Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ដើមឆ្នាំ២០២៤ ក្រុមហ៊ុន Vingroup របស់វៀតណាម ដាក់ដំណើរការសេវាកម្មរថយន្តតាក់ស៊ីដើរ​ដោយថាមពលអគ្គិសនី ២,៥០០គ្រឿង នៅភ្នំពេញ

Media LNN | Dec 13, 2023
ដើមឆ្នាំ២០២៤ ក្រុមហ៊ុន Vingroup របស់វៀតណាម ដាក់ដំណើរការសេវាកម្មរថយន្តតាក់ស៊ីដើរ​ដោយថាមពលអគ្គិសនី ២,៥០០គ្រឿង នៅភ្នំពេញ
Clinic narith

 

(ហាណូយ, វៀតណាម)៖ ក្រុមហ៊ុន Vingroup របស់វៀតណាម នឹងដាក់ឱ្យដំណើរការងារសេវាកម្ម​រថ​យន្ត​តាក់ស៊ីដើរដោយថាមពលអគ្គិសនីប្រមាណ ២,៥០០គ្រឿងនៅកម្ពុជា ក្នុងខែមីនា ឆ្នាំ២០២៤​ខាង​មុខនេះ។ ក្រុមហ៊ុននឹងដាក់ឱ្យដំណើរការដំបូងក្នុងរាជធានីភ្នំពេញ បន្ទាប់មកនៅខេត្តសៀមរាប និងព្រះសីហនុ។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក ង្វៀន វៀតក្វាង (Nguyen Viet Quang) អនុ​ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Vingroup ចូលជួបសម្តែងការគួរសម​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម កាលពីរសៀល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០២៣។

លោក ង្វៀន វៀតក្វាង បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​រូបលោក និងសហការី ចូលជួបសម្តែងការគួរសម។ លោក ក៏បានសម្តែងការអបអរសាទរជូនចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

លោកអគ្គនាយកក្រុមហ៊ុន Vingroup បានជម្រាបសម្តេចធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ជាពិសេសគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជា ក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយ​ថាមពល​អគ្គិ​សនី​ចំនួន ២,៥០០គ្រឿង។ លោកបានបញ្ជាក់ថា សេវាកម្មនេះ នឹងដំណើរការជាផ្លូវការនៅក្នុងខែមីនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងជាបន្តបន្ទាប់ទៀត នៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ក្រុមហ៊ុន Vingroup ផ្តល់សេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីនៅកម្ពុជា ស្របពេលរាជរដ្ឋាភិបាល​កម្ពុជា ក៏បានដាក់ចេញគោលនយោបាយក្នុងការប្រើប្រាស់នូវថាមពលស្អាត ដែលរួមចំណែកដល់កិច្ច​គាំពារ និងថែរក្សាបរិស្ថាន។

សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបង្គំ និងគ្រឿង​បន្លាស់រថយន្តនៅកម្ពុជា សម្រាប់ការប្រើប្រាស់ក្នុងខ្សែច្រវាក់ផលិតកម្មរថយន្តនៅប្រទេសវៀតណាម ផងដែរ៕