Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋបញ្ជាក់ជាថ្មីលើករណីសំណង់នៅវត្តភូម៉ានហ្វាខេត្តបុរីរម្យប្រទេសថៃ ស្រដៀងអង្គរវត្តរបស់ខ្មែរ

Media LNN | Sep 28, 2023
រដ្ឋបញ្ជាក់ជាថ្មីលើករណីសំណង់នៅវត្តភូម៉ានហ្វាខេត្តបុរីរម្យប្រទេសថៃ ស្រដៀងអង្គរវត្តរបស់ខ្មែរ
Clinic narith

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ជាថ្មីម្តងទៀតពាក់ព័ន្ធនឹងការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ខេត្តបុរីរម្យ ប្រទេសថៃ ដែលចម្លងតាមអង្គរវត្តរបស់ខ្មែរ ក្រោយប្រជាពលរដ្ឋខ្មែរមួយចំនួនធំ បានបញ្ចេញមតិមិនពេញចិត្តចំពោះទង្វើរបស់ភាគីថៃ ខណៈសំណង់នេះនៅមិនទាន់មានការសាងសង់បន្ថែមនៅឡើយ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

ជុំវិញបញ្ហានេះ ក្រសួងបានលើកឡើងថា ករណីនៃការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសកម្មភាពនៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំតាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះបានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១មកម្ល៉េះ។

ចំណាត់ការ កន្លងមកដែលក្រសួងបានធ្វើ គឺផ្ដោតលើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃប្រចាំនៅកម្ពុជានិងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ចូនអ្នកសិក្សាស្រាវជ្រាវ ដើម្បី ចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ប៉ុន្តែស្ថានភាពនៅពេលដែលអ្នកជំនាញចុះទៅបានពិនិត្យឃើញថា សំណង់នៅមិន​ទាន់មានការសង់បន្ថែមនៅឡើយ។

 

 

ក្រសួងបានបញ្ជាក់បន្ថែមថា កម្ពុជាមានជំហរច្បាស់លាស់ក្នុងការទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណាដែលបានចម្លង​អត្តសញ្ញាណរបស់ជាតិ ដោយផ្អែកទៅលើសកម្មភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេស ការងារចុះពិនិត្យទីតាំងផ្ទាល់ និងការងារផ្លូវច្បាប់ជាតិ និងអន្តរជាតិក្នុងករណីដែលត្រូវប្រកាន់យក។

ចំពោះកិច្ចការនេះ ក្រុមការងារក្រសួង វប្បធម៌និងវិចិត្រសិល្បៈនៅតែបន្តនីតិវិធីដោះស្រាយតាមជំនាញ និងការទូត៕
មន្រ្តីក្រសួងវប្បធម៌ ៖ ក្រសួងមិនបណ្តែតបណ្តោយឱ្យមានសកម្មភាពរំលោភលើកម្មសិទ្ធិបញ្ញានៃស្នាដៃមរតកដូនតាឡើយ | CSN NEWS