Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុន SPC បង្ហាញបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារ នៅព្រះរាជាណាចក្រកម្ពុជា

Media LNN | Mar 05, 2024
ក្រុមហ៊ុន SPC បង្ហាញបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារ នៅព្រះរាជាណាចក្រកម្ពុជា
Clinic narith

នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន​-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី ថា ក្រុមហ៊ុនមាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ហើយក៏មានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក រួម​ទាំងតំបន់អាស៊ាន។ លោកប្រធានក្រុមហ៊ុន បានបន្ថែមទៀតថា ក្រុមហ៊ុនផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ដែល​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ក៏​មាន​រោងចក្រ​ក្នុង​ការ​កែច្នៃ​ផលិត​ផល​ពី​ផ្លែឈើ ដើម្បី​នាំ​ចេញ​ទៅ​បណ្តា​ទីផ្សារ​ទាំង​នៅក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ ហើយក្រុមហ៊ុន​ក៏​មាន​នាំចូល​នូវ​វត្ថុធាតុ​ដើម​ពី​បណ្ដា​ប្រទេសមួយចំនួន ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ ជាមួយគ្នានេះ លោក​នាយក​ប្រតិបត្តិ ក៏បានបង្ហាញបំណងវិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា ដែល​ជា​ជំនាញ​របស់​ក្រុមហ៊ុន SPC Group។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែល​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​ប្រធានក្រុមហ៊ុន និងបានគូសបញ្ជាក់អំពី​ភាព​ទាក់​ទាញ​នៃ​បរិស្ថាន​វិនិយោគ​ដែល​មាន​ភាព​ប្រាកដ​និយម អនុគ្រោះ និងបត់បែន ដោយរាជរដ្ឋាភិបាលបានដាក់ចេញ គោល​នយោបាយ ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងការលើកទឹកចិត្តនានា សម្រាប់​វិនិ​យោគិន និងធុរជន ជាពិសេសលើវិស័យកសិកម្ម។ សម្ដេចធិបតីក៏បានបន្ថែមថា វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាពមួយ ហើយរាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ដែល​រួមមានការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ការបង្កើតឱ្យមាន​នូវ​យន្តការ​ក្នុង​ការ​គាំទ្រ​ដល់​ប្រជាកសិករ ការបង្កើតនូវសមាគមកសិករទំនើប ការលើកកម្ពស់​នូវ​គុណ​ភាព​ផលិត​ផល ដើម្បីពង្រឹងនូវផលិតភាព និងគុណភាពផលិតផលកសិកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹម​នឹង​នេះ សម្ដេចធិបតី ក៏បានគូស​រំលេច​ពីគោល​នយោបាយ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​លើ​វិស័យកសិកម្ម ដែលរួមមានការលើកលែងពន្ធលើដីកសិកម្ម ពន្ធនាំចូល​សម្ភារ​កសិកម្ម និងពន្ធកសិផលកសិកម្ម ក៏ដូចជាការធានានូវតម្លៃអគ្គិសនី ការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន ប្រព័ន្ធធារាសាស្ត្រ ដែលជាកត្តាគន្លឹះជួយកាត់បន្ថយថ្លៃដើមផលិត ដើម្បី​រក្សា​នូវ​ភាព​ប្រកួត​ប្រជែង​ក្នុងទីផ្សារ។ ឆ្លើយតបទៅនឹងបំណងវិនិយោគរបស់ក្រុមហ៊ុន សម្ដេចធិបតី បាន​ស្វាគមន៍ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ស្វែង​រកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ៕