Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

Reuters: លោក ចូ បៃដិន ទំនងជានឹងមិនទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី ឡើយ

Media LNN | Aug 10, 2023
Reuters: លោក ចូ បៃដិន ទំនងជានឹងមិនទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី ឡើយ
Clinic narith

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទំនងជានឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ាន ក្នុងរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី នៅខែកញ្ញាខាងមុខនេះទេ ដែលវត្តមានបែបនេះនឹងបង្កជាការចោទសួរពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ី អាគ្នេយ៍ជាទីដែលសហរដ្ឋអាមេរិក និងចិនកំពុងប្រជែងឥទ្ធិពលគ្នាកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣។

បើតាមការគ្រោងទុក លោក ចូ បៃដិន នឹងត្រូវទៅចូលរួមកិច្ចកំពូល G20 ក្នុងប្រទេសឥណ្ឌា ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា ហើយកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ លោក បៃដិន ផ្ទាល់ក៏បានប្រកាសផងដែរថាលោកមានគម្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ដើម្បីធ្វើបច្ចុប្បន្នភាពទំនាក់ ទំនងជាមួយទីក្រុងហាណូយ។ ប៉ុន្តែវត្តមានចូលរួមរបស់លោក បៃដិន នៅឯកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងហ្សាការតា ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ខាងមុខ កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលបានដឹងពីបញ្ហានេះក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាលោក បៃដិន ទំនងជានឹង មិនធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីនោះទេ រីឯឥណ្ឌូណេស៊ីក៏ត្រូវបានជូនដំណឹងរួចហើយដែរកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ពីអវត្តមាន របស់លោក បៃដិន។ មន្ត្រីសេតវិមានក៏បានបញ្ជាក់ប្រាប់ Reuters ដែរថាវត្តមានចូលរួមរបស់លោក ចូ បៃដិន ទំនងជាមិនអាចកើតឡើងទេ។ បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរថាតើលោក បៃដិន ពិតជានឹងមិនធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី មែនដែរឬទេ? មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់បានប្រាប់ Reuters ថា «យើងកំពុងធ្វើការលើកិច្ចការងារមួយនេះ...យើងនឹងផ្ដល់ព័ត៌មានបន្ថែមលើបញ្ហានេះក្នុងពេលឆាប់ៗ»។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters លោក ចូ បៃដិន ត្រូវបានគេរំពឹងថានឹងបញ្ជូនអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ចូលរួមកិច្ចប្រជុំកំពូលជាមេដឹកនាំអាស៊ានជំនួសរូបលោក៕