
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា នៅឆ្នាំនេះ កម្ពុជាមិនប្រឈមនឹងការខ្វះថាមពលអគ្គិសនីប្រើប្រាស់នៅក្នុងរដូវប្រាំងដូចឆ្នាំមុននោះទេ ខណៈដែលក្រសួងក៏នឹងបន្តជំរុញការតភ្ជាប់បណ្តាញអគ្គីសនីចូលភូមិឲ្យបាន ១០០ ភាគរយ និងចូលផ្ទះប្រជាពលរដ្ឋឲ្យបានយ៉ាងហោចណាស់ ៧៨ភាគរយ នៅឆ្នាំនេះដែរ។
អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល លោក វិចទ័រ ហ្សូនា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនៈភាពនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអង្គារថា ថាមពលអគ្គិសនីនៅឆ្នាំនេះ មានគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដោយពុំមានការរអាក់រអួលក្នុងការផ្គត់ផ្គង់នៅរដូវប្រាំងដូចឆ្នាំមុននោះទេ។
លោកថា៖ «ឆ្នាំនេះ យើងអត់មានការខ្វះខាតថាមពលទេ ហើយវារីអគ្គិសនីរបស់យើងក៏មានទឹកក្នុងបរិមាណប្រមាណ ៧០ ភាគរយ សម្រាប់ការផ្គត់ផ្គង់ ហើយបើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម យើងអាចនឹងមានភ្លៀងឆាប់ជាងឆ្នាំកន្លងមក»។
លោកបានឲ្យដឹងដែរថា កាលពីឆ្នាំមុន រាជរដ្ឋាភិបាល បានចរចាជាមួយប្រទេសទួគី ក្នុងការទិញនាវាដាក់ម៉ាស៊ីនភ្លើងកម្លាំង ២០០ម៉េហ្គាវ៉ាត់ ប៉ុន្តែការចរចានោះបានបរាជ័យ ដូច្នេះរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការផ្សេងទៀត ដោយទិញម៉ាស៊ីនភ្លើងកម្លាំង ២០០ម៉េហ្គាវ៉ាត់ ពីប្រទេសអាល្លឺម៉ង់ និង២០០ ម៉េហ្គាវ៉ាត់ទៀត ពីប្រទេសហ្វាងឡង់ជំនួសវិញ។ លោកបន្តថា រោងចក្រផលិតអគ្គិសនីកម្លាំង ៤០០ ម៉េហ្គាវ៉ាត់ ដែលប្រើប្រាស់ម៉ាស៊ីនភ្លើងទាំងពីរនេះ ត្រូវបានសាងសង់នៅស្រុកល្វាឯម ខេត្តកណ្តាល ដែលគិតមកដល់បច្ចុប្បន្ន ការសាងសង់សម្រេចបាន៨០ភាគរយហើយ។
ជាមួយគ្នានេះដែរ លោក វិចទ័រ ហ្សូនា បានឲ្យដឹងដែរថា គិតត្រឹមចុងឆ្នាំ២០១៩នេះ ការអភិវឌ្ឍបណ្តាញចែកចាយអគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន ១៣១៣១ ភូមិ ស្មើនឹងជាង ៩២ភាគរយ ខណៈការភ្ជាប់ចរន្តអគ្គិសនីទៅដល់លំនៅឋានប្រជាពលរដ្ឋបានចំនួន ២,៦៨ លាន ខ្នងផ្ទះ ស្មើនឹងជាង ៧៤ ភាគរយ ក្នុងចំណោមផ្ទះសរុបប្រមាណ ៣,៥៧ លានខ្នងផ្ទះ។
ជាទិសដៅការងារសម្រាប់ឆ្នាំនេះ លោកថា ក្រសួងនឹងជំរុញការតភ្ជាប់បណ្តាញអគ្គិសនីពីប្រភពចែកចាយនានា ឲ្យបានគ្រប់ភូមិនៅទូទាំងប្រទេស និងតភ្ជាប់ចូលផ្ទះប្រជាពលរដ្ឋឲ្យបាន ៧៨% ប៉ុន្តែដោយយោងលើឧបសគ្គមួយចំនួន គោលដៅនេះអាចនឹងមិនសម្រេចបាន១០០ភាគរយនោះទេ។
លោកថា៖ «កម្ពុជា មានភូមិសរុបចំនួន ១៤១៦៨ ភូមិ ក្នុងនោះភូមិចំនួន ១៣១៣១ មានអគ្គិសនីប្រើប្រាស់ ហើយនៅសល់ ១០៣៧ ភូមិទៀត ដែលយើងត្រូវតភ្ជាប់បណ្តាញអគ្គិសនីឲ្យបានក្នុងឆ្នាំនេះ ប៉ុន្តែយើងមានឧបសគ្គមួយចំនួនដែលធ្វើឲ្យយើងមិនអាចសម្រេចបានតាមផែនការកំណត់ នោះគឺមានភូមិចំនួន ២៤២ ភូមិ ជាភូមិឆ្ងាយដាច់ស្រយាល ភូមិកោះ ភូមិបណ្តែតទឹក និងភូមិលិចទឹកនៅរដូវវស្សា ដែលយើងពិបាកនឹងធ្វើការតភ្ជាប់បណ្តាញអគ្គិសនី ប៉ុន្តតែយើងសង្ឃឹមថាអាចនឹងសម្រេចផែនការឲ្យបានជាង ៩៨ ភាគរយ»។
លោក បួន សុខន ជាម្ចាស់ហាងបោកអ៊ុតមួយនៅរាជធានីភ្នំពេញ បានមានប្រសាសន៍កាលពីថ្ងៃពុធថា ការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅឆ្នាំនេះ មានភាពរលូនល្អជាងឆ្នាំមុន ដែលធ្វើឲ្យគ្រួសាររបស់លោកមិនប្រឈមនឹងបាត់បង់ប្រាក់ចំណូលដោយសារបញ្ហាអគ្គិសនីនេះ។
លោកថា៖ «កាលពីរដូវក្តៅឆ្នាំមុន ចរន្តអគ្គិសនីឧស្សាហ៍ដាច់ណាស់ ក្នុងមួយថ្ងៃៗដាច់ជាច្រើនម៉ោង ដែលធ្វើឲ្យយើងពិបាកក្នុងរកស៊ី ព្រោះហាងបោកអ៊ុតយើងប្រើម៉ាស៊ីនបោកអ៊ុត និងឆ្នាំអ៊ុតអគ្គិសនី ដូច្នេះបើដាច់ចរន្តអគ្គិសនីច្រើន យើងមិនអាចបម្រើសេវាជូនភ្ញៀវបានទាន់ពេលវេលាឡើយ ប៉ុន្តែឆ្នាំនេះឃើញថាមានភាពល្អប្រសើរជាងមុនច្រើន»។
បើតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល ប្រភពថាមពលអគ្គិសនីដែលត្រូវបានផ្គត់ផ្គង់និងចែកចាយនោះ រួមមាន វារីអគ្គិសនី ចំនួន ៣៣,៥៣ ភាគរយ ស្ថានីយ៍អគ្គិសនីដុតធ្យូងថ្ម ៣២,៦២ ភាគរយ ថាមពលនាំចូលពីប្រទេសជិតខាង ២៤,២០ ភាគរយ ប្រេងខ្មៅនិងម៉ាស៊ូត ៧,៣៣ ភាគរយ និងថាមពលកកើតឡើងវិញ ១,៣១ ភាគរយ៕