Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋគ្រោងសង់ព្រះពុទ្ធបដិមាកម្ពស់ ៤៥ម៉ែត្រ សម្រាប់ជាទីសក្តារ និងជំរុញទេសចរណ៍ក្នុងខេត្តកែប

Media LNN | Sep 27, 2023
រដ្ឋគ្រោងសង់ព្រះពុទ្ធបដិមាកម្ពស់ ៤៥ម៉ែត្រ សម្រាប់ជាទីសក្តារ និងជំរុញទេសចរណ៍ក្នុងខេត្តកែប
Clinic narith

រដ្ឋបាលខេត្តកែបគ្រោងសាងសង់ព្រះពុទ្ធរូបដ៏ធំមួយអង្គ មានកម្ពស់​៤៥ម៉ែត្រ នៅលើកំពូលភ្នំនៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ទុកជាទីសក្តារសម្រាប់ពុទ្ធសាសនិកគ្រប់រូប និងជារមណីយដ្ឋានទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តជាប់ឆ្នេរមួយនេះបន្ថែមទៀត។

គម្រោងនេះត្រូវបានបង្ហើបឱ្យដឹងតាមរយៈឯកឧត្ដម សោម  ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប តាមបណ្តាញសង្គមផ្ទាល់ខ្លួន ក្នុងឱកាសអញ្ចើញអមនិមន្តព្រះសាសនមុនីមហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាចុះពិនិត្យទីតាំងគម្រោងផ្ទាល់ នៅថ្ងៃទី២៥  ខែកញ្ញា ឆ្នាំ ២០២៣ នេះ។

ឯកឧត្ដម សោម ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងកសាងព្រះពុទ្ធរូបធំមួយអង្គនេះមានកម្ពស់ ៤៥ម៉ែត្រ នឹងត្រូវបានសាងសង់នៅលើកំពូលភ្នំ នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ ក្រៅពីរូបពុទ្ធបដិមាដ៏ធំមួយនេះ ក៏នឹងមានការសាងសង់សាលាវិបស្សនា កុដិចំនួន៦០ ផ្លូវនិងចំណតរថយន្តផងដែរ​។

ឯកឧត្ដមបានបញ្ជាក់ទៀតថា  គម្រោងនេះ គឺជាគម្រោងថ្មីមួយទៀតរបស់ខេត្តកែប សម្រាប់បម្រើឱ្យវិស័យពុទ្ធចក្រ ក៏ដូចជា ទេសចរណ៍បែបជំនឿសាសនា ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋមានការរីកចម្រើនផ្នែកចំណេះដឹង។​ជាពិសេស តាមរយៈគម្រោងនេះ អាចកៀរគរទេសចរមកទស្សនា និងប្រមូលប្រាក់ចំណូលពីគម្រោងមួយនេះ ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍នៅទូទាំងខេត្តកែបឱ្យកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានគម្រោងសាងសង់ពុទ្ធបដិមានៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួនផ្សេងទៀត ដូចជា ពិទ្ធបដិមាករកម្ពស់ ៨៨ម៉ែត្រនៅក្រុងព្រះសីហនុ និងពុទ្ធបដិមាខ្ពស់ជាងគេលើលោកមានកម្ពស់ ១០៨ម៉ែត្រ ខេត្តកំពត​ ជាដើម៕