Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ធនាគារសិង្ហបុរី UOB នឹងបិទគណនីក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា

Media LNN | Jul 13, 2023
ធនាគារសិង្ហបុរី UOB នឹងបិទគណនីក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា
Clinic narith

ធនាគារយូអូប៊ី (UOB) របស់ប្រទេសសិង្ហបុរី នឹងបិទគណនីទាំង៥របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមីយ៉ាន់ម៉ា (MAI) នៅថ្ងៃទី១៥ ខែសីហា ក្រោយពីមានការលេចឮរឿងជួញដូរអាវុធនិងវត្ថុធាតុដើមក្នុងរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ។ ការសម្រេចនេះត្រូវបានធ្វើឡើង ទោះជាមានការអំពាវនាវពីក្រុមហ៊ុនអាកាសចរណ៍ដែលសុំកុំឱ្យបិទគណនីរបស់ខ្លួនក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានឌឹស្ត្រេតថាម។លិខិតមួយដែលចុះហត្ថលេខាដោយនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមីយ៉ាន់ម៉ា (MAI) លោក សារ៉ាវ៉ាណាន រ៉ាម៉ាសាមី (Saravanan Ramasamy) និងដែលផ្ញើទៅកាន់ដៃគូអាជីវកម្មនានា បានសរសេរថា ធនាគារយូអូប៊ីបានស្នើសុំការកំណត់ពេលវេលាមួយ«ដើម្បីអនុញ្ញាតឱ្យមានការផ្លាស់ប្តូរដោយរលូន និងដើម្បីកាត់បន្ថយភាពរអាក់រអួល»។

សារលិខិតដែលសារព័ត៌មានឌឹស្ត្រេតថាមបានឃើញ ក៏បានភ្ជាប់មកជាមួយនូវលិខិតពីធនាគារយូអូប៊ី ចុះថ្ងៃទី២៦ ខែមិថុនាផងដែរ។ លិខិតនោះនិយាយថា នៅត្រឹមថ្ងៃទី១ ខែកក្កដា ធនាគារនេះនឹងមិនអនុញ្ញាតឱ្យមានសាច់ប្រាក់ ឬមូលប្បទានប័ត្រណាមួយ ចូលទៅក្នុងគណនីរបស់ក្រុមហ៊ុន MAI ជាមួយធនាគារ UOB ឡើយ។ក្រុមហ៊ុនអាកាសចរណ៍អន្តជាតិមីយ៉ាន់ម៉ាក៏នឹងត្រូវបញ្ឈប់ការប្រើសេវាធនាគារ UOB សម្រាប់ការទូទាត់ទៅឱ្យក្រុមហ៊ុនផ្សេងទៀតនៅត្រឹមថ្ងៃទី២១ ខែកក្កដាដែរ ហើយនឹងគ្មាននរណាម្នាក់អាចទូទាត់ ឬផ្ទេរប្រាក់ទៅធនាគារនេះបានទៀតទេ លើកលែងតែប្រតិបត្តិការមកពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ។

ធនាគារយូអូប៊ីបាននិយាយក្នុងការឆ្លើយឆ្លងជាមួយក្រុមហ៊ុនអាកាសចរណ៍ថា បន្ទាប់ពីពេលកំណត់ថ្ងៃទី១៥ ខែសីហា សមតុល្យសាច់ប្រាក់ណាមួយដែលនៅសេសសល់ក្នុងគណនេយ្យទាំង៥របស់ក្រុមហ៊ុន MAI នឹងត្រូវផ្ទេរទៅឱ្យម្ចាស់គណនីវិញ។

ចំណាត់ការរបស់ធនាគារ UOB បានធ្វើឡើងនៅ២ខែបន្ទាប់ពីអង្គការសហប្រជាជាតិបានចេញរបាយការណ៍លម្អិតមួយស្ដីពីរបៀបដែលយោធាមីយ៉ាន់ម៉ាបាននាំចូលសព្វាវុធ និងវត្ថុធាតុដើម ក្នុងទំហំទឹកប្រាក់យ៉ាងហោចណាស់ ១ ពាន់លានដុល្លារអាមេរិក ដើម្បីផលិតអាវុធចាប់តាំងពីរដ្ឋប្រហារនៅខែកុម្ភៈ ឆ្នាំ២០២១ មក។

របាយការណ៍ចងក្រងដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក ថម អេនឌ្រូ ( Tom Andrews) កម្រាស់៥៦ទំព័រ បាននិយាយថា ធនាគារសិង្ហបុរីមួយចំនួនត្រូវបាន«ប្រើយ៉ាងទូលំទូលាយដោយក្រុមឈ្មួញអាវុធ» ក្នុងនោះមានធនាគារចំនួន៣ គឺ DBS, UOB និង OCBC ក្នុងចំណោមធនាគារផ្សេងៗទៀត ដែលគេសង្ស័យថាបានកាន់កាប់«ទុនបម្រុងដ៏ច្រើន»ដែលជាកម្មសិទ្ធិរបស់ប្រទេសមីយ៉ាន់ម៉ា៕