Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

និយតកររដ្ឋអាមេរិក បិទប្រតិបត្តិការធនាគារ Republic First

Media LNN | May 01, 2024
និយតកររដ្ឋអាមេរិក បិទប្រតិបត្តិការធនាគារ Republic First
Clinic narith

(ហ្វីឡាឌែលហ្វៀ)៖ សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ (FDIC) បានឱ្យដឹងនៅចុងសប្តាហ៍មុនថា និយតកររដ្ឋភែនស៊ីលវានីញ៉ា បានបិទប្រតិបត្តិការរបស់ធនាគារ Republic First Bank ជាអ្វីដែលសាជីវកម្ម FDIC បាននិយាយថា ជាការក្ស័យធនរបស់ធនាគារអាមេរិកលើកដំបូងក្នុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមកាសែត CNN។

កាសែត CNN បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ចេញផ្សាយដោយសាជីវកម្ម FDIC ថា៖ «ធនាគារ Republic First Bank ដែលប្រតិបត្តិការក្រោមឈ្មោះថា Republic Bank មានមូលដ្ឋាននៅទីក្រុងហ្វីឡាឌែលហ្វៀ ត្រូវបានបិទដំណើរការនៅថ្ងៃនេះ (ថ្ងៃសុក្រ) ដោយនាយកដ្ឋានធនាគារនិងមូលបត្ររដ្ឋភែនស៊ីលវានីញ៉ា (Pennsylvania) ដែលបានតែងតាំងសាជីវកម្ម FDIC ធ្វើជាអ្នកទទួលខុសត្រូវលើធនាគារនេះ។ ដើម្បីការពារអ្នកដាក់ប្រាក់បញ្ញើ សារជីវកម្ម FDIC បានចុះកិច្ចព្រមព្រៀងជាមួយធនាគារ Fulton សមាគម National Association of Lancaster និងរដ្ឋ Pennsylvania ដើម្បីទទួលយកប្រាក់បញ្ញើទាំងអស់ និងទិញទ្រព្យសម្បត្តិទាំងអស់របស់ធនាគារ Republic Bank»។

សាជីវកម្ម FDIC បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាននេះថា ធនាគារ Republic Bank មានទ្រព្យសកម្មសរុបប្រហែល ៦ពាន់លានដុល្លារ និងប្រាក់បញ្ញើសរុបចំនួន ៤ពាន់លានដុល្លារគិតត្រឹមដំណាច់ខែមករា។

សារជីវកម្ម FDIC បានបន្តថា សាខាចំនួន៣២ របស់ធនាគារនៅរដ្ឋ New Jersey រដ្ឋ Pennsylvania និងរដ្ឋ New York បានបើកដំណើរការឡើងវិញ តែក្នុងនាមជាសាខារបស់ធនាគារ Fulton Bank នៅថ្ងៃសៅរ៍សប្តាហ៍មុន ហើយអ្នកដែលមានប្រាក់បញ្ញើនៅធនាគារ Republic Bank នឹងក្លាយទៅជាអ្នកដាក់ប្រាក់បញ្ញើរបស់ធនាគារ Fulton។ ការធានារ៉ាប់រងលើប្រាក់បញ្ញើរបស់សាជីវកម្ម FDIC គ្របដណ្តប់រហូតដល់ ២៥ម៉ឺនដុល្លារក្នុងអ្នកដាក់ប្រាក់បញ្ញើម្នាក់ នេះបើយោងតាមកាសែត CNN។

យោងតាមកាសែត CNN ធនាគារ Republic Bank បានជួបការលំបាកក្នុងគ្រាដែលអត្រាការប្រាក់កើនឡើង ដែលបានធ្វើឱ្យតម្លៃមូលបត្រធ្លាក់ចុះនៅលើតារាងតុល្យការរបស់ខ្លួន និងធ្វើឱ្យប៉ះពាល់ដល់ផលបត្រអចលនទ្រព្យពាណិជ្ជកម្មរបស់ខ្លួនដែលមានប្រហែល ៤៥% នៃផលបត្រឥណទានរបស់ធនាគារនេះ។

ធនាគារ Republic Bank បានកាត់បន្ថយការងារនៅក្នុងខែឧសភា ឆ្នាំ២០២៣ ដើម្បីកាត់បន្ថយការចំណាយ និងបានចាកចេញពីអាជីវកម្មឥណទានទិញផ្ទះ ដែលជាផលិតផលដើមរបស់ខ្លួន ហើយនៅក្នុងខែកញ្ញាបានប្រកាសថា ខ្លួនកំពុងបង្កើតកិច្ចព្រមព្រៀងបញ្ចូលដើមទុនចំនួន៣៥ លានដុល្លារជាមួយក្រុមវិនិយោគិនសកម្ម ដែលដឹកនាំដោយអ្នកជំនួញជើងចាស់ George Norcross។ ប៉ុន្តែកិច្ចព្រមព្រៀងនោះនៅតែមិនអាចជួយធនាគារនេះ ឱ្យរស់បានឡើយ៕