Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អង្គការ OECD ព្រមានថា ​សេដ្ឋកិច្ចពិភពលោកនៅតែមានហានិភ័យពីការធ្លាក់ចុះដោយសារតែសម្ពាធអត្រាការប្រាក់

Admin Alynana | Sep 23, 2023
អង្គការ OECD ព្រមានថា ​សេដ្ឋកិច្ចពិភពលោកនៅតែមានហានិភ័យពីការធ្លាក់ចុះដោយសារតែសម្ពាធអត្រាការប្រាក់
Clinic narith

បើទោះបីមានការព្យាករកំណើនសម្រាប់ឆ្នាំនេះ ប៉ុន្តែអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ OECD បានព្រមានថា សេដ្ឋកិច្ចពិភពលោកនៅតែមានហានិភ័យពីការធ្លាក់ចុះ ដោយសារតែសម្ពាធអត្រាការប្រាក់ និងការស្ទុះងើបឡើងវិញខ្សោយរបស់ចិន។

អង្គការ​ OECD ទើបតែបានប្រកាសពីការព្យាករចុងក្រោយបំផុតសម្រាប់ផលិតផលក្នុងស្រុកសរុប (GDP) សកលក្នុងឆ្នាំ២០២៣ ស្ថិតនៅអត្រា ៣ភាគរយ កើនឡើង ០,៣ភាគរយធៀបនឹងការព្យាករលើកមុន។ យ៉ាងណាមិញ អត្រានេះនៅតែទាបជាងមធ្យមភាគកំណើនប្រចាំឆ្នាំដែលទាបបំផុតក្រោយវិបត្តិហិរញ្ញវត្ថុពិភពលោក ២០០៩ ដោយមិនរាប់បញ្ចូលឆ្នាំ២០២០ ដែលរងផលប៉ះពាល់ដោយកូវីដ-១៩ ។
 
ទន្ទឹមនេះ អង្គការ OECD បានទម្លាក់ការព្យាករកំណើនសម្រាប់ឆ្នាំក្រោយមកត្រឹម ២,៧ភាគរយ។ លោក Clare Lombardelli ប្រធានសេដ្ឋវិទូនៃ OECD បានវាយតម្លៃថា អតិផរណានៅតែបន្តធ្លាក់ចុះ ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅតែស្ថិតក្នុងស្ថានភាពលំបាក។ 
លោកនិយាយនៅថ្ងៃទី១៩ ខែកញ្ញាថា ៖ «យើងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមពីរគឺអតិផរណា និងកំណើនទាប»។
 
បើតាមអង្គការ OECD ការកើនឡើងអត្រាការប្រាក់ពីមុនអាចមានឥទ្ធិពលខ្លាំងជាងការរំពឹងទុក ហើយហានិភ័យអតិផរណានៅតែបន្ត ដែលទាមទារឱ្យមានការរឹតបន្តឹងរូបិយវត្ថុបន្ថែមទៀត។ ការងើបឡើងវិញយ៉ាងលំបាករបស់ចិនគឺជាហានិភ័យចម្បងចំពោះទិន្នផលពិភពលោក។
 
ជាមួយនឹងទស្សនវិស័យសម្រាប់តំបន់ និងប្រទេសផ្សេងទៀត OECD បានទម្លាក់ការព្យាករសម្រាប់កំណើនតំបន់ចាយប្រាក់អឺរ៉ូនៅឆ្នាំនេះ និងឆ្នាំក្រោយមកត្រឹម ០,៦ភាគរយនិង ១,១ភាគរយរៀងគ្នា។ កំណើនសេដ្ឋកិច្ចរបស់អាម៉េរិកនឹងថយចុះមកត្រឹម ១,៣ភាគរយនៅឆ្នាំ ២០២៤ ពី ២,២ភាគរយនៅឆ្នាំនេះ។
 
ការព្យាករកំណើនសេដ្ឋកិច្ចរបស់ចិនសម្រាប់ឆ្នាំក្រោយក៏បានធ្លាក់ចុះមកនៅត្រឹម ៤,៦ភាគរយដោយសារតែការថយចុះតម្រូវការក្នុងស្រុក និងភាពតានតឹងនៅក្នុងទីផ្សារអចលនទ្រព្យ។ OECD ជឿជាក់ថាវិសាលភាពនៃការគាំទ្រគោលនយោបាយនៅក្នុងប្រទេសនេះទំនងជាមានកម្រិតច្រើនជាងមុន។ អត្រាកំណើន GDP នៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនៅឆ្នាំនេះអាចឈានដល់ ៥,១ភាគរយ។
 
អង្គការនេះណែនាំថារដ្ឋាភិបាលប្រទេសនីមួយៗមិនគួរធ្វើអន្តរាគមន៍ក្នុងការចំណាយបន្ថែម ដើម្បីជំរុញកំណើននោះទេ។ ជំនួសមកវិញ ការគាំទ្រគួរតែត្រូវបានកាត់បន្ថយឡើងវិញ ដើម្បីជួយសម្រួលដល់ការវិនិយោគនាពេលអនាគត និងជៀសវាងការជំរុញអតិផរណា។
 
សម្រាប់ធនាគារកណ្តាល ទស្សនវិស័យមិនល្អនៅតែបន្តបង្កបញ្ហាប្រឈម ខណៈដែលការប្រយុទ្ធប្រឆាំងនឹងអតិផរណានៅតែបន្តថ្លឹងថ្លែងលើសេដ្ឋកិច្ច ស្របពេលអ្នកនយោបាយព្រួយបារម្ភថាសកម្មភាពអាជីវកម្មកំពុងត្រូវបានធ្លាក់ចុះកាន់តែខ្លាំង។
 
ធនាគារកណ្តាលអឺរ៉ុបបានដំឡើងអត្រាការប្រាក់ជាលើកទី១០ ជាប់ៗគ្នាកាលពីសប្តាហ៍មុន បើទោះបីជាវាបានបង្ហាញសញ្ញាថាវាអាចឈានដល់កម្រិតកំពូលក៏ដោយ។ ធនាគារកណ្តាលអាម៉េរិក (Fed) ត្រូវបានរំពឹងថាមិនផ្លាស់ប្តូរអត្រាការប្រាក់នោះទេ។ 
 
អង្គការ OECD ព្រមានប្រឆាំងនឹងការបន្ធូរបន្ថយរូបិយវត្ថុ ដោយសារតែអតិផរណាស្នូលនៅតែបន្តកើតមាននៅក្នុងប្រទេសជាច្រើន បើទោះបីជាសន្ទស្សន៍អតិផរណាទូទៅធ្លាក់ចុះក៏ដោយ។ យោងតាមអង្គការនេះ វិធីសាស្រ្តកាត់បន្ថយអត្រាការប្រាក់រហូតដល់ដំណាច់ឆ្នាំ២០២៤ឡើយ សឹងតែអស់ទៅហើយ។ គោលនយោបាយរូបិយវត្ថុចាំបាច់ត្រូវរឹតបន្តឹងរហូតដល់មានសញ្ញាច្បាស់លាស់ដែលថាសម្ពាធអតិផរណាមូលដ្ឋានបានធូរស្រាល៕