Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ទឹកប្រាក់​ជាង ​១១ ​ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី១

Media LNN | Jul 12, 2023
កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ទឹកប្រាក់​ជាង ​១១ ​ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី១
Clinic narith

ភ្នំពេញៈ ការកើនឡើង​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ នារ​យៈ​ពេល ២ ​ខែ​ចុងក្រោយ បានធ្វើឱ្យ​តុល្យភាព​នៃ​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​កាន់តែ​ល្អ ខណៈ​ទឹកប្រាក់​នៃ​ការនាំចេញ​ក្នុង​ឆមាស​ទី១ ឆ្នាំ ​២០២៣ មាន​ជាង ១១​ ពាន់​លាន​ដុល្លារ កើនឡើង​តិចតួច​ធៀប​ឆមាស​ទី​១ ឆ្នាំ ​២០២២​។ នេះ​បើតាម​ស្ថិតិ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​ទិន្នន័យ​ដែល​ទើប​ចេញផ្សាយ​ក្នុង​ថ្ងៃទី​ ១០ ខែកក្កដាបង្ហាញថា ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ ក្នុង​ទឹកប្រាក់​សរុប ១១ ៤៦៤,៤៨ ​លាន​ដុល្លារ កើនឡើង ០,៧៥ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ១១ ៣៧៩,១២២ ​លាន​ដុល្លារ​។

​អ្វីដែល​ធ្វើឱ្យ​ចំនួន​ទឹកប្រាក់​នាំចេញ​នៅ​ឆមាស​ទី​១ ឆ្នាំ ​២០២៣ កើនឡើង​គឺ​ដោយសារ​ការ​នាំចេញ​រយៈពេល​២​ខែ​ចុងក្រោយ​មាន​ភាព​វិជ្ជមាន ដោយ​ខែឧសភា នាំចេញ​បាន ១ ៩៤៩,៣៥ ​លាន​ដុល្លារ​កើន ៧,៩ ​ភាគរយ និង​ខែមិថុនា ចំនួន ២ ២៨១ ​លាន​ដុ​ល្លារ កើន ១៦​ ភាគរយ​។ សម្រាប់​ការ​នាំចេញ​ដែល​ធ្លាក់ចុះ ៤​ ខែ​ជាប់​គ្នា​នា​ដើមឆ្នាំ គឺ​ខែមករា ១ ៥៦៧,៨៧​ លាន​ដុល្លារ ធ្លាក់ចុះ ១៣,៩​ ភាគរយ​, ខែកុម្ភៈ ១ ៧១៧,៤៦ ​លាន​ដុល្លារ ថយចុះ ៣,២ ​ភាគរយ​, ខែមីនា ២ ១០៦,៦៩ ​លាន​ដុល្លារ ធ្លាក់ ០,៧ ​ភាគរយ​, និង​ខែមេសា ១ ៨៤២,១១​ លាន​ដុល្លារ ធ្លាក់ចុះ ២,៥​ ភាគរយ​។​

​ចំពោះ​ទំនិញ​ដែល​កម្ពុជា​នាំចូល​ក្នុង​ឆមាស​ទី​១ ឆ្នាំ ​២០២៣ គឺមាន​ទឹកប្រាក់ ១២ ២២៩,១៨​ លាន​ដុល្លារ ធ្លាក់ចុះ ២២,៩​ ភាគរយ​ធៀប​នឹង​ឆមាស​ទី១ ឆ្នាំ​២០២២ ដែលមាន ១៥ ៨៦៤,៧២ ​លាន​ដុល្លារ​។ ផ្អែក​តាម​តួលេខ​ខាងលើ​គឺ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​សរុប ២៣ ៦៩៣,៦៦​ លាន​ដុល្លារ ធ្លាក់ចុះ ១៣ ​ភាគរយ​។ សម្រាប់​តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ ​(​ចំនួន​ទឹកប្រាក់​នាំចេញ និង​នាំចូល​) នៅក្នុង​ឆមាស​ទី​១ ឆ្នាំ ​២០២៣ គឺ​កម្ពុ​ជាមាន​ឱនភាព ៧៦៤,៧​ លាន​ដុល្លារ ខណៈ​កាលពី​ឆមាស​ទី​១ ឆ្នាំ​ ២០២២ មាន​រហូតដល់ ៤ ៤៨៥,៦ លាន​ដុល្លារ​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១០ កក្កដា ថា ក្តីបារម្ភ​ពី​បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​របស់​ប្រទេស​ធំៗ ពិសេស​សង្គ្រាម​រវាង​ប្រទេស​រុស្សី និង​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​នៅ​ស្ទើរ​គ្រប់​ប្រទេស ធ្លាក់ចុះ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ ​២០២២ រហូតដល់​ដើមឆ្នាំ​ ២០២៣​។ ទោះយ៉ាងណា​បញ្ហា​ទាំងអស់​ហាក់​រលាយ​វិញ​ខ្លះៗ​ហើយ​។ លោក​បន្តថា កំណើន​ប្រាក់​នាំចេញ​របស់​កម្ពុជា គឺ​ដោយសារ​សមត្ថភាព​ផលិត និង​ការបញ្ជាទិញ​កើនឡើង​។​

