Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោកXi Jinping និងលោកBiden គ្រោងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ ដើម្បីព្យាយាម«រក្សាស្ថិរភាពទំនាក់ទំនង»នៃប្រទេសមហាអំណាចទាំងពីរ

Media LNN | Nov 11, 2023
លោកXi Jinping និងលោកBiden គ្រោងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ ដើម្បីព្យាយាម«រក្សាស្ថិរភាពទំនាក់ទំនង»នៃប្រទេសមហាអំណាចទាំងពីរ
Clinic narith

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping គ្រោងនឹងជួបប្រជុំគ្នានៅតំបន់ San Francisco នៅថ្ងៃទី ១៥ ខែវិច្ឆិកា ដើម្បីព្យាយាម «រក្សាស្ថិរភាពទំនាក់ទំនង» បន្ទាប់ពីភាពតានតឹងនាពេលថ្មីៗនេះ រវាងមហាអំណាចទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បាននិយាយថា កិច្ចប្រជុំដែលមិនត្រូវបានបញ្ជាក់ជាមុន និងមិនត្រូវបានគេរំពឹងថានឹងផ្តល់លទ្ធផលធំនោះ គឺមានបំណងបញ្ជៀសជម្លោះរវាងចិន និងសហរដ្ឋអាមេរិក។ លោក Biden និងលោក Xi នឹងពិភាក្សាផងដែរអំពីវិបត្តិសកលលោក ដូចជាសង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងភាពតានតឹងនៅលើកោះតៃវ៉ាន់ជាដើម។

មេដឹកនាំទាំងពីរ មិនបានជួបគ្នាអស់រយៈពេលមួយឆ្នាំ ចាប់តាំងពីកិច្ចប្រជុំចុងក្រោយរបស់ពួកគេនៅកោះបាលី នៃប្រទេសឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកាឆ្នាំ ២០២២ ហើយចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន បានធ្លាក់ចូលទៅក្នុងភាពតានតឹងកាន់តែខ្លាំងឡើង។

មន្ត្រីជាន់ខ្ពស់អាមេរិកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ (១០ វិច្ឆិកា) ថា «ប្រធានាធិបតីអាមេរិក លោក Biden ពិតជានឹងជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នៃសាធារណៈរដ្ឋប្រជាមានិតចិននៅក្នុងតំបន់ San Francisco Bay នៃរដ្ឋ California នៅថ្ងៃទី ១៥ ខែវិច្ឆិកានេះ»។។

មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដដែលនេះ បានគូសបញ្ជាក់បន្ថែមទៀតថា «គោលដៅរបស់ពួកគេ គឺដើម្បីព្យាយាមចាត់វិធានការដែលជាក់ស្តែង ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនមានស្ថេរភាព និងលុបបំបាត់នូវផ្នែកមួយចំនួននៃការយល់ច្រឡំ និងបើកបណ្តាញទំនាក់ទំនងថ្មី»៕