Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជា រកចំណូលបានជិត២ពាន់៧រយលានដុល្លារ ពីការនាំចេញទំនិញទៅទីផ្សារ RCEP

Media LNN | Apr 22, 2024
កម្ពុជា រកចំណូលបានជិត២ពាន់៧រយលានដុល្លារ ពីការនាំចេញទំនិញទៅទីផ្សារ RCEP
Clinic narith

បើទោះបីវិបត្តិសេដ្ឋកិច្ចសកលនៅបន្តស្ថិតក្នុងភាពមិនទាន់មានភាពច្បាស់លាស់នៃការងើបឡើងវិញក្តី តែការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងតំបន់ ហាក់បង្ហាញស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅត្រីមាសទី១ឆ្នាំ២០២៤ នេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) សម្រេចបានទឹកប្រាក់ជិត២ពាន់៧រយលានដុល្លារកើនឡើងជាង២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជំនាញសេដ្ឋកិច្ចជឿជាក់ថា ទីផ្សារ RCEP នឹងជួយស្រូបទាញទំនិញពីកម្ពុជាឱ្យមានការកើនឡើងបន្ថែមទៀតនៅត្រីមាសបន្តបន្ទាប់ទៀតនៅក្នុងឆ្នាំនេះ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា បើទោះបីបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់នៅតែបន្តរងផលប៉ះពាល់ដោយសារវិបត្តិនានាយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសក្នុងតំបន់នៅតែមានសក្តានុពលខ្ពស់ និងរក្សាបាននូវកំណើនវិជ្ជមាន។ តួយ៉ាងការនាំចេញរបស់កម្ពុជាទៅទីផ្សារ RCEP តែម្តង គឺមានសម្ទុះកើនឡើងជាបន្តបន្ទាប់នៅត្រីមាសទី១ដើមឆ្នាំ២០២៤នេះ។ បើតាមអ្នកជំនាញរូបនេះ កត្តាដែលធ្វើឱ្យកម្ពុជា មានកំណើននាំចេញក្រោមកិច្ចព្រមព្រៀងនេះ គឺដោយសារផលិត ជាពិសេសផលិតផលកសិកម្មរបស់កម្ពុជា មានគុណភាពអាចឆ្លើយតបនឹងតម្រូវការរបស់ប្រទេសទាំងនោះ។ ម្យ៉ាងទៀត កម្ពុជាទទួលបានទីផ្សារថ្មីៗក្នុងការនាំចេញគ្រឿងបង្គុំអគ្គិសនី និងសំបកកង់រងយន្តមួយចំនួនទៅក្នុងទីផ្សារ RCEP នេះ។

​បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម នៅត្រីមាសទី១ឆ្នាំ២០២៤ នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសក្នុងទីផ្សារ RCEP សម្រេចបានក្នុងទំហំទឹកប្រាក់ជាង៨ពាន់៣រយលានដុល្លារ កើនឡើងជិត១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ កម្ពុជានាំចេញសម្រេចបានក្នុងទំហំទឹកប្រាក់ជិត២ពាន់៧រយលានដុល្លារកើនឡើងជាង២៥%។ ក្នុងចំណោមការនាំចេញទាំងនោះ វៀតណាម គឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ដែលមានទំហំទឹកប្រាក់ជិត១ពាន់៤រយលានដុល្លារ បន្ទាប់មកគឺទីផ្សារចិន មានទំហំជាង៣៦៦លានដុល្លារ តាមពីក្រោយដោយទីផ្សារជប៉ុន មានទំហំជាង៣៦៥លានដុល្លារ និងទីផ្សារផ្សេងៗទៀត។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ មានប្រទេសជាសមាជិកចំនួន១៥ រួមមាន ប្រទសសមាជិកអាស៊ានចំនួន១០ បូករួមជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលបានក្លាយជាកិច្ចព្រមព្រៀងធំជាងគេបំផុតនៅលើពិភពលោក៕