 

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​កំណើន​ការនាំចេញ​របស់​កម្ពុជា​នឹងមាន​បន្តទៀត​។ ប៉ុន្តែ​ត្រង់ចំណុច​នេះ កម្ពុជា​ក៏​មិនត្រូវ​ភ្លេច​ខិតខំ​អភិវឌ្ឍ និង​ពង្រឹងគុណភាព​ផលិតផល​របស់ខ្លួន​ដែរ ពិសេស​ផលិតផល​កសិកម្ម ព្រោះ​វា​កំពុង​ក្លាយជា​ទំនិញ​នាំចេញ​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា​»​។​

​ដោយឡែក​សម្រាប់​ចំនួន​ទឹកប្រាក់​នាំចូល​ទំនិញ​ដែល​បន្ត​ធ្លាក់ចុះ​ខាង​​លើ លោក​អះអាងថា គឺ​ដោយសារតែ​សមត្ថភាព​ផលិត​នៅ​កម្ពុជា​កំពុង​កើន​ឡើង ដែល​ជួយ​ឱ្យ​កម្ពុជា​កាត់បន្ថយ​ការនាំ​ចូល​បាន​មួយកម្រិត​។​

​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ ​លោក​ តែ តាំង​ប៉ បាន​និយាយថា ការធ្វើ​បច្ចុប្បន្ន​​ភាពជា​បន្តបន្ទាប់​ច្បាប់​វិនិយោគ ភាព​សម្បូរបែប​នៃ​កម្លាំង​ពលកម្ម និង​មានតម្លៃ​សមរម្យ ប្រព័ន្ធ​អនុគ្រោះ​ពន្ធគយ​ពី​ប្រទេស​ធំៗ ព្រមទាំង​ការចូល​ជាធរ​​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ជាច្រើន គឺ​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​។ កំណើន​ទឹកប្រាក់​នាំចេញ គឺ​បញ្ជាក់​ពី​ការកើនឡើង​នៃ​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក និង​ទីផ្សារ​បញ្ជា​ទិញ​ពី​កម្ពុជា​ផងដែរ​។​

​លោក​អះអាងថា​៖ «​ជាមួយនឹង​អ្វីដែល​កម្ពុជា​កំពុង​ធ្វើ និង​ទទួលបាន​នាពេលនេះ យើង​រំពឹងថា ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នឹង​កាន់តែ​ប្រសើរ​ថែមទៀត ពិសេស​ការនាំចេញ​ផលិតផល​កសិកម្ម និង​សិប្បកម្ម និង​ឧស្សាហកម្ម​»​។​

​ទោះយ៉ាងណា លោក​និយាយថា ប្រសិនបើ​តម្លៃ​ថាមពល និង​អគ្គិសនី​នៅ​កម្ពុជា​កាន់តែ​ទាប​ថែមទៀត​នោះ ការនាំចេញ​នឹងមាន​សម្ទុះ​ខ្លាំង​មួយកម្រិត​ទៀត ព្រោះ​វា​ជួយ​កាត់​បន្ថយថ្លៃ​ដើម ដែល​នេះ​គឺជា​ផ្នែក​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព​ភាព​ប្រកួត​​ប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​។​

​នៅក្នុង​ឆ្នាំ​ ២០២២ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មាន​ចំនួន​សរុប ៥២ ៤២៤,៥៣៩​ លាន​ដុល្លារ កើន ៩,២ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០២១ ដែលមាន​ចំនួន ៤៨ ០១១,៨​ លាន​ដុល្លារ​។ ទឹកប្រាក់​ដែល​កម្ពុជា​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ចំនួន ២២ ៤៨២,៩៣៧​ លាន​ដុល្លារ កើនឡើង ១៦,៤ ​ភាគរយ និង​ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​ទីផ្សារ​អន្តរជាតិ ២៩ ៩៤១,៦០​ លាន​ដុល្លារ កើនឡើង ៤,៣​ ភាគ​​រយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