅ​មិន​ទាន់​ចាត់​ទុក​ថា ជា​រឿង​អស្ចារ្យ​ឡើយ ជំហរ​របស់ NPIC ខិត​ខំ​ពង្រឹ​ង​សមត្ថភាព​បន្ថែម​ទៀត​ដើម្បី​ត្រៀម​ខ្លួន​ទៅ​ប្រកួត​រ៉ូបូត​ថ្នាក់​អន្តរជាតិ​នៅ​ប្រទេស​ហ្វីជី​នា​ថ្ងៃ​ខា​ង​មុខ​។​កន្លង​មក NPIC​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​បាន​ទៅ​ចូល​រួម​ប្រកួត​នៅ​ប្រទេស​ជប៉ុន និងម៉ុងហ្គោលី​ជាដើម។ នៅ​ប្រទេស​ជប៉ុន​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៤ ក្នុង​ចំណោម​ប្រទេស​សរុប​២០​ក្នុង​ឆ្នាំ២០១៧។ ចំណែក​នៅ​ប្រទេស​ម៉ុងហ្គោលី កម្ពុជា​ត្បិត​មិន​ទទួល​បាន​ចំណាត់​ថ្នាក់ តែ​កម្ពុជា​ទទួល​បានពាន​រង្វាន់​លើកទឹក​ចិត្ត​មួយ​ចំនួន។

សូមជម្រាបជូនថា វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេក​ទេស​កម្ពុជា​ហៅ​កាត់​ថា(NPIC)ទទួល​បាន​លេខ១ ក្នុងចំណោម​វិទ្យាស្ថាន​ចំនួន​៥​ផ្សេង​ទៀត​ដែល​ចូល​រួម​ប្រកួត​រួមមាន៖ វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា វិទ្យាស្ថានជាតិ​បណ្ដុះ​បណ្ដាល​បច្ចេកទេស សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង វិទ្យា​ស្ថាន​ពហុ​បច្ចេក​ទេស​ព្រះកុសុមៈ និង​សកល​វិទ្យាល័យ​ភ្នំពេញ៕