Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោកប្រធានាធិបតីត្រាំនិងសមាជិករដ្ឋបាលរបស់លោកបានចោទប្រកាន់ថា អង្គការសុខភាពពិភពលោក (WHO) បានផ្តល់ព័ត៌មានខុសនឹងមានភាពលម្អៀង

Sang Kim | Apr 10, 2020
លោកប្រធានាធិបតីត្រាំនិងសមាជិករដ្ឋបាលរបស់លោកបានចោទប្រកាន់ថា អង្គការសុខភាពពិភពលោក (WHO) បានផ្តល់ព័ត៌មានខុសនឹងមានភាពលម្អៀង
Clinic narith

សហរដ្ឋអាមេរិកនឹងផ្អាកការផ្តល់ថវិកាទៅឲ្យអង្គការសុខភាពពិភពលោក។ នេះបើតាមប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ ដែលបាននិយាយថា អង្គការសុខភាពពិភពលោក «បានផ្តល់ព័ត៌មានខុស» អំពីការវិវត្តជឿនលឿននៃជំងឺកូវីដ១៩។

 

លោកប្រធានាធិបតីត្រាំនិងសមាជិករដ្ឋបាលរបស់លោកបានចោទប្រកាន់ទីភ្នាក់ងារអន្តរជាតិនេះថា មានការលម្អៀងទៅប្រទេសចិន ជាទីកន្លែងដែលមេរោគកូរ៉ូណាបានត្រូវគេរាយការណ៍មុនដំបូង។

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ដែលឈរនៅក្បែរលោកប្រធានាធិបតីត្រាំនៅឯសន្និសីទកាសែតកាលពីថ្ងៃពុធដោយក្រុមការងារមេរោគកូរ៉ូណារបស់សេតវិមាន បាននិយាយថា «អង្គការសុខភាពពិភពលោកមិនបានធ្វើឲ្យសម្រេចអ្វីដែលខ្លួនត្រូវធ្វើនោះទេ។ យើងនឹងវាយតម្លៃឡើងវិញអំពីថវិការបស់យើងដែលទាក់ទិនជាមួយអង្គការសុខភាពពិភពលោក (WHO) នោះ»។

 

លោកប្រធានាធិបតីត្រាំបាននិយាយថា រដ្ឋាភិបាលអាមេរិកនឹងធ្វើការសិក្សាអំពីអង្គការនោះមុនពេលសម្រេចស្តីពីការផ្តល់ថវិកានៅពេលអនាគតទៅឲ្យអង្គការសុខភាពពិភពលោក ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានផ្តល់ថវិកាទាំងអស់រាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។

 

ពីរថ្ងៃជាប់ៗគ្នាដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានវាយប្រហារអង្គការសុខភាពពិភពលោក (WHO) ហើយបានគំរាមកំហែងថវិការបស់អង្គការនោះមកពីសហរដ្ឋអាមេរិកដែលជាអ្នករួមវិភាគទានដ៏ធំបង្អស់មួយដល់ទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិនោះ។

 

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា «មេរៀនដែលបានសិក្សានឹងមានសារៈសំខាន់ដល់ការដោះស្រាយប្រកបដោយប្រសិទ្ធិភាពនៅថ្ងៃអនាគត។ ក៏ប៉ុន្តែ ឥឡូវនេះមិនមែនជាពេលវេលានោះទេ។ ឥឡូវនេះជាពេលវេលារួបរួមគ្នាជាពេលវេលាសម្រាប់សហគមន៍អន្តរជាតិធ្វើការជាមួយគ្នាក្នុងសាមគ្គីភាពដើម្បីបញ្ឈប់វីរុសនេះនិងផលវិបាករបស់វា»។

 

លោក Tedros Adhanom អគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយប្រកបដាយការក្តុកក្តួលនៅសន្និសីទកាសែតក្នុងទីក្រុងហ្សឺណែវថា «សូមកុំយករឿងវីរុស នេះធ្វើជារឿងនយោបាយ»។

 

លោក Tedros បានពិភាក្សាកាលពីថ្ងៃពុធជាមួយប្រធានាធិបតីបារាំងលោក Manuel Macron ដែលបានសម្តែងការគាំទ្ររបស់លោកដល់អង្គការសុខភាពពិភពលោក (WHO)៕